កូរ៉េខាងត្បូង គួរឱ្យ​ព្រួយបារម្ភ ឆ្លង​មេរោគ​ថ្មី​បំបែក​ស្ថិតិ ខណៈ UAE ប្រាប់ថា វ៉ាក់សាំង​ចិន មាន​ប្រសិទ្ធភាព ៨៦%

បរទេស៖ ប្រទេស​កូរ៉េខាងត្បូង រកឃើញ​ករណី​ថ្មី ៦៨៦នាក់ ជា​ស្ថិតិ​ប្រចាំថ្ងៃ​ខ្ពស់បំផុត លើក​ទី២ ចាប់តាំងពី​មេរោគ​កូ​វីដ-១៩ ចាប់ផ្ដើម​រាតត្បាត ខណៈដែល​ហុងកុង កំពុង​សើរើ វិធានការ​ទប់ស្កាត់​វីរុស​ឡើងវិញ ក្រោយ​រកឃើញ​អ្នក​ឆ្លង​មេរោគ​កើនឡើង​ជាង ១ ០០០នាក់​ក្នុង​ជុំ ២សប្ដាហ៍​កន្លងមក ចំណែក​សហរដ្ឋអារ៉ាប់ អេ​មី​រេ​ត ឬ UAE បានឱ្យដឹងថា វ៉ាក់សាំង​ប្រឆាំង​មេរោគ​វីរុស​កូ​រ៉ូ​ណា របស់​ក្រុមហ៊ុន SinoPharm របស់​ចិន មាន​ប្រសិទ្ធភាព​ដល់​ទៅ ៨៦% ។

ទីភ្នាក់ងារ​គ្រប់គ្រង និង​ការពារ​រោគ នៃ​ប្រទេស​កូរ៉េខាងត្បូង បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ (ទី៩ធ្នូ) ថា ក្នុង​ចំនួន​អ្នក​ឆ្លង​មេរោគ​ដែល​បាន​រកឃើញ​ថ្មី ៦៨៦នាក់​នោះ មាន​ដល់​ទៅ ៥៣៦នាក់ ជា​អ្នក​រស់នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល និង​តំបន់​ជុំវិញ ដែលមាន​ការឆ្លង​រាលដាល​ជា​ក្រុម ចែកចាយ​រាយប៉ាយ​នៅ​គ្រប់​ទីកន្លែង រួមទាំង​ភោជនីយដ្ឋាន ផ្សារ កន្លែង​ម៉ាស្សា​សៅ​ណា មន្ទីរពេទ្យ មណ្ឌល​មើលថែទាំ​មនុស្ស​ចាស់ជរា​រយៈពេល​វែង និង​អង្គភាព​យោធា ដោយថ្មីៗបំផុត​នេះ កូរ៉េខាងត្បូង មាន​អ្នក​ឆ្លង​មេរោគ​សរុប ៣៩ ៤៣២នាក់ និង​ស្លាប់ ៥៥៦នាក់។

ប្រទេស​កូរ៉េខាងត្បូង ធ្លាប់បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ ក្នុង​ចំនួន​ដូចគ្នា (៦៨៦នាក់) ម្ដង​រួចមកហើយ កាលពី​ថ្ងៃទី២ ខែមីនា ជា​អំឡុង​ពេលដែល​មានការ​ឆ្លង​រាតត្បាត​យ៉ាងខ្លាំង​ក្លា នៅក្នុង​តំបន់​ភាគ​ខាងកើត​ឆៀង​ខាងត្បូង និង​អាច​គ្រប់គ្រង​ការឆ្លង​រាលដាល​នេះ​បាន នៅក្នុង​ខែមេសា ដោយ​ប្រើ​វិធានការ​ទប់ស្កាត់​បែប​វាយលុក ក្នុងការ​ពិនិត្យ​រក​អ្នក​ឆ្លង​មេរោគ និង​ការ​បង្ខាំង​ឱ្យនៅ​ដោយឡែក​ពី​គេ។

តែ​យ៉ាងណាក៏ដោយ បើទោះបី ធ្លាប់ជា​ប្រទេសមួយ ដែល​ទទួលបាន​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​ការឆ្លង​រាលដាល​របស់​កូ​វីដ-១៩ ក៏ដោយ តែមួយ​រយៈ​ចុង​ក្រោយនេះ បែរជា​កើត​មានការ​រិះគន់ថា កូរ៉េខាងត្បូង បាន​ភ្លេចខ្លួន តាមរយៈ​ការបន្ធូរបន្ថយ​ច្បាប់​គម្លាត​ឆ្ងាយ​ពីគ្នា​ក្នុងសង្គម ក្នុង​កម្រិត​ទាប​បំផុត កាលពី​ខែតុលា កន្លងមក ទាំង​ដែល​អ្នកជំនាញការ​បាន​ព្រមាន​ថា អាច​នឹង​កើត​ការឆ្លង​រាលដាល​ជាថ្មី​ឡើងវិញ ក្នុងអំឡុង​រដូវរងា។

ក្នុងអំឡុង​ប៉ុន្មាន​សប្ដាហ៍​កន្លងមកនេះ រដ្ឋបាល​កូរ៉េខាងត្បូង បាន​សើរើ​វិធានការ​កម្រិត​មួយចំនួន​ឡើងវិញ ដូចជា បិទ​ក្លិប​រាត្រី និង​កន្លែង​ហាត់ប្រាណ​ហ្វ៊ិ​ត​នេស ហាម​ទទួលទាន​អាហារ​នៅក្នុង​ហាង ក្រោយ​ម៉ោង ១១យប់ និង​អាច​បង្កើន​វិធានការ កម្រិត​កិច្ចការងារ​ខាង​សេដ្ឋកិច្ច​ថែមទៀត បើសិន​ការឆ្លង​រាលដាល នៅ​មិនទាន់​ធូរស្រាល។

ដោយឡែក កាលពី​ថ្ងៃ​ពុធ ម្សិលមិញ ក្រសួង​អនាម័យ និង​ការការពារ របស់​សហរដ្ឋអារ៉ាប់ អេ​មី​រេ​ត (UAE) បាន​បង្ហើប​ឱ្យដឹងថា លទ្ធផល​នៃ​ការសាកល្បង​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​រ៉ូ​ណា របស់​ក្រុមហ៊ុន​ស៊ី​ណូ​ហ្វា​ម (SinoPharm) របស់​ប្រទេស​ចិន បាន​រកឃើញថា មាន​ប្រសិទ្ធភាព​ដល់​ទៅ ៨៦%។

UAE បានចាប់ផ្ដើម​ការសាកល្បង​វ៉ាក់សាំង របស់​ក្រុមហ៊ុន​ស៊ី​ណូ​ហ្វ៉ា​ម នៅក្នុង​ខែកញ្ញា។ ការសាកល្បង​វ៉ាក់សាំង​មួយ​នេះ ត្រូវបានធ្វើ​ទៅលើ​ក្រុម​អ្នកស្ម័គ្រចិត្ត ដែលមាន​អាយុ​ក្នុង​ចន្លោះ ១៨-៦០ឆ្នាំ ចំនួន ៣១ ០០០នាក់ មកពី ១២៥ប្រទេស ដោយ​អ្នកស្ម័គ្រចិត្ត​ម្នាក់ បានទទួល​វ៉ាក់សាំង ២ដូ​ស ក្នុង​រយៈពេល២៨ថ្ងៃ។

យ៉ាងណាក៏ដោយ UAE មិនបាន​ប្រាប់​ឱ្យដឹងថា លទ្ធផល​ដែល​បាន​ផ្សព្វផ្សាយ​នេះ គ្របដណ្ដប់​ចំពោះតែ​ការសាកល្បង​នៅក្នុង UAE ឬ​រួមទាំង​កន្លែង​ដទៃ​ផង ឬ​យ៉ាងណា​នោះឡើយ និង​ថែមទាំង​បានបញ្ជាក់​ទៀតផង​ថា វ៉ាក់សាំង​នេះ​បានទទួល “ការចុះបញ្ជី​ជា​ផ្លូវការ” ហើយ តែ​មិនបាន​ផ្ដល់​សេចក្ដីលម្អិត​ថែមទៀត​ឡើយ។

វ៉ាក់សាំង​របស់​ស៊ី​ណូ​ហ្វ៉ា​ម បានទទួល​ការអនុម័ត ឱ្យប្រើ​ក្នុងករណី​អាសន្ន នៅក្នុង​តែ​មិន​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន​ថែមទាំង​កំពុងតែ​ស្ថិតក្នុង​អំឡុងពេល​សាកល្បង​ខ្នាត​ធំ នៅក្នុង ១០ប្រទេស​ទៀតផង។

ចំណែក​នៅឯ​ក្រុង​ហុងកុង រដ្ឋបាល​បាន​សើរើ​វិធានការ ហាម​ទទួលទាន​អាហារ​នៅក្នុង​ហាង ក្រោយ​ម៉ោង ៦ល្ងាច និង​ត្រូវ​កំណត់​ចំនួន​អតិថិជន​ឱ្យនៅ​ត្រឹមតែ ៥០% នៃ​ចំណុះ​ដែល​អាច​ទទួល​រ៉ាប់រង​បាន រួមទាំង​បិទ​ទីកន្លែង​ហាត់ប្រាណ ហាង​សម្អាង​កាយ ធុរកិច្ចផ្សេងៗ និង​ទីកន្លែង​សាធារណៈ ដើម្បី​គ្រប់គ្រង​ការឆ្លង​រាលដាល​ជាថ្មី ដោយ​វិធានការ​ទាំងនេះ នឹង​ចាប់​ផ្ដើមចេញ​បទបញ្ជា​ឱ្យប្រើ ចាប់​ពីថ្ងៃ​ព្រហស្បតិ៍ (ទី១០ធ្នូ) នេះ​តទៅ និង​មាន​សុពលភាព រយៈពេល ២សប្ដាហ៍។

កាលពី​ថ្ងៃ​ពុធ (ទី៩ធ្នូ) ទីក្រុង​ហុងកុង រកឃើញ​អ្នក​ឆ្លង​មេរោគ​ថែម ១០០នាក់ សរុប ១ ២៧៤នាក់​ក្នុង​ជុំ ២សប្ដាហ៍​ចុងក្រោយ ដែល​ភាគច្រើន ជាការ​ឆ្លង​នៅក្នុង​ប្រទេស តែមាន​អ្នកជំងឺ ៣០៣នាក់ មិនអាច​បញ្ជាក់​ពី​ប្រភព​នៃ​ការឆ្លង​មេរោគ​បានឡើយ។

ទីក្រុង​ហុងកុង មាន​អ្នក​ឆ្លង​មេរោគ​សរុប ៧ ០៧៥នាក់ ស្លាប់ ១១២នាក់ ខណៈដែល​ប្រទេស​ចិន រកឃើញ​អ្នក​ឆ្លង​មេរោគ ៤នាក់ នៅក្នុង​ទីក្រុង​ឈឹង​ទូ ភាគ​ខាងលិច​ឆៀង​ខាងត្បូង ដោយ​រដ្ឋបាល បាន​បញ្ជា​ឱ្យ​បិទ​ទីក្រុង និង​ត្រួតពិនិត្យ រក​អ្នក​ឆ្លង​មេរោគ​យ៉ាង​ទូលំទូលាយ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​រលក​ថ្មី ក្រោយ​រកឃើញ​អ្នក​ឆ្លង​មេរោគ ដែល​បាន​អះអាង​ហើយ ៩នាក់​នៅក្នុង​ទីក្រុង​នេះ៕

ប្រភព៖ សារព័ត៌មាន​បរទេស