ស្ថាន​ព្រះ​ចន្ទ៖ កញ្ញា​ចិន វ័យ ២៤ឆ្នាំ អ្នក​បញ្ជាការ​ក្រមុំ អាយុ​តិចជាងគេ​បំផុត ក្នុង​ភារកិច្ច​អវកាស របស់​យាន ឆាង​អ៊ើ-5

​ចិន៖ នាងក្រមុំ​ចិន វ័យ ២៤ឆ្នាំ ក្លាយជា​ក្រសែ​ព័ត៌មាន​ល្បីល្បាញ​ទូទាំង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ក្នុងប្រទេស​ចិន ក្នុងឋានៈ​ជា​មនុស្ស​ម្នាក់ ក្នុងចំណោម​អ្នក​នៅ​ពីក្រោយ​ភារកិច្ច​ពិនិត្យ​ស្រាវជ្រាវ​ស្ថាន​ព្រះ​ចន្ទ របស់​យានអវកាស ឆាង​អ៊ើ-5។

ទោះបីជា​រូបនាង​ជា​មន្ត្រី​បញ្ជាការ ដែលមាន​អាយុ​តិច​បំផុត នៅក្នុង​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​យានអវកាស វឹ​ន​ឆាង (Wenchang Spacecraft Launch Site)ក៏ពិតមែន  តែ​កញ្ញា ចូ ឈឹង​វី គឺជា​មនុស្ស​ម្នាក់​ដែល​គេ​ទទួលស្គាល់​យ៉ាង​គោរព និង​ផ្ដល់​កិត្តិយស នៅក្នុង​កន្លែងធ្វើការ ក្នុងឋានៈ​ជា “បងស្រី​ធំ។

ស្ត្រី​វ័យ ២៤ឆ្នាំ​ម្នាក់នេះ ជា​អ្នកគ្រប់គ្រង​ប្រព័ន្ធ​ការតភ្ជាប់​របស់​កាំជ្រួច ដែល​គេ​ឱ្យ​តម្លៃ​ថា ជា​តំណែង​មួយ​ដែល​សំខាន់បំផុត

យានអវកាស​ឆាង​អ៊ើ-5 ជា​ភារកិច្ច​ចុះចត​នៅលើ​ស្ថាន​ព្រះ​ចន្ទ ដែល​ទទួលបាន​ជោគជ័យ​របស់​ប្រទេស​ចិន ជា​លើក​ទី៣ ហើយ ក្នុង​ជុំ ៧ឆ្នាំ ដោយ​កញ្ញា​ចូ គឺជា​អ្នកគ្រប់គ្រង​ប្រព័ន្ធ​ការតភ្ជាប់​របស់​កាំជ្រួច ដែល​គេ​ឱ្យ​តម្លៃ​ថា ជា​តំណែង​មួយ សំខាន់បំផុត។

កញ្ញា បាន​ក្លាយជា​ប្រធានបទ ដែល​មនុស្សម្នា​ទាំងឡាយ នាំគ្នា​និយាយ​ដល់​យ៉ាង​ទូលំទូលាយ​នៅលើ​វេ​ប​សាយ បណ្ដាញ​សង្គម Weibo ដ៏​ល្បីល្បាញ​របស់​ប្រទេស​ចិន  ហើយ​សារព័ត៌មាន​របស់​រដ្ឋ​ទាំង​ប៉ុន្មាន បាន​តម្រង់​ចំណាប់អារម្មណ៍​ទៅរក​រូបនាង ក្នុងឋានៈ​ជា​ស្ត្រី ១រូប ដែលមាន​ចំណែក​រួម​ដ៏​សំខាន់​ក្នុង​ភារកិច្ច​នេះ។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម បាននាំគ្នា​កោតសរសើរ​សមត្ថភាព​របស់​នាង និង​ប្រាប់ថា នាង​បានធ្វើឱ្យ​ប្រទេសជាតិ​មាន​មោទនភាព ហើយ​អ្នកខ្លះ ថែមទាំង​បាន​និយាយ​បែបកំប្លែងៗទៀតផង​ថា ភាពជោគជ័យ​ក្នុង​ជីវិត​ខ្លួនឯង ស្ថិតនៅ​ឆ្ងាយ​ពី​ស្ត្រី​ក្រមុំ​ម្នាក់នេះ​ខ្លាំងណាស់…។

យានអវកាស​ឆាង​អ៊ើ-5 បាន​ទៅ​ចុះចត​នៅលើ​ផ្នែក​ខាងលិច ឆៀង​ខាងជើង នៃ​ស្ថាន​ព្រះ​ចន្ទ និង​បាន​ដោត​ទង់​ជាតិចិន នៅ​ទីនោះ​ទៀតផង

យ៉ាងណាក៏ដោយ ចំណាប់អារម្មណ៍​ដ៏​ច្រើន​ហូរហៀរ​នេះ ក៏​មិនបាន​ហុច​ផលប៉ះពាល់ ចំពោះ​ស្ត្រី​វ័យក្មេង​មកពី​មណ្ឌល​គុយ​ចូ ម្នាក់​នេះដែរ។ វេ​ប​សាយ​ព័ត៌មាន វ៉ា​ឆៃ គុយ​ចូ ណិ​ត បាន​ប្រាប់ថា នាង​បាន​បដិសេធ​ក្នុងការ​ផ្ដល់​សម្ភាស ជាច្រើនលើក ដោយសារតែ​មិន​ចង់ឱ្យ​កេរ្តិ៍ឈ្មោះ មាន​ផលប៉ះពាល់​ដល់​ការងារ។

ក្នុង​ប្រតិបត្តិ​ការលើក​នេះ យានអវកាស​ស្រាវជ្រាវ​ឆាង​អ៊ើ-5 មាន​ភារកិច្ច​ទៅ​ប្រមូល​ដុំថ្ម​គំរូ នៅលើ​ភិ​ភព​ស្ថាន​ព្រះ​ចន្ទ យកមក​ផែនដី ដើម្បី​ជួយ​ឱ្យ​អ្នកវិទ្យាសាស្ត្រ បាន​យល់ដឹង​អំពី​កម្មវិធី​ការបង្ក​កំណើត​របស់​ដួង​ចន្ទ បាន​កាន់តែខ្លាំង​ឡើង។

បើសិនជា​ទទួលបាន​ជោគជ័យ នេះ​គឺជា​លើកដំបូង​ហើយ ដែល​មនុស្ស អាច​ទៅ​ប្រមូលយក​សំណាក​គំរូ ពី​ស្ថាន​ព្រះ​ចន្ទ វិល​មក​ផែនដី​វិញ​បាន ក្នុង​ជុំ ៤០ឆ្នាំ​កន្លងមកនេះ ដោយ​ចិន គឺជា​ប្រទេស​ទី៣ តាម​ពីក្រោយ​សហរដ្ឋអាមេរិក និង​សហភាពសូវៀត ដែល​ធ្លាប់ធ្វើ​បានសម្រេច​រួចមក​ហើយ។

ភារកិច្ច​នេះ គឺជា​ផ្នែក​មួយ​នៃ​ការព្យាយាម​របស់​ប្រទេស​ចិន ក្នុងការ​ក្លាយជា​មហាអំណាច​ផ្នែក​ពិនិត្យ​ស្រាវជ្រាវ​អវកាស ដោយ​លោក​ប្រធានាធិបតី​ស៊ី ជីន​ភីង បាន​ប្រាប់ថា នេះ​ជា​ជំហាន​ថ្មី​មួយ ឆ្ពោះទៅរក​ការ​ក្លាយជា “កំណប់​ថាមពល” ដល់​ប្រទេសជាតិ។

សម្រាប់​ប្រទេស​ចិន ការពិនិត្យ​ស្រាវជ្រាវ​អវកាស គឺជា​ការបង្ហាញឱ្យឃើញ​ពី​ភាព​រីកចម្រើន​ទៅមុខ ខាង​តិច​ណូ​ឡូ​ជី​របស់​ប្រទេស និង​ក៏​ជាការ​បង្ហាញឱ្យឃើញ​ផងដែរ​ថា ពួកគេ គួរតែ​ទទួលបាន ការទទួលស្គាល់​នៅលើ​វេទិកា​ពិភពលោក។

សាស្ត្រាចារ្យ អូ​យ៉ាង ជឺ​យួន អ្នកវិទ្យាសាស្ត្រ​លំដាប់​កំពូល​របស់​ប្រទេស​ចិន បាន​ប្រាប់​សារព័ត៌មាន The People Daily របស់​រដ្ឋ​ចិន កាលពី​ឆ្នាំ២០០៦ ថា ការពិនិត្យ​ស្រាវជ្រាវ​ស្ថាន​ព្រះ​ចន្ទ បាន​ឆ្លុះ​បង្ហាញឱ្យឃើញ​ពី “ថាមពល​លំដាប់​ថ្នាក់ជាតិ ដែល​ពង្រីក​គ្របដណ្ដប់​ទៅ​គ្រប់ទិសទី។

កាលពី​ឆ្នាំ​កន្លងទៅ ចិន គឺជា​ប្រទេស​ដំបូង​គេ របស់​ពិភពលោក ដែល​ប្រើ​មនុស្ស​យន្ត​ទៅពិនិត្យ​ស្រាវជ្រាវ​ជុំវិញ​ស្ថាន​ព្រះ​ចន្ទ ពី​រយៈ​ចម្ងាយ​ឆ្ងាយ​បាន​ជោគជ័យ ហើយ​មិន​ប៉ុន្មាន​ទសវត្សរ៍​ទៀត ចាប់ពីពេលនេះ​តទៅ ពួកគេ​នឹង​រៀប​ផែនការ​ក្នុង​ការកសាង​មូលដ្ឋាន​ស្រាវជ្រាវ​នៅលើ​ស្ថាន​ព្រះ​ចន្ទ និង​បញ្ជូន​មនុស្ស​ឡើងទៅ​ពិភព​ផ្កាយ​ព្រះ​អង្គារ​ទៀតផង។

ឈ្មោះ​របស់​យានអវកាស​ឆាង​អ៊ើ បានមកពី​ឈ្មោះ​ទេព​ធិ​តា នៃ​ដួងព្រះចន្ទ តាម​ជំនឿ​របស់​ជនជាតិ​ចិន។ លោក ឃែ​រ​រី អា​ឡាន់ អ្នកវិភាគ​ព័ត៌មាន​ចិន របស់​ទីភ្នាក់ងារ​ព័ត៌មាន BBC បាន​ប្រាប់ថា មានរឿង​រ៉ាវ​ស្រដៀង​នឹង​រឿង​របស់​រ៉ូ​មេ​អូ និង​ជូ​លៀត​ដែរ ដោយមាន​ស្ត្រី​ម្នាក់ បាន​ផឹកទឹក​អ​ម្រិ​ត ដើម្បី​ក្លាយជា​មនុស្ស​អមតៈ តែ​បែរជា​ភ្លេច មិនបាន​បន្សល់ទុក​ខ្លះ ឱ្យ​ស្វាមី​របស់​នាង​បាន​ផឹក​ដែរ បន្ទាប់ពីនោះ នាង​ក៏​អណ្ដែត​ឡើងទៅ​លើ យ៉ាងស្រាលៗ ឆ្ពោះទៅកាន់​ដួងព្រះចន្ទ ដើម្បីឱ្យ​នាង​នឹង​បាន​នៅ​ជិត​ស្វាមី រហូត​ទាល់តែ​គាត់​ក្ស័យជីវិត។

គ្រប់​គ្រា​ដែល​មនុស្ស បានឮ​ឈ្មោះ ឆាង​អ៊ើ ក៏​អត់​នឹងមិន​នឹក​ដល់​រូបភាព​ទេព​ធិ​តា​ដ៏​សែន​រ៉ូ​មែន​ទិ​ក​មិនបាន​ឡើយ ដោយ​ហេតុផល​នេះហើយ ទើប​ភារកិច្ច​ទៅ​ស្ថាន​ព្រះ​ចន្ទ របស់​ប្រទេស​ចិន ត្រូវការ​ស្ត្រី​ក្រមុំ​ម្នាក់ ក្នុងការ​ធ្វើជា​រូបភាព​តំណាង ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន ក៏បាន​ប្រាប់​នាង(ចូ ឈឹ​ន​វី) ថា  នាង​ជា “ទាហាន​ជួរមុខ” ក្នុង​វិស័យ​ពិនិត្យ​ស្រាវជ្រាវ​អវកាស និង​ជា “បងស្រី​ធំ” ដែល​កំលោះ​ក្រមុំ​ជន​ជាតិចិន​ទាំងអស់ នឹង​បាន​ស្ងើចសរសើរ។

ប្រទេស​ចិន កំពុង​ចង់​ធ្វើឱ្យ​មនុស្សម្នា​ទាំងឡាយ តម្រង់​ចំណាប់អារម្មណ៍​ឆ្ពោះទៅរក​តួឯក​ស្រី​ម្នាក់ នៅ​កណ្ដាល​ក្រុមមនុស្ស​អ្នកដឹកនាំ​ប្រទេស ដែល​ពោរពេញ​ទៅដោយ​មនុស្ស​ប្រុស តែ​យ៉ាងណាក៏ដោយ មនុស្ស​ជាច្រើន នៅតែមាន​អារម្មណ៍​ថា ស្ត្រី​ចិន នៅ​មិនទាន់មាន​តួនាទី​សំខាន់​នៅក្នុង​វិស័យផ្សេងៗនៅឡើយ៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព