មណ្ឌលធំៗទូទាំងប្រទេស​ចិន ទិញ​វ៉ាក់សាំង​កូ​វីដ​ផលិត​ក្នុងប្រទេស តែ​នៅ​លាក់​លទ្ធផល-ផលប៉ះពាល់ ទោះជា​ចាក់​រួចហើយ​រាប់លាន​នាក់…

បរទេស៖ មណ្ឌលផ្សេងៗទូទាំងប្រទេស​ចិន បាន​កុម្ម៉ង់​ទិញ​វ៉ាក់សាំង​ប្រឆាំង​មេរោគ​វីរុស​កូ​រ៉ូ​ណា ដែល​ផលិត​នៅក្នុង​ប្រទេស បើទោះជា​មន្ត្រី​សុខភាព​សាធារណៈ រួមទាំង​ក្រុមហ៊ុន​អ្នក​ផលិត​ខ្លួនឯង​ផង មិនទាន់​បង្ហាញថា តើ​វ៉ាក់សាំង​ទាំងនោះ មាន​ប្រសិទ្ធភាព និង​ផលប៉ះពាល់​យ៉ាងណា និង​រៀបចំ​ផ្ដល់ឱ្យ​ប្រជាជន​ទាំង ១ ៤០០លាន​នាក់​បាន​ដោយ​វិធី​ណា​នៅឡើយ។

រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​ចិន បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ(UN) កាលពី​សប្ដាហ៍​កន្លងទៅ​ថា អ្នក​អភិវឌ្ឍន៍​នៅក្នុង​ប្រទេស កំពុង​ជំរុញ​ការសាកល្បង​ដំណាក់កាល​ចុងក្រោយ ខណៈដែល​ប្រទេស​អង់គ្លេស​បានអនុម័ត​ឱ្យប្រើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន ហ្វ៉ៃ​ហ្ស៊ើ​រ របស់​អាមេរិក ក្នុងករណី​អាសន្ន​ហើយ។

យ៉ាងណាក៏ដោយ ទោះជា​នៅ​មិនទាន់​បានទទួល​ការអនុម័ត​ដំណាក់កាល​ចុងក្រោយ​ក្ដី តែ​មន្ត្រី​ជំនាញ​ខាង​វេជ្ជសាស្ត្រ និង​ក្រុម​អ្នក​ប្រឈមផ្សេងៗជាង ១លាន​នាក់​នៅក្នុង​ប្រទេស​ចិន បានទទួល​ការចាក់​វ៉ាក់សាំង​រួចទៅហើយ ក្រោម​ការអនុញ្ញាត​ឱ្យប្រើ​ប្រាស់​ក្នុង​គ្រាអាសន្ន និង​មិនទាន់​មានការ​បង្ហើប​ឱ្យដឹង ពាក់ព័ន្ធ​នឹង​ផលប៉ះពាល់​បន្ទាប់បន្សំ​នៅឡើយ។

ឧស្សាហកម្ម​វេជ្ជ​ភណ្ឌ និង​ឱសថ ថ្មីៗរបស់​ប្រទេស​ចិន​ខណៈ​នេះ មាន​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ-១៩ យ៉ាងតិច ៥ប្រភេទ មកពី​ក្រុមហ៊ុន​ចំនួន៤ កំពុងស្ថិត​ក្នុងការ​សាកល្បង​នៅក្នុង​ជាង ១០ប្រទេស ដែល​រួមទាំង​ប្រទេស​រុស្ស៊ី អេ​ហ្ស៊ី​ប និង​មិ​ក​ស៊ិ​ក​ផងដែរ ដោយ​អ្នកជំនាញ​បាន​បញ្ជាក់ថា ទោះជា​ទទួលបាន​ជោគជ័យ​មែន តែ​កម្មវិធី​ក្នុងការ​ស្នើសុំ​លិខិតធានា​នៅក្នុង​ប្រទេស​អាមេរិក អឺរ៉ុប ជប៉ុន និង​ប្រទេស​អភិវឌ្ឍន៍​ហើយ​ផ្សេងទៀត អាច​នឹងមាន​ភាពស្មុគស្មាញ​ខ្លាំង រហូតដល់​វ៉ាក់សាំង​ទាំងនោះ មិនបាន​ទទួល​ការអនុញ្ញាត​ឱ្យប្រើ​នៅក្នុង​ប្រទេស​ទាំងនោះ តែ​យ៉ាងណាក្ដី ប្រទេស​ចិន​បាន​អះអាងថា នឹង​ធ្វើឱ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​ទាំងឡាយ បាន​ចូលដល់​ផលិតផល​របស់ខ្លួន ក្នុងតម្លៃ​ដែល​អាច​ទិញ​បាន។

កាលពី​ខែ​កន្លងទៅ ក្រុមហ៊ុន China National Pharmaceutical Group ឬ SinoPharm អ្នក​អភិវឌ្ឍន៍​វ៉ាក់សាំង​មួយទៀត ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​ឱសថ​ទាំងឡាយ​របស់​ប្រទេស​ចិន បានឱ្យដឹងថា ខ្លួន​បានដាក់​ពាក្យស្នើសុំ​ការអនុម័ត​ដំណាក់កាល​ចុងក្រោយ ដើម្បី​ប្រើ​វ៉ាក់សាំង​នៅក្នុង​ប្រទេស​ចិន​ហើយ ខណៈដែល​អ្នក​អភិវឌ្ឍន៍​ជាច្រើន​ទៀត បានទទួល​ការអនុម័ត​លើ​ការប្រើប្រាស់​ក្នុង​គ្រាអាសន្ន លើ​ក្រុមមនុស្ស​ដែល​ត្រូវបាន​ចាត់ទុកថា មាន​ភាព​ប្រឈម​ក្នុង​ការឆ្លង​មេរោគ​ខ្ពស់​រួចហើយ។

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ បាន​រាយការណ៍ ដោយយោង​លើ​ការ​បង្ហើប​ឱ្យដឹង របស់លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ឈុន​ឡាន ដែល​ទទួលខុសត្រូវ ការ​ទប់ទល់​មេរោគ​កូ​វីដ-១៩ថា ប្រទេស​ចិន​ត្រូវ​ត្រៀមខ្លួន​ជាស្រេច សម្រាប់​ការផលិត​វ៉ាក់សាំង​ក្នុង​បរិមាណ​ដ៏​ច្រើន។

ទោះជា​ខាង​រដ្ឋការ​ចិន មិនទាន់បាន​បញ្ជាក់ថា មាន​ផែន​ការចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​ក្នុង​ចំនួន​ច្រើន ឬ​តិច​ប៉ុនណា​ក៏ដោយ តែ​លោក​ស៊ុន បានឱ្យដឹងថា តាម​ផែនការ នឹងមាន​ការចាក់​វ៉ាក់សាំង​ឱ្យ​មន្ត្រី​នៅតាម​ព្រំដែន និង​ប្រជាជន​ក្នុង​ក្រុម​ប្រឈមផ្សេងៗ នៅក្នុង​ខែ​នេះ។

ខណៈពេល​ជាមួយគ្នា ក្រុមហ៊ុន​ផលិត​ឱសថ​ចិន បាន​ប្រើ​តិច​និក​ពី​បុរាណ ច្រើនជាង​ក្រុមហ៊ុន​ផលិត​ឱសថ​នៅ​ប្រទេស​លោកខាងលិច ដូចជា វ៉ាក់សាំង​របស់​ចិន អាច​រក្សាទុក​បាន​ក្នុង​សីតុណ្ហភាព ២-៨អង្សា​C ខណៈដែល​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រវិ​ញ ត្រូវ​រក្សាទុក​សីតុណ្ហភាព-៧០អង្សា​C។

អ្នកជំនាញការ​ជាច្រើន​នាក់​បាន​សង្ស័យថា ហេតុអ្វី​បានជា​ប្រទេស​ចិន នាំយក​វ៉ាក់សាំង​ដែល​កំពុងស្ថិត​ក្នុងការ​សាកល្បង ទៅ​ចាក់ឱ្យ​មនុស្ស​ក្រុមធំៗ ទាំង​ដែល​ខ្លួន​អាច​គ្រប់គ្រង​ការឆ្លង​រាលដាល​នៅក្នុង​ប្រទេស​បាន​ភាគច្រើន​រួចទៅហើយ​នោះ?  និង​ខណៈ​ពេលនេះ មណ្ឌល​ជាច្រើន​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ក្នុង​ចំនួន​ដ៏​ច្រើន ពី​អ្នក​ផលិត​នៅក្នុង​ប្រទេស ដូចជា ស៊ី​ណូ​វ៉ា​ក់ និង​ស៊ី​ណូ​ហ្វ៉ា​ម ដែល​បានទទួល​ការអនុម័ត​ឱ្យប្រើ​ក្នុងករណី​អាសន្ន​បាន​តាំងពី​ខែកក្កដា ដោយ​ក្រុម​ដែលមាន​ភាព​ប្រឈម​ខ្លាំង នឹង​បានទទួល​ការចាក់​វ៉ាក់សាំង​មុនគេ។

កាលពី​ខែ​កន្លងទៅ លេខាធិការ​បក្ស​កុម្មុយនីស្ត បាន​បង្ហើប​ឱ្យដឹងថា ប្រជាជន​ជិត ១លាន​នាក់ បានទទួល​ការចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន ស៊ី​ណូ​ហ្វ៉ា​ម រួចរាល់​ហើយ។

ក្រៅពីនោះ កាលពីពេល​មុននេះ មន្ត្រី​សុខភាព​សាធារណៈ ថែមទាំង​បានឱ្យដឹង​ទៀតផង​ថា ប្រទេស​ចិន​នឹង​អាច​ផលិត​វ៉ាក់សាំង​បាន ៦១០លាន​ដូ​ស ក្នុងអំឡុង​ដំណាច់​ឆ្នាំនេះ និង​កើនឡើង ១ ០០០ដូ​ស​នៅ​ឆ្នាំ​ខាងមុខ។

ទោះជា​យ៉ាងនេះ​ក្ដី ក្រុមហ៊ុន​ថ្នាំពេទ្យ​របស់​ប្រទេស​ចិន​ទាំងនោះ មិនទាន់​បង្ហើប​ឱ្យដឹងថា តើ​វ៉ាក់សាំង​របស់ខ្លួន មាន​ប្រសិទ្ធភាព​ក្នុងការ​តតាំង​វីរុស​កូ​រ៉ូ​ណា និង​មាន​ផលប៉ះពាល់​យ៉ាងណាខ្លះ​នៅឡើយ។

បច្ចុប្បន្ន វ៉ាក់សាំង​របស់​ក្រុមហ៊ុន ស៊ី​ណូ​ហ្វ៉ា​ម កំពុងស្ថិត​ក្នុងអំឡុង​ពេល​សាកល្បង​ខាង​គ្លីនិក(ការព្យាបាល) ជាមួយ​អ្នកស្ម័គ្រចិត្ត​ជិត ៦០ ០០០នាក់ នៅក្នុង ១០ប្រទេស រួមទាំង សហរដ្ឋអារ៉ាប់ អេ​មី​រេ​ត អេ​ហ្ស៊ី​ប ចរ​ដិ​ន ប៉េ​រូ និង​អា​ហ្ស​ង់​ទីន ជាដើម ហើយ​ក្រុមហ៊ុន​មួយ​នេះ ថែមទាំង​បាន​កសាង​រោងចក្រ ២កន្លែង​ទៀត​នៅក្នុង​ប្រទេស​ចិន ដែល​អាច​ផលិត​វ៉ាក់សាំង​បាន​ក្នុង ១ឆ្នាំ​បាន ២០០លាន​ដូ​ស​ទៀតផង។

ចំណែក​ក្រុមហ៊ុន ស៊ី​ណូ​វ៉ា​ក់ វិញ កំពុង​សាកល្បង​វ៉ាក់សាំង​របស់ខ្លួន នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល តួរ​គី និង​ឥណ្ឌូនេស៊ី ដោយ​ទិន្នន័យ​ដែល​បាន​បង្ហើប​ចេញមក​កាលពីពេលថ្មីៗចុងក្រោយ​នេះ បាន​បញ្ជាក់ថា ក្រុម​អ្នកស្ម័គ្រចិត្ត​ដែល​បាន​ទទួលបាន​វ៉ាក់សាំង​ហើយ បាន​ផលិត​អង់ទីគ័រ បាន​តិចជាង​អ្នក​ដែលជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ-១៩ ហើយ​ស៊ី​ណូ​វ៉ា​ក់​រំពឹងថា នឹង​ផលិត​វ៉ាក់សាំង​បាន ២០០-៣០០លាន​ដូ​ស ក្នុងអំឡុង​ខែកុម្ភៈ ឬ​មីនា នា​ឆ្នាំ​ខាងមុខ។

ចំណែក​អ្នក​ផលិត​របស់​ប្រទេស​ចិន មួយទៀត​គឺ ឃែ​ន​ស៊ី​ណូ កំពុង​សាកល្បង​វ៉ាក់សាំង​នៅក្នុង​ប្រទេស​រុស្ស៊ី ប៉ា​គី​ស្ថាន និង​មិ​ក​ស៊ិ​ក ដោយ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​មួយ​នេះ បានទទួល​ការអនុម័ត​ឱ្យប្រើ​ក្នុងករណី​អាសន្ន​នៅក្នុង​កងទ័ព​ចិន​រួចហើយ និង​ក្រុមហ៊ុន​ទី៤ គឺ អាន់​ហ៊ុយ ចឺ​ហ្វ៊ើ​យ លុង​ខឺ បៃ​អូ​ឡូ​ជិ​ក ហ្វ៉ា​ម៉ា​ស៊ី កំពុង​សាកល្បង​វ៉ាក់សាំង​ដំណាក់កាល​ចុងក្រោយ ទូទាំងប្រទេស​ចិន​ដូចគ្នា៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព