ប្រភពព័ត៌មាន បង្ហើប៖ លោក​ចូ បៃ​ដិ​ន ត្រៀម​តែងតាំង​មន្ត្រី​សេត​វិមាន គ្រប់គ្រង​កិច្ចការ “អាស៊ី” ជាពិសេស​ដោយឡែក

សហរដ្ឋអាមេរិក៖  អនាគត​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន មាន​ផែនការ​តែងតាំង​មន្ត្រី​ប្រចាំ​មន្ទីរ​សេត​វិមាន ឱ្យ​គ្រប់គ្រង​កិច្ចការ​ទ្វីបអាស៊ី ជាពិសេស​ដាច់ដោយឡែក ដែល​នេះ​ជា​សញ្ញា​បញ្ជាក់​អំពី​ភាព​សំខាន់​របស់​ភូមិភាគ​មួយ​នេះ និង​បង្ហាញឱ្យឃើញថា មេដឹកនាំ​សហរដ្ឋអាមេរិក​ថ្មី​រូបនេះ ចាប់ផ្ដើម​មានការ​ត្រៀម​រួចជាស្រេច ក្នុងការ​ទប់ទល់​នឹង​ការសាកល្បង​ណាមួយ ពី​ការពង្រីក​ឥទ្ធិពល​របស់​ប្រទេស​ចិន។

សារព័ត៌មាន Financial Times បាន​អាង​លើ​ទិន្នន័យ ដែល​ចេញពី​ប្រភពព័ត៌មាន​ជិតស្និទ្ធ​នឹង​ក្រុមការងារ​ផ្ទេរ-ប្រគល់​របស់លោក បៃ​ដិ​ន ដែល​បញ្ជាក់ថា លោក​អនាគត​ប្រធានាធិបតី កំពុង​ពិចារណា តែងតាំង​មន្ត្រី​ផ្នែក​កិច្ចការ​ទ្វីបអាស៊ី​ឡើង នៅក្នុង​សភា​សន្តិសុខ​ជាតិ(National Security Council) ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញថា លោក​បៃ​ដិ​ន បាន​សម្លឹង​មើលឃើញ​ពី​ភាពចាំបាច់​ខ្លាំង​បំផុត ដែល​សហរដ្ឋអាមេរិក នឹងត្រូវ​ដំណើរការ​បន្ត​យុទ្ធសាស្ត្រ  “ដោត​ភ្ជាប់​អាស៊ី” ដែល​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ជា​អ្នក​ចាប់​ផ្ដើមឡើង។

មន្ត្រី​ម្នាក់​នៃ​ក្រុមការងារ​របស់លោក​បៃ​ដិ​ន បានបញ្ជាក់​ប្រាប់ថា “អនាគត​ប្រធានាធិបតី បាន​ថ្លែង​បញ្ជាក់​យ៉ាងច្បាស់​ថា អាស៊ី-ប៉ា​ស៊ី​ហ្វ៊ិ​ក គឺជា​ភូមិភាគ​ដែល​ពោរពេញ​ទៅដោយ​ឱកាស តែ​ក៏​ជា​ភូមិភាគ ដែល​ផលប្រយោជន៍ និង​កម្រិត​និយម របស់​អាមេរិក កំពុង​ត្រូវបាន​សាកល្បង​ខ្លាំងឡើងជារឿយ”

មន្ត្រី​រូបនោះ បាន​ប្រាប់​ផងដែរ​ថា គណៈ​គ្រប់គ្រង​សហរដ្ឋអាមេរិក​ឈុត​ថ្មី នឹង​តែងតាំង “ធនធានមនុស្ស និង​គ្រោង​សាង​ដែល​ស័ក្តិសម​បំផុត” ដើម្បី​លើកតម្កើង​ផលប្រយោជន៍ និង​កម្រិត​និយម របស់​សហរដ្ឋអាមេរិក ក្នុង​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​ឡើងវិញ។

លោក​ចូ បៃ​ដិ​ន នឹងត្រូវ​ទប់ទល់ ជាមួយ​ចំណុច​លម្អិត​ដ៏​ច្រើនយ៉ាង ក្នុងឋានៈ​មេដឹកនាំ​សហរដ្ឋអាមេរិក តាំងពី​បញ្ហា​ការ​ល្មើស​សិទ្ធិមនុស្ស​ក្នុង​ភូមិភាគ​ស៊ីន​ចៀង របស់​ប្រទេស​ចិន រហូតដល់​ការព្យាយាម​រារាំង​ចលនា​ប្រជាធិបតេយ្យ ក្នុង​ទីក្រុង​ហុងកុង ហើយ​សមាជិកសភា​កុង​ហ្គ្រេ​ស នៃ​គណបក្សនយោបាយ​ទាំង២ ថែមទាំង​យល់ស្រប​ឯកភាពគ្នា​ទៀតផង​ថា មេដឹកនាំ​សហរដ្ឋអាមេរិក​ថ្មី គួរតែ​បង្ហាញ​ភាព​រឹងប៉ឹង​ម៉ឺងម៉ាត់​ចំពោះ​ប្រទេស​ចិន ឱ្យ​ខ្លាំង​ឡើង។

លោក ចេ​ហ្វ ហ្វ្រេ​ស្ខ​ត់ មន្ត្រី​នៅក្នុង​ក្រុម​ផ្ទេរ-ប្រគល់​របស់លោក​បៃ​ដិ​ន ដែល​ត្រូវបាន​គេ​សន្និដ្ឋានថា នឹង​បានទទួល​តំណែង “ស្ដេច​Tsar” ផ្នែក​អាស៊ី បានផ្ដល់​សម្ភាស​ជាមួយ​សារព័ត៌មាន Financial Times កាលពី​ខែតុលា ថា លោក​បៃ​ដិ​ន បាន​ព្យាយាម​ក្នុង​ការស្ដារ​ខ្សែបណ្ដាញ​សម្ព័ន្ធមិត្ត​របស់​អាមេរិក ឱ្យ​ត្រឡប់មក​រឹងមាំ​វិញ និង​ធ្វើការ​រួមគ្នា​ជាមួយ​អន្តរជាតិ ដើ​ម្បិ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន។

អ្នកជំនាញការ​មួយចំនួន​ជឿថា ការតែងតាំង“ស្ដេច​Tsar” ផ្នែក​អាស៊ី នឹង​ជួយ​បញ្ជូន​សញ្ញា​វិជ្ជមាន ទៅកាន់​ប្រទេស​សម្ព័ន្ធមិត្ត​ពី​ដើម​របស់​សហរដ្ឋអាមេរិក ដែល​គ្រប់គ្នា​សុទ្ធតែ​ធុញទ្រាន់ និង​រអា​ជាមួយ​នយោបាយ​ដែល​សាង​ភាព​វិលវល់​ច្របូកច្របល់​របស់លោក​ត្រាំ កន្លងមក។

ទាំងអស់នេះ លោក​បៃ​ដិ​ន ទើបតែ​ប្រកាស​តែងតាំង លោក “ច​ន ឃើ​រ​រី” អតីតរដ្ឋមន្ត្រី​ការបរទេស​ក្នុងសម័យ​លោក​អូ​បា​ម៉ា ឱ្យធ្វើជា​តំណាង​ពិសេស​ផ្នែក​ស្ថានភាព​ធាតុអាកាស ដែល​រឿងនេះ​អាច​និយាយបានថា ជា​បញ្ជាក់បន្ថែម​ពីលើ​ការ​សន្យាថា នឹង​ដឹកនាំ​សហរដ្ឋអាមេរិក ត្រឡប់​ទៅ​រួមសហការ​ជាមួយ​អន្តរជាតិ ដើម្បី​កែប​ញ្ហា​ផែនដី​ឡើងក​ម្ដៅ​ឡើងវិញ៕

ប្រភព៖ សារព័ត៌មាន Financial Times

#អរគុណសន្តិភាព