ជប៉ុន ត្រៀម​ថវិកា​ទិញ “ទូ​ក្លាស្សេ​កក” ជាង ១០ ០០០ទូ ដើម្បី​រក្សាទុក​វ៉ាក់សាំង​កូ​វីដ-១៩

ជប៉ុន៖  ក្រសួងសុខាភិបាល​ជប៉ុន កំពុង​ត្រៀម​រៀបចំ​ទិញ​ទូ​ក្លាស្សេ​កក ចំនួន ១០ ៥០០ទូ ដើម្បី​ប្រើប្រាស់​ក្នុងការ​រក្សាទុក វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ និង​កំពុងស្ថិត​ក្នុងអំឡុងពេល​ពិចារណា បញ្ជា​ទិញ Dry ice ១ឈុត​ធំ ដើម្បី​ប្រើប្រាស់​ក្នុងអំឡុង​ការ​ដំណើរការ​ចែកចាយ​វ៉ាក់សាំង​ជូន​ប្រជាជន។

រដ្ឋបាល​ជប៉ុន បានធ្វើ​កិច្ចព្រមព្រៀង​បញ្ជា​ទិញ​វ៉ាក់សាំង រួមទាំង​អស់ ២៩០លាន​ដូ​ស ពី​ក្រុមហ៊ុន​ហ្វ៉ៃហ្ស៊ើ​រ, អេ​ស្ត្រា ហ្សេ​នេ​កា និង​ម៉ូ​ឌើ​ណា ដែល​ចំនួន​នេះ គ្រប់គ្រាន់​សម្រាប់​ការចាក់ ២លើក ជូន​ប្រជាជន​ចំនួន ១៤៥លាន​នាក់។

យ៉ាងណាក៏ដោយ ការដឹកជញ្ជូន​វ៉ាក់សាំង ហាក់ដូច​ជាមាន​បញ្ហា​ខ្លាំង​គួរសម ដោយសារតែ​វ៉ាក់សាំង​របស់​ហ្វ៉ៃ​ហ្ស៊ើ​រ ចាំបាច់​ត្រូវ​រក្សាទុក​ក្នុង​សីតុណ្ហភាព​ទាប​បំផុត​ដល់​ទៅ -៧០អង្សា​C ចំណែក​វ៉ាក់សាំង​ម៉ូ​ឌើ​ណា ក៏ត្រូវ​រក្សាទុក​ក្នុង​សីតុណ្ហភាព -២០អង្សា​C ដែរ។

ក្រសួងសុខាភិបាល​ជប៉ុន បាន​បង្ហើប​ឱ្យដឹងថា ទាំង​ហ្វ៉ៃ​ហ្ស៊ើ​រ និង​ម៉ូ​ឌើ​ណា ដែលជា​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន ថា​កេ​ដៈ ហ្វា​ម៉ា​សឺ​ទីខ​ល របស់​ជប៉ុន​នោះ មាន​ផែនការ​ប្រុង​កសាង​បណ្ដាញ​បន្ទប់​ត្រជាក់ ដើម្បី

ឱ្យ​វ៉ាក់សាំង ត្រូវបាន​ថែរក្សា​ទុក ក្នុង​សីតុណ្ហភាព​ដែល​ស័ក្តិសម ក្នុងអំឡុង​ពេលដែល វា​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​គោលដៅ ដើម្បី​ធ្វើការ​ចាក់​ជូន​ពលរដ្ឋ។

ទាំងអស់នេះ ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩សរុប នៅក្នុង​ប្រទេស​ជប៉ុន​មាន​ប្រមាណ ១៦៥ ០០០នាក់ ស្លាប់​រួចហើយ ២ ៤១៧នាក់ ដោយ​ទីក្រុង​តូ​ក្យូ ជា​តំបន់​ដែល​រកឃើញ​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​ជាងគេ​បំផុត និង​មាន​របាយការណ៍ អ្នក​ឆ្លង​មេរោគ​ថ្មី ច្រើន​ដល់​ទៅ ៣៥២នាក់ កាលពី​ថ្ងៃ​អង្គារ(ទី៨ធ្នូ)៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ

#អរគុណសន្តិភាព