តើ​ការធ្វើ​រដ្ឋប្រហារ អាច​កែ​បញ្ហា​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​ថៃ បាន​មែនឬ?

ប្រទេស​ថៃ៖ កាលពី​ថ្ងៃទី៧ ខែធ្នូ ម្សិលមិញ វេ​ប​សាយ​ព័ត៌មាន​ល្បីល្បាញ​មួយ​របស់​ប្រទេស​ថៃ បាន​ចុះផ្សាយ​អត្ថបទ​វិភាគ​មួយ ដែលមាន​ចំណងជើង​ថា តើ​ការធ្វើ​រដ្ឋប្រហារ អាច​កែ​បញ្ហា​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​ថៃ បាន​មែនឬ?  ដោយ​ក្នុងនោះ អ្នកវិភាគ​ព័ត៌មាន បាន​សរសេរ​រៀបរាប់ថា៖ ក្នុងខណៈដែល​បាតុកម្ម​នយោបាយ កំពុងដំណើរការ​ទៅ​មុខជា​បន្តបន្ទាប់ និង​មាន​សញ្ញា​ថា អាច​នឹង​កើតមាន​អំពើហិង្សា​ធំ​ឡើង ដែល​បណ្ដាលមកពី​ក្រុមបាតុករផ្សេងៗ បាន​ប៉ះទង្គិច​គ្នា ដូច​កាលពីពេលថ្មីៗនោះ បានធ្វើឱ្យ​កើតមាន​ក្រសែ​ព័ត៌មាន​ខ្សិ​ប​ខ្សៀវ ថា​នឹងមាន​ការធ្វើ​រដ្ឋប្រហារ​កើតឡើង ដោយបាន​ផ្សព្វផ្សាយ​ចែករំលែក​ដំណឹង​នេះ​នៅតាម​បណ្ដាញ​សង្គម យ៉ាង​គួរឱ្យ​ចាប់អារម្មណ៍ ដែល​រឿងហេតុ​ទាំងឡាយ​បន្ត​ពីនេះ​ទៅ អាច​នឹង​កើតឡើង​តាមរយៈ​ការសន្និដ្ឋាន ដោយ​អាស្រ័យ​លើ​បច្ច័យ​ដូចតទៅ​នេះ…៖

១-ការរំលោភ​ស្ថាប័ន​ព្រះមហាក្សត្រ របស់​បណ្ដា​មេដឹកនាំ​បាតុកម្ម “ប្រជារាស្ត្រ” ដូចជា​លោក អា​នុ​ន ណាំ​ផា និង​កញ្ញា ប៉ា​ណាត់​សា​យ៉ា ស៊ិត​ធិ​ជិ​រ៉ៈ​វ៉ា​ត់​ថា​ណាក់​គុន ជាដើម បាន​ប្រព្រឹត្តទៅ​កាន់តែខ្លាំង​ក្លាឡើងៗ គួបផ្សំ​នឹង​សេចក្ដីព្រាង​រដ្ឋធម្មនុញ្ញ​ច្បាប់ អៃ-ឡ មិនអាច​ឆ្លង​រដ្ឋសភា​បាន និង​ខណៈពេល​ជាមួយគ្នា ចំណុច​ទាមទារ ឱ្យមាន​ការកែសម្រួល​ស្ថាប័ន​ព្រះមហាក្សត្រ របស់​ក្រុមបាតុករ ១ក្រុម​នេះ មិន​បានទទួល​ការគាំទ្រ​ពី​ប្រជាជន​ភាគច្រើន រួមទាំង​កើតមាន​ក្រុម​អ្នកការពារ​ស្ថាប័ន​ព្រះមហាក្សត្រ​ឡើង និង​មានការ​ប្រមូល​ផ្ដុំគ្នា​ធ្វើបាតុកម្ម​គាំទ្រ ដំណាលៗគ្នា សឹងតែ​គ្រប់ពេល​ផង​នោះ ទើប​ធ្វើឱ្យ​កើតមាន​ភាព​ប្រឈម​ក្នុងការ​ប៉ះទង្គិច​គ្នា ក្នុង​ទ្រង់ទ្រាយ​ធំ​ឡើង។

២-នៅក្នុង​ការប្រមូលផ្ដុំរ​បស់​ក្រុម​បាតុកម្ម “ប្រជារាស្ត្រ” ទាំង ២លើក​កន្លងមក មាន​មនុស្ស​រងរបួស​ដោយសា​រ​គ្រាប់កាំភ្លើង ដូច្នេះហើយ ទើប​នេះ​ជា​សញ្ញា​មួយ​បញ្ជាក់ថា ក្នុងការ​ប្រមូលផ្ដុំ​លើក​ក្រោយ អាច​នឹងមាន​អំពើហិង្សា​កើនឡើង ខ្លាំង​ជាង​ដូចដែល​ធ្លាប់បាន​កើតឡើង​រួចមកហើយ ក៏​អាច​ថា​បានដែរ។

៣-លោក​ឧត្ដមសេនីយ៍ឯក ប្រា​យុ​ធ ចាន់​អូ​ឆា នាយករដ្ឋមន្ត្រី បានប្រកាស​ប្រើ​ច្បាប់​គ្រប់ប្រការ (រួមទាំង​ច្បាប់​ការពារ​ព្រះមហាក្សត្រ​ផង) ដើម្បី​ចោទប្រកាន់​ទៅលើ​ក្រុមបាតុករ ដែល​ល្មើសច្បាប់ ដែល​រឿងនេះ ប្រាកដ​ណាស់​ថា ចាប់ពីពេលនេះ​តទៅ ក្រុមបាតុករ ជាពិសេស​មេដឹកនាំ​ក្រុម “ប្រជារាស្ត្រ” នឹងត្រូវ​ចាប់ខ្លួន ដើម្បី​ដំណើរការ​តាមផ្លូវ​ច្បាប់​ជាមិនខាន ហើយ​បើសិនជា​ហេតុការណ៍ នឹង​កើតឡើង​បែប​នោះ​មែន ក្រុមបាតុករ​ដែល​ចូលរួម​ការប្រមូលផ្ដុំ ដែល​ជឿជាក់ និង​ស្មោះស្ម័គ្រ​ចំពោះ​មេដឹកនាំ​របស់​ពួកគេ ច្បាស់​ជា​ខឹងក្រេវក្រោធ និង​បង្កហេតុ​ធ្ងន់ធ្ងរ​ឡើង​មិន​ខាន។

តែ​យ៉ាងណាក៏ដោយ អ្នកវិភាគ​រូប​នោះបាន​សរសេរ​ទៀតថា ក្នុង​ទស្សនៈ​របស់លោក លោក​យល់ឃើញថា ទោះជា​កើតមាន​ហេតុការណ៍​ហិង្សា​ធ្ងន់ធ្ងរ​ឡើង និង​មានការ​ពន្យុះ​យ៉ាងខ្លាំង​ក្លា ដើម្បីឱ្យ​កើត​ការធ្វើ​រដ្ឋប្រហារ​ឡើង​នោះ រដ្ឋប្រហារ នឹងមិន​កើតមានឡើង ដូចដែល​ធ្លាប់​កើតមាន​ពី​អតីតកាល​នោះឡើយ ដោយសារតែ​ទាំងអស់នេះ គេ​អាច​សន្និដ្ឋានបាន​តាមរ​យៈ​ហេតុ​បច្ច័យ ដូចតទៅ​នេះ…៖

១-ចាប់តាំងពី​មានការ​ផ្លាស់ប្ដូរ ការគ្រប់គ្រង​ក្នុង​ឆ្នាំ១៩៣២ រហូតមកដល់​ពេលបច្ចុប្បន្ន អស់​រយៈពេល ៨៨ឆ្នាំ​មកនេះ ប្រទេស​ថៃ មាន​ការធ្វើ​រដ្ឋប្រហារ​រួចមកហើយ ១៣លើក និង​ក្នុង លើកៗ មានការ​គ្រប់គ្រង​ក្នុង​របប​ផ្ដាច់ការ រយៈពេល​យូរ ដែល​ពេល​បូក​បញ្ចូល​គ្នា​ទៅ វា​មាន​រយៈពេល​យូរ​ជាង​ការគ្រប់គ្រង​ក្នុង​របប​ប្រជាធិបតេយ្យ​ទៅទៀត តែ ទោះជា​យ៉ាងនេះ​ក្ដី ក៏​មិនបាន​ធ្វើឱ្យ​ប្រទេស​ថៃ ល្អប្រសើរ​ឡើង​យ៉ាង​សមរម្យ​បានដែរ ផ្ទុយទៅវិញ ក្នុងអំឡុងពេល​នៃ​ការគ្រប់គ្រង​ក្នុង​របប​ផ្ដាច់ការ​ខ្លះ ថែមទាំង​ធ្វើឱ្យ​ប្រទេស​ថៃ ដើរ​ថយក្រោយ​ទៀតផង។

ដូច្នេះ ទើប​គេ​អាច​សន្និដ្ឋានបានថា ពេលនេះ​ប្រទេស​ថៃ បាន​ដើរមក​ឆ្ងាយ ហួស​នឹង​កែប​ញ្ហា​ទំនាស់​នយោបាយ ដោយ​ការធ្វើ​រដ្ឋប្រហារ​ទៀតហើយ។

២-ការកែ​បញ្ហា​ទំនាស់​ខាង​នយោបាយ គួរតែ​ត្រូវបាន​កែ ដោយ​វិធី​ខាង​នយោបាយ នោះ​គឺ លោក​ឧត្ដមសេនីយ៍ឯក ប្រា​យុ​ធ ចាន់​អូ​ឆា ត្រូវតែ​ផុតពី​តំណែង​នាយករដ្ឋមន្ត្រី ដោយ​ការលាឈប់ ឬ​ដោយ​នីតិវិធី​ខាង​តុលាការ ហើយ​បង្កើត​រដ្ឋាភិបាល​ថ្មី និង​ប្រញាប់​ដំណើរ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ តាម​ដែល​ចាំបាច់​ត្រូវធ្វើ រួចហើយ​រំលាយ​សភា រៀបចំ​ការបោះឆ្នោត​ជាថ្មី។ បើ​ធ្វើបែបនេះ​បាន បាតុកម្ម​នយោបាយ ក៏​នឹង​លែងមាន​ភាពត្រឹមត្រូវ ក្នុងការ​បន្តធ្វើ​តទៅទៀត​ដែរ ហើយក៏​នឹង​នៅសល់តែ បាតុកម្ម​ដែល​ទាមទារ ឱ្យ​កែសម្រួល​ស្ថាប័ន​ព្រះមហាក្សត្រ  ដែល​នៅ​ទីបំផុត នឹងត្រូវ​រង​ការចោទប្រកាន់​តាមផ្លូវ​ច្បាប់ និង​ការ​តតាំង​ពី​មហាជន​ភាគច្រើន ក្លាយជា​ជនជាប់ចោទ​ខាង​ផ្លូវច្បាប់ និង​ជា​អ្នកទោស​សង្គម ហើយនឹង​គ្មាន​កន្លែង​ឈរជើង​នៅក្នុង​សង្គម និង​ចុងក្រោយ ក៏​ស្ងប់ស្ងាត់​ទៅវិញ​ដោយ​ឯកឯង។

អ្នកវិភាគ​ដដែល​បាន​សរុប​ថា ដោយហេតុ​បច្ច័យ​ទាំង ៣ចំណុច​ខាងលើ លោក​ជឿថា ការធ្វើ​រដ្ឋប្រហារ នឹងមិន​កើតមានឡើង​ឡើយ ហើយ​ចាប់ពីពេលនោះ​ទៅ ការកែសម្រួល​លើ​ផ្នែកផ្សេងៗ ក៏​នឹង​កើតមានឡើង ដោយ​ការ​ដំណើរការ ជាដំណាក់កាលៗ ឱ្យ​ស៊ីចង្វាក់​គ្នា​នឹង​ពេលវេលា ដោយ​មិនចាំបាច់​ត្រូវធ្វើ​តាមផ្លូវ​កាត់ ដើម្បី​តបស្នង​តម្រូវការ​របស់​ក្រុម​ណាមួយ​ឡើយ៕

ប្រភព៖ វេ​ប​សាយ​ក្នុងប្រទេស​ថៃ ដោយ​លោក សា​ម៉ា​ត ម៉ាំង​សាំង

#អរគុណសន្តិភាព