អីយ៉ា​កាច​ម្ល៉េះ!!?? ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​ប្រកាស៖ នឹង​ចុះ​ចេញពី​តំណែង បើ​ពិសោធ​ឃើញថា លោក​ពុករលួយ​មែន តែបើ​មិន​ពិត​ទេ លោក​នឹង​សម្លាប់ចោល អ្នក​ដែល​ប្រឌិត​រឿងនេះ​ឡើង!

បរទេស៖  លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ប្រធានាធិបតី នៃ​ប្រទេស​ហ្វ៊ី​លី​ពី​ន បានដាក់​សំណើ ដ៏កាចៗមួយ​ថា លោក​នឹង​ព្រម​លាឈប់​ពី​តំណែង បើសិន​ជាមាន​ទិន្នន័យ​ពិសោធ​រកឃើញថា លោក​បាន​ប្រព្រឹត្ត​អំពើ​ស៊ីសំណូក​ពុករលួយ ក្នុងខណៈពេល​កាន់តំណែង​មែន តែ​លោក​សូម​ប្រកាស​ព្រមាន​ថា នឹង​សម្លាប់ចោល​ទាំងអស់ អ្នកណា​ដែល​ប្រឌិត​រឿង​នោះ​ឡើងមក បើ​វា​មិនមែនជា​ការពិត។

ក្នុងអំឡុង​ការ​ថ្លែង​ប្រាស្រ័យ​តាមរយៈ​ស្ថានីយទូរទស្សន៍ កាលពី​យប់​ថ្ងៃ​ចន្ទ(ទី៧ធ្នូ) លោក​ឌូ​ទើ​តេ បានប្រកាសថា លោក និង​គណៈរដ្ឋមន្ត្រី នឹង​យល់ព្រម​លាឈប់​ពី​តំណែង បើសិន​ការចោទប្រកាន់ ដែលថា ពួកលោក មានការ​ពាក់ព័ន្ធ​នឹង​ការស៊ីសំណូក​ពុករលួយ​ណាមួយ ដែល​បានទទួល​ការពិសោធ​ហើយ​ថា វា​ជា​ការពិត…។

លោក​ប្រធានាធិបតី​រូបនេះ បាន​ប្រាប់ថា សុំ​ត្រឹម​តែមាន​សាក្សី​ម្នាក់ ឬ​ការផ្ដល់​ចម្លើយ​ណាមួយ ជា​លាយលក្ខណ៍អក្សរ លោក​នឹង​លាឈប់ “បើសិនជា​ការចោទប្រកាន់​នោះ ជាការ​ពិត” ព្រមទាំង​ប្រកាសច្បាស់ៗថា លោក និង​គណៈរដ្ឋមន្ត្រី​រប​ស់លោក សុទ្ធតែជា​មនុស្ស​ស្មោះត្រង់ និង​បញ្ជាក់​ច្បាស់​ពី​គោលជំហរ​ថា ពួកលោក​មិន​អត់ទ្រាំ ជាមួយ​ការស៊ីសំណូក​ពុករលួយ​ណាមួយ​ឡើយ។

យ៉ាងណាក៏ដោយ លោក​បាន​ដំឡើង​សំឡេង ព្រមាន​យ៉ាងរឹងមាំ​ដាច់ខាត ទៅ​ពួក​អ្នក​ដែល​ចោទប្រកាន់​បែបព្រាវៗថា “ចូរ​កុំ​កុហក និង​កុំ​ចេះតែ​ប្រឌិត​រឿង​ឡើងមក​ឱ្យសោះ វា​មិនល្អ​ទេ បើ​មិន​អ៊ីចឹង​ទេ ខ្ញុំ​នឹង​សម្លាប់​អ្នក!”

លោក​ឌូ​ទើ​តេ បាន​ខំព្យាយាម​បង្ក្រាប​អំពើ​ស៊ីសំណូកសូកប៉ាន់ និង​អំពើពុករលួយ​យ៉ាងខ្លាំង​ក្លា តាំងពី​ពេល​លោក​ចូល​គ្រង​តំណែង​នៅ​ឆ្នាំ២០១៦ មក។

នៅក្នុង​ខែវិច្ឆិកា លោក​បាន​អាន​ដោយ​បញ្ចេញ​សំឡេងខ្លាំងៗ នូវ​បញ្ជី​ឈ្មោះ​មន្ត្រី​របស់​រដ្ឋ ដែល​លោក​ប្រាប់ថា កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត ក្នុងនោះ​រួមទាំង​បណ្ដា​អ្នក​ត្រូវ​រង​ការចោទប្រកាន់ថា ពុករលួយ​ផងដែរ។

មេដឹកនាំ​រូបនេះ បាន​ក្លាយជា​មុខសញ្ញា​ក្នុង​ប្រធានបទ​ជជែក​តវ៉ា មករ​ហូត​ពេញ​មួយ​អាណត្តិ​នៃ​ការ​គ្រង​តំណែង ដោយសារតែ​ការតាំង​ចិត្ត​របស់លោក ដែល​ត្រូវការ​ឃើញ ពួកឧក្រិដ្ឋជន​កាច​ឃោរឃៅ​ទាំង​ប៉ុន្មាន ត្រូវ​នាំខ្លួន​ចូលទៅក្នុង​កម្មវិធី​យុត្តិធម៌ និង​នីតិវិធី​ច្បាប់ និង​ករណីផ្សេងៗទៀត ដែល​ពាក់ព័ន្ធ​នឹង​ប្រធានបទ​សិទ្ធិមនុស្ស។

កាលពី​ខែកញ្ញា លោក​ឌូ​ទើ​តេ ដែល​បាន​ឈានចូល​មកកាន់​អំណាច តាមរយៈ​ការ​តតាំង​គ្រឿងញៀន​នោះ បាន​ក្លាយជា​ព័ត៌មាន​ល្បីល្បាញ​លើ​ទំព័រ​ទី១ របស់​សារព័ត៌មាន ក្រោយពី​លោក បាន​បញ្ជា​ឱ្យ​ក្រុម​អាជ្ញាធរ​គយ អាច​បាញ់សម្លាប់​ពួក​លបលួច​ដឹកជញ្ជូន​គ្រឿងញៀន​ចូល​ប្រទេស ដោយ​លោក​បាន​បញ្ជាក់ថា “ពួកវា​ជា​ថ្នាំញៀន ដូច្នេះ​បាញ់ និង​សម្លាប់​ពួកវា​ចុះ!!”៕

ប្រភព៖ សារព័ត៌មាន Russia Today

#អរគុណសន្តិភាព