ឮ​ល្បី​ថា លោក​ត្រាំ រៀប​ផែនការ ផ្សាយ​បន្ត​ផ្ទាល់​ពិធី​ចាក​ចេញពី​មន្ទីរ​សេត​វិមាន នៅលើ​យន្តហោះ Air Force One ដំណាលគ្នា​នឹង លោក បៃ​ដិ​ន ចូលធ្វើ​ពិធី​ស្បថ​កាន់តំណែង

សហរដ្ឋអាមេរិក៖  មាន​របាយការណ៍​ចេញមក ថ្មី​ចុងក្រោយ​បំផុត​ថា លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ ដែល​នៅ​មិនទាន់​ព្រម​ប្រកាស ទទួលស្គាល់​ការបរាជ័យ ក្នុងការ​បោះឆ្នោត​កន្លង​មក​នៅឡើយ​នោះ កំពុង​រៀបចំ​ផែនការ ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ នៅ​ថ្ងៃ​ចាក​ចេញពី​មន្ទីរ​សេត​វិមាន ចេញពី​ក្នុង​យន្តហោះ​ប្រចាំ​តំណែង​ប្រធានាធិបតី “Air Force One” ដើម្បី​ដណ្ដើម​អ្នកទស្សនា ពី​ការផ្សាយ​បន្ត​ផ្ទាល់ ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក ចូ បៃ​ដិ​ន ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី២០ មករា ២០២។

Business Insider សារព័ត៌មាន​ធុរកិច្ច បាន​រាយការណ៍​នៅ​ថ្ងៃទី៧ ធ្នូ ម្សិលមិញ​នេះ ថា មាន​របាយការណ៍​ចេញ​មកពី​បណ្ដាញ​ផ្សព្វផ្សាយ Axios ដែល​អះអាង​ពី​ការផ្ដល់​ទិន្នន័យ ពី​ប្រភពព័ត៌មាន​មួយ បានឱ្យដឹងថា ក្នុងខណៈ​ពេលនេះ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ កំពុង​រិះគិត​ផែនការ​ដើម្បី​រិះរក​វិធី​ដណ្ដើម “រេ​ត​ធី​ង” អ្នកទស្សនា​ការផ្សាយ​បន្ត​ផ្ទាល់ ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ថ្មី របស់លោក ចូ បៃ​ដិ​ន ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី២០ មករា ឆ្នាំ២០២១ ដែល​រហូតមក​ដល់ពេលនេះ មេដឹកនាំ​សហរដ្ឋ​រូបនេះ នៅ​មិនទាន់​ប្រកាស​ទទួលស្គាល់​ការបរាជ័យ​របស់ខ្លួន​ឯង ក្នុងការ​បោះឆ្នោត​នាពេល​កន្លងមក​នៅឡើយ។

CNN ទីភ្នាក់ងារ​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក បាន​រាយការណ៍​កាលពី​ថ្ងៃទី៦ ធ្នូ​ថា លោក​ត្រាំ បាន​ទូរស័ព្ទ​ទាក់ទង​ទៅ លោក​អភិបាលរដ្ឋ​ច​ច​ចៀ ប្រៃ​អាន់ ខេ​ម​ផ៍ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​លោក​ខេ​ម​ផ៍ ធ្វើការ​បញ្ចុះបញ្ចូល​សមា​ជិ​ក​សភា​កុង​ហ្ក្រ​ស រដ្ឋ​ច​ច​ចៀ ឱ្យ​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​តែងតាំង​គណៈ​អ្នកតំណាង​បោះឆ្នោត ដែល​គាំទ្រ​ខ្លួន​លោក ដើម្បី​ផ្លាស់ប្ដូរ​លទ្ធផល​ការបោះឆ្នោត​កាលពីមុន ដែល​ប្រគល់​ជ័យជម្នះ​ទៅឱ្យ​លោក បៃ​ដិ​ន ឱ្យក្លាយ​មកជា​របស់លោក​វិញ។

ប្រភពព័ត៌មាន​បា​នប​ង្ហើ​ប​ថា តែ​យ៉ាងណាក៏ដោយ លោក​ខេ​ម​ផ៍ ដែលជា​សមាជិក​គណបក្ស​រី​ផា​ប្ល៊ី​កាន់ ដែរនោះ បាន​ឆ្លើយ​បដិសេធ និង​ថ្លែងថា លោក​គ្មាន​អំណាច​ក្នុង​ការបញ្ជា​ត្រួតពិនិត្យ ហត្ថលេខា​របស់​បណ្ណ​បោះឆ្នោត​បែប​សម្ងាត់​ដូច្នោះ​ទេ និង​បដិសេធ​សំណូមពរ របស់លោក​ត្រាំ ដែល​ត្រូវ​ការឱ្យ​លោក​កោះប្រជុំ​ក្នុង​វារៈ​បន្ទាន់​នោះ​ទៀតផង។

ប្រព័ន្ធ​ផ្សព្វផ្សាយ Axios បាន​បង្ហាញថា គេ​រកឃើញថា មេដឹកនាំ​សហរដ្ឋអាមេរិក​ទី៤៥ រូបនេះ បាន​រៀប​ផែនការ ក្នុងការ​ធ្វើដំណើរ​ដោយ​យន្តហោះ​ប្រចាំ​តំណែង​ប្រធានាធិបតី “Air Force One” ទៅ​រដ្ឋ​ហ្វ្លូ​រី​ដា ដើម្បី​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ ក្នុងអំឡុង​ពេលដែល​លោក បៃ​ដិ​ន កំពុង​ស្បថសច្ចា​ប្រណិធាន ទទួល​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី៤៦ នៅ​ទីក្រុង​វ៉ាស៊ីនតោន ដែលមាន​ការប្រើ​វិធានការ​រក្សា​គម្លាត​ឆ្ងាយ​ពីគ្នា​ខាង​សង្គម ដែល​លោក​បៃ​ដិ​ន​ធ្លាប់បាន​បង្ហើប​ប្រាប់​រួចហើយ​ថា ពិធី​ស្បថសច្ចា​ប្រណិធាន របស់លោក នឹងធ្វើ​ឡើង​ក្នុង​ទំហំ​តូច​មួយ ដោយសារតែ​មូលហេតុ​វិបត្តិ​ជំងឺ​រាតត្បាត។

Business Insider បាន​បង្ហាញថា បើ​លោក​ត្រាំ​ធ្វើតាម​អ្វី ដូច​ដែលមាន​របាយការណ៍​បែកធ្លាយ​ចេញមក​មែន​នោះ នឹង​អាច​និយាយបានថា គឺជា​លើកដំបូង​ហើយ ដែលជា​ការ​ហែក​វាំងនន​ប្រពៃណី​ខាង​នយោបាយ​សហរដ្ឋអាមេរិក ដែល​ត្រូវ​ការឱ្យ​ថ្ងៃ​ស្បថសច្ចា​ប្រណិធាន ចូល​ទទួល​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី ជាការ​បង្ហាញ​ឱ្យ​ពិភពលោក​មើលឃើញ ពី​ភាព​មាន​ស្ថិរភាព របស់​របប​ប្រជាធិបតេយ្យ​អាមេរិក ដែល​តាម​ធម្មតា មេដឹកនាំ​ប្រទេស ដែល​កំពុង​ជិត​ចាក​ចេញពី​តំណែង នឹងត្រូវ​ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធី​ស្បថសច្ចា​ប្រណិធាន​នេះ ដូច​កាលពី​គ្រា​ដែល​លោក​ត្រាំ ចូលធ្វើ​ពិធី​ស្បថសច្ចា​ប្រណិធាន អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា និង​អតីត​ស្ត្រី​ទី១ លោកស្រី​មិ​ឆេ​ល អូ​បា​ម៉ា ក៏បាន​ចូលរួម​ដើម្បី​ជា​កិត្តិយស​ដែរ។

សប្ដាហ៍​កន្លងទៅ លោក​បៃ​ដិ​ន បាន​បង្ហើប​ប្រាប់​ឱ្យដឹងថា ដោយផ្ទាល់​ខ្លួន លោក​មិនបាន​ចាប់អារម្មណ៍​ថា លោក​ត្រាំ​នឹងចូលរួម​ពិធី​ស្បថ របស់លោក ឬក៏​អត់​នោះទេ តែ​លោក​ត្រាំ គួរតែ​ចូលរួម ដើម្បី​ជាការ​បង្ហាញឱ្យឃើញថា ប្រទេស​អាមេរិក មានការ​ផ្លាស់ប្ដូរ​អំណាច​គ្រប់គ្រង​យ៉ាង​សន្តិភាព។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​របស់​មន្ទី​រ​សេត​វិមាន បានផ្ដល់​សម្ភាស​ជាមួយ Axios ថា “ប្រភពព័ត៌មាន​ដែល​អះអាងថា ខ្លួន​ដឹងថា ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹងធ្វើ ឬ​មិន​ធ្វើ​អ្វីមួយ​នោះ ការពិតទៅ មិនដឹង​សោះឡើយ ព្រោះ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក នឹង​ធ្វើជា​អ្នក​ប្រកាស​ដោយ​ខ្លួនឯង ឱ្យ​ទាំងអស់គ្នា​បានដឹង នូវ​អ្វីដែល​លោក​នឹងធ្វើ​នៅ​ថ្ងៃទី២០ មករា​នោះ”

សប្ដាហ៍​កន្លងទៅ​ដូចគ្នា ប្រភពព័ត៌មាន​បា​នប​ង្ហើ​ប​ប្រាប់ NBC News ថា លោក​ប្រធានាធិបតី ត្រាំ មាន​ផែនការ​ក្នុងការ​ប្រកាស ពី​ការចុះឈ្មោះ​ធ្វើជា​បេក្ខជន​ប្រជែង​តំណែង​ប្រធានាធិបតី ជាថ្មី​ម្ដងទៀត ក្នុង​ឆ្នាំ២០២៤ នៅ​ថ្ងៃ​ដែល​លោក​បៃ​ដិ​ន ចូលធ្វើ​ពិធី​ស្បថ​ទទួល​តំណែង ដើម្បី​សង្ឃឹម​ដណ្ដើម​អ្នកទស្សនា ពី​ការផ្សាយ​បន្ត​ផ្ទាល់ របស់លោក​បៃ​ដិ​ន និង​ដើម្បី​តែងតាំង​ឱ្យ​ខ្លួន​លោក ក្លាយជា​គូប្រជែង​ចម្បង​ខាង​នយោបាយ របស់លោក​បៃ​ដិ​ន៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព