ចាប់ផ្ដើម​មានសង្ឃឹម!! ប្រទេស​ឥណ្ឌូនេស៊ី បានទទួល​វ៉ាក់សាំង ១ឈុត​ដំបូង​ពី​ប្រទេស​ចិន ១,២លាន​ដូ​ស

បរទេស៖ លោក​ប្រធានាធិបតី ចូ​ខូ វី​ដូ​ដូ នៃ​ប្រទេស​ឥណ្ឌូនេស៊ី បានឱ្យដឹងថា វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ-១៩ មកពី​ប្រទេស​ចិន ឈុត​ដំបូង បានធ្វើ​ដំណើរ​មកដល់​ហើយ កាលពី​ថ្ងៃអាទិត្យ(ទី៦ធ្នូ) ខណៈ​រដ្ឋបាល កំពុង​ត្រៀម​គ្រោងការ ចែកចាយ​វ៉ាក់សាំង​នេះ​ជូន​ប្រជាជន ២៧០លាន​នាក់​ទូទាំងប្រទេស។

លោក​ប្រធានាធិបតី “ចូ​ខូ​វី” បានបញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែង​ព័ត៌មាន តាម​ប្រព័ន្ធ​អន​ឡាញ​ថា ឥណ្ឌូនេស៊ី ទើបបាន​ទទួល​វ៉ាក់សាំង​របស់​ក្រុមហ៊ុន ស៊ី​ណូ​វ៉ា​ក់ បៃ​អូ​ថេ​ក ចំនួន ១,២លាន​ដូ​ស ដោយ​វ៉ាក់សាំង​មួយ​នេះ បានចាប់ផ្ដើម​ធ្វើការ​សាកល្បង ក្នុងប្រទេស​ឥណ្ឌូនេស៊ី តាំងពី​ខែសីហា​មកម្ល៉េះ។

ទាំងអស់នេះ រដ្ឋបាល​ឥណ្ឌូនេស៊ី បាន​រំពឹងថា នឹង​បានទទួល​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ បន្ថែមទៀត ១,៨លាន​ដូ​ស ក្នុងអំឡុង​ដើមខែ​មករា ឆ្នាំ​ថ្មី។

ប្រទេស​ប្រេ​ស៊ី​ល និង​តួរ​គី ជា​ប្រទេស ២ទៀត ដែល​កំពុងស្ថិត​ក្នុងអំឡុង​ពេល​សាកល្បង​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ក្នុងដំណាក់កាល​ចុងក្រោយ ដោយ​លទ្ធផល​នៃ​ការសាកល្បង​ក្នុង​រយៈ​ដំបូង នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល ត្រូវបាន​គេ​រំពឹងថា នឹង​ចេញមក​នៅ​អំឡុងពេល​ពាក់កណ្ដាល​ខែ​នេះ។

មេដឹកនាំ​ប្រទេស​ឥណ្ឌូនេស៊ី បាន​បញ្ជាក់ថា ឥណ្ឌូនេស៊ី នឹង​បានទទួល​វត្ថុធាតុដើម សម្រាប់​ផលិត​វ៉ាក់សាំង​ចំនួន ១៥លាន​ដូ​ស និង ៣០លាន​ដូ​ស​ទៀត នៅក្នុង​ខែ​នេះ និង​ខែមករា ឆ្នាំ​ថ្មី តាម​លំដាប់។

វ៉ាក់សាំង​មួយ​នេះ ថែមទាំង​ត្រូវ​ឆ្លងកាត់​ការវាយតម្លៃ ដោយ​ទីភ្នាក់ងារ​អាហារ និង​ថ្នាំ របស់​ឥណ្ឌូនេស៊ី(BPOM) ខណៈដែល​រដ្ឋបាល ត្រៀម​ដំណើរ​ការឱ្យ​រួចជាស្រេច សម្រាប់​ការចែក​ចាយ​វ៉ាក់សាំង​ជូន​ប្រជាជន ចំនួន ២៧០លាន​នាក់​ទូទាំងប្រទេស។

លោក ចូ​ខូ​វី បាន​ថ្លែងថា “យើង​បាន​ត្រៀម​កិច្ចការ​នេះ​អស់​ជាច្រើន​ខែ​មកហើយ ដោយបាន​ធ្វើការ​ហាត់​សម​ប្រុងប្រៀប​ស្ថានការណ៍ នៅក្នុង​ខេត្ត​ជាច្រើន ហើយ​ខ្ញុំ​ជឿជាក់ថា បើ​មានការ​សម្រេចចិត្ត យើង​ក៏​នឹង​អាច​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​បាន​ភ្លាម​តែម្ដង ព្រោះ​គ្រប់យ៉ាង​បាន​ត្រៀម​រួចរាល់​អស់ហើយ”

តួលេខ​អ្នក​ឆ្លង​មេរោគ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី មាន​សញ្ញា​ថា ហក់​ឡើង​ខ្ពស់ ក្នុងអំឡុង​ប៉ុន្មាន​សប្ដាហ៍​កន្លងមកនេះ ដោយ​ចំនួន​អ្នកជំងឺ សរុប ៥៧៥ ៧៩៦នាក់ កាលពី​ថ្ងៃអាទិត្យ(ទី៦ធ្នូ) និង​មាន​អ្នកស្លាប់​ចំនួន ១៧ ៧៤០នាក់ ខ្ពស់​ជាងគេ​បំផុត​ក្នុង​ក្រុម​ប្រទេស​អាស៊ាន៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ

#អរគុណសន្តិភាព