ចាត់ការ​វិញ​យ៉ាង​ធ្ងន់!! សហរដ្ឋអាមេរិក​ត្រៀម​ដាក់ទណ្ឌកម្ម មន្ត្រី​ចិន​ជាច្រើន​សិប​នាក់​ទៀត សងសឹក​ការ​កាត់​សិទ្ធិ​សមាជិកសភា​ប្រជាធិបតេយ្យ​ហុងកុង

សហរដ្ឋអាមេរិក៖  កំពុង​ត្រៀម​កំណត់​វិធានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ទៅលើ​មន្ត្រី​ចិន យ៉ាងតិច​បំផុត​ជាង ១០នាក់​ទៀត ចំពោះ​ករណី​ដែល​អ្នក​ទាំងនោះ មាន​តួនាទី​ក្នុងការ​សម្រេច​កាត់​សិទ្ធិ​សមាជិកសភា​ហុងកុង​ភាគីប្រឆាំង។ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​ព័ត៌មាន​នេះ ដោយ​អាង​លើ​ប្រភពព័ត៌មាន​ជិតស្និទ្ធ ៣រូប។

ប្រភពព័ត៌មាន​បា​នប​ង្ហើ​ប​ប្រាប់​រ៉​យ​ទ័​រ ថា សកម្មភាព​នេះ នឹង​ចាប់​ផ្ដើមឡើង​នាពេលឆាប់ៗបំផុត​នេះ គឺ​ថ្ងៃ​ចន្ទ(ទី៧ធ្នូ) នេះ ដោយ​នឹង​តម្រង់​គោលដៅ​ចាត់ការ​បណ្ដា​មន្ត្រី​មកពី​បក្ស​កុម្មុយនីស្ត​ចិន(CCP) ក្នុងខណៈដែល​រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នៅតែ​ដំណើរ​ការដាក់​សម្ពាធ​ទៅលើ​ក្រុង​ប៉េកាំង ទោះជា​កំពុង​ស្ថិតក្នុង​សប្ដាហ៍ចុងក្រោយៗ នៃ​ការគ្រប់គ្រង​អំណាច​ក៏ដោយ។

ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក និង​មន្ទី​សេត​វិមាន បាន​បដិសេធ​បញ្ចេញ​ការយល់ឃើញ​ចំពោះ​របាយការណ៍​នេះ។

រ៉​យ​ទ័​របា​ន​ស្រង់​សម្ដី​របស់​ប្រភពព័ត៌មាន ២រូប​ថា មាន​មន្ត្រី​ថ្នាក់​ខ្ពស់បំផុត ១៤រូប ក្នុងនោះ​រួមទាំង​មន្ត្រី​នៅក្នុង​រដ្ឋសភា​របស់​ប្រទេស​ចិន ឬ​សភា​ប្រជាជន​ចិន និង​សមាជិក​របស់​បក្ស​កុម្មុយនីស្ត​ចិន​ផង​នោះ ប្រហែលជា​នឹង​ក្លាយជា​មុខសញ្ញា នៃ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ជុំ​ថ្មី​ចុងក្រោយ​បំផុត​នេះ ដែលមាន​ដូចជា បង្កក​ទ្រព្យសម្បត្តិ និង​វិធានការ​ដាក់ទណ្ឌកម្ម​ខាង​ហិរញ្ញវត្ថុ​ជាដើម។

មន្ត្រី​សហរដ្ឋអាមេរិក ដែល​មិន​មានបំណង​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា មាន​បុគ្គល​ជាច្រើនរូប នឹងត្រូវ​រង​ទណ្ឌកម្មសេដ្ឋកិច្ច ហើយ​បុគ្គល​ដែល​ជិតស្និទ្ធ​ជាមួយ​ប្រធានបទ​នេះ បាន​បន្ថែមទៀតថា ក្រុម​ដែល​ត្រូវ​រង​ទណ្ឌ​កម្មនេះ ក្នុងនោះ ប្រហែល​ជាមាន​ទាំង​មន្ត្រី​ក្រុង​ហុងកុង និង​ចិនដីគោក​ផងដែរ តែ​ទោះជា​យ៉ាងណាក្ដី ប្រភពព័ត៌មាន មិនបាន​បញ្ជាក់​ឈ្មោះ ឬ​មុខតំណែង​របស់​បុគ្គល ដែល​អាច​ធ្លាក់ខ្លួន​ជា​មុខសញ្ញា​នៃ​វិធានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច លើក​នេះ​ទេ។

ទោះជា​យ៉ាងនោះ​ក៏ដោយ ប្រភពព័ត៌មាន បាន​បង្ហើប​ថា មាន​ភាព​អាចទៅរួច​បាន​ថា ការ​ថ្លែង​ព័ត៌មាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​នេះ អាច​នឹងត្រូវ​ពន្យារពេល​រហូតដល់​ចុង​សប្ដាហ៍​នេះ។

កាលពី​ខែ​កន្លងទៅ រដ្ឋបាល​ហុងកុង ដែល​ទទួលបាន​ការគាំទ្រ​ពី​ក្រុង​ប៉េកាំង បានប្រកាស​ឱ្យ​សមាជិកសភា​នីតិបញ្ញត្តិ ភាគី​ប្រជាធិបតេយ្យ ៤រូប ខ្វះ​គុណសម្បត្តិ​ក្នុងការ​គ្រង​តំណែង បន្ទាប់ពី​រដ្ឋសភា​រប​ស់​ប្រទេស​ចិន បានប្រគល់​អំណាច​ឱ្យទៅ​មន្ត្រី​របស់​ក្រុង​ហុងកុង ដើម្បី​គ្រប់គ្រង​អ្នក​ដែល​យល់ឃើញ​ផ្ទុយ ជា​សកម្មភាព​ដែល​ជំរុញឱ្យមាន​ការលាឈប់​ជា​ក្រុម របស់​សមាជិកសភា ភាគីប្រឆាំង​របស់​សភា​នីតិបញ្ញត្តិ នៅក្នុង​ទឹកដី​អតីត​អាណានិគម​របស់​អង់គ្លេស​មួយ​នេះ។

ក្រៅពី​វា​បាន​បង្ក​នូវ​ក្ដីកង្វល់​ដល់​ប្រទេស​លោកខាងលិច​ហើយ​នោះ ខាង​ក្រុម ៥ប្រទេស​សម្ព័ន្ធមិត្ត​ដើម្បី​ប្ដូ​ផ្លាស់ និង​ចែករំលែក​ទិន្នន័យ​សម្ងាត់(Five Eyes) ដែល​ប្រកបដោយ អូស្ត្រាលី អង់គ្លេស កាណាដា នី​វ​ហ្ស៊ី​លែ​ន​ដ៍ និង​សហរដ្ឋអាមេរិក បានបញ្ជាក់​កាលពី​ខែ​កន្លងទៅ​ថា សកម្មភាព​ទាំងនោះ មើលទៅ​ហាក់ដូចជា ផ្នែក​មួយ​ក្នុង​នយោបាយ​បិទ​ភ្នែក បិទ​ត្រចៀក​ក្រុម​អ្នក​រិះគន់ និង​ទាមទារ​ឱ្យ​ក្រុង​ប៉េកាំង​ផ្លាស់ប្ដូរ​ដំណើរ​ផ្លូវ​នេះ។

លោក រ៉ូ​ប៊ើ​ត អូ​ប្រាយ​អេ​ន ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ នៃ​មន្ទីរ​សេត​វិមាន បានបញ្ជាក់​ប្រាប់​កាលពី​ខែវិច្ឆិកា​ថា ការសម្រេចចិត្ត​នេះ បាន​ពិសោធ​ឱ្យឃើញថា អំណាច​គ្រប់គ្រង​ខ្លួនឯង​របស់​ក្រុង​ហុងកុង ដែល​ប្រទេស​ចិន​ធ្លាប់បាន​សន្យា​ក្រោម​រូបមន្ត ប្រទេស១ ប្រព័ន្ធ២ កាលពី​គ្រា​ដែល​អង់គ្លេស​ផ្ទេរ-ប្រគល់ កោះ​មួយ​នេះ​ទៅឱ្យ​ចិន​ក្នុង​ឆ្នាំ១៩៩៧នោះ គឺ​គ្រាន់តែ​ជាស​ម្ដី ដែល​និយាយ​ឡើង ដើម្បី​បិទបាំង​កំហុស​របស់ខ្លួន​តែប៉ុណ្ណោះ ហើយ​លោក​បាន​អះអាងថា សហរដ្ឋអាមេរិក នឹងមាន​វិធានការផ្សេងៗបន្ថែមទៀត​ជាមិនខាន។

កាលពី​ខែតុលា ក្រសួងការបរទេស​ស​ហ​រដ្ឋ​អាមេរិក បាន​ដាស់តឿន​បណ្ដា​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ទាំងឡាយ ថា ការធ្វើ​ធុ​រកម្ម​ណាមួយ ជាមួយ​បុគ្គល​ដែល​ត្រូវបាន​គេ​ដឹងថា ស្ថិតនៅ​ពីក្រោយ​ការបង្ក្រាប​របស់​ប្រទេស​ចិន ទៅលើ​មជ្ឈមណ្ឌល​កណ្ដាល​ខាង​ហិរញ្ញវត្ថុ(ទីក្រុង​ហុងកុង)មួយ​នេះ ស្ថាប័នហិរញ្ញវត្ថុ​នោះ អាច​នឹងត្រូវ​ប្រឈម​នឹង​វិធានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាង​តឹងរ៉ឹងភ្លាមៗតែម្ដង។

កាលពីពេល​មុននេះ ក្រុង​វ៉ាស៊ីនតោន បានកំណត់​វិធានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​លោកស្រី ឃែ​រ​រី ឡា​ម អ្នកគ្រប់គ្រង​ខ្ពស់បំផុត​របស់​ក្រុង​ហុងកុង, បណ្ដា​មេបញ្ជាការ​ប៉ូលិស​របស់​ក្រុង​ហុងកុង ទាំង​អតីត និង​បច្ចុប្បន្ន រួមទាំង​មន្ត្រី​លំដាប់​ខ្ពស់ដទៃៗទៀត កាលពី​ខែសីហា ចំពោះ​អ្វីដែល​ក្រុង​វ៉ាស៊ីនតោន ហៅថា កំពុង​បន្ត​តួនាទី​កម្រិត​សិទ្ធិសេរីភាព និង​បង្ក្រាប​ចលនា​ទាមទារ​ប្រជាធិបតេយ្យ។

កាលពី​ខែវិច្ឆិកា ក្រសួងការបរទេស និង​ក្រសួង​រតនាគារ​សហរ​ដ្ឋ​អាមេរិក បានកំណត់​វិធានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ចាត់ការ​លើ​មន្ត្រី​ចិន បន្ថែមទៀត​ចំនួន ៤នាក់ ប្រកបដោយ អគ្គនាយករង​របស់​ទីភ្នាក់ងារ​កិច្ចការ​ហុងកុង និង​ម៉ា​កាវ, មេបញ្ជាការរង​ប៉ូលិស​ហុងកុង និង​មន្ត្រី ២រូប​ទៀត ក្នុង​ការិយាល័យ​សន្តិសុខ​ជាតិ ដែល​ទើប​ត្រូវបាន​បង្កើតឡើង​ថ្មី នៅក្នុង​ទីក្រុង​ហុងកុង ដោយបាន​ដាក់​បម្រាម​លើ​ការធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក និង​អាច​នឹង​បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ទាំងនោះ​នៅក្នុង​សហរដ្ឋអាមេរិក​ទៀតផង។

កន្លងមក ក្រុង​ប៉េកាំង តែងតែ​ចេញមក​ថ្កោលទោស​វិធានការ ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​ប្រធានបទ​ក្រុង​ហុងកុង និង​ហៅ​វិធានការ​នោះ​ថា ជាការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព