អ្នកនាំពាក្យ​មន្ទីរ​សេត​វិមាន

​សហរដ្ឋអាមេរិក៖  អំឡុងពេល ៤ឆ្នាំ នៃ​ការ​គ្រង​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​របស់​លោក ដូ​ណា​ល់ ត្រាំ មើលទៅ​ហាក់ដូចជា លោក​បានធ្វើ​ខ្លួនឯង​ជា អ្នកនាំពាក្យ និង​ញឹកញាប់​ណាស់ លោក​តែងតែ​ផ្ដល់នូវ​ទិន្នន័យ​ដែល​មិន​ត្រឹមត្រូវ រួមទាំង​ទ្រឹស្តី​រួមផ្សំ​គំនិត​ទៀតផង តែ​សម្រាប់​អ្នក​ដែល​នឹង​មក​ទទួល​តំណែង​បន្ត គឺ​លោក ចូ បៃ​ដិ​ន វិញ​នោះ លោក​បានផ្ដល់​ការសន្យា​ថា នឹង​នាំយក​វិធី​ប្រតិបត្តិ បែបពីមុនៗ មក​ប្រើ ដើម្បី​ការទំនាក់ទំនង​ដ៏​ល្អ ជាមួយ​ពលរដ្ឋ​អាមេរិកាំង​ឡើងវិញ។

ដូច្នេះហើយ ទើប​ការងារ​ក្នុងតួនាទី​នេះ ត្រូវ​ធ្លាក់​មកលើ​លោកស្រី “ចេ​ន សា​គី” អ្នក​ដែល​លោក​បៃ​ដិ​ន បានជ្រើសរើស​រួចហើយ ឱ្យមក​គ្រង​តំណែង​អ្នកនាំពាក្យ​របស់​មន្ទីរ​សេត​វិមាន។ លោកស្រី គឺជា​មន្ត្រី​ផ្នែក​ការផ្សព្វផ្សាយ និង​ទំនាក់ទំនង​សង្គម ដែលមាន​បទពិសោធ​យូរអង្វែង ធ្លាប់​ធ្វើការ​នៅក្នុង​ក្រុម​ឃោសនា​រក​សំឡេងឆ្នោត​លំដាប់​ខ្ពស់ របស់​គណបក្ស​ដេ​ម៉ូ​ក្រេ​ត យូរ​មកហើយ រួមទាំង​ធ្លាប់​គ្រង​តំណែង​សំខាន់ ក្នុងសម័យ​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា រួចមកហើយ ដូចជា អ្នកនាំពាក្យ​រង​នៃ​មន្ទី​សេត​វិមាន និង​អគ្គនាយិកា​ផ្នែក​ការផ្សព្វផ្សាយ ទំនាក់ទំនង និង​ឃោសនា​នៃ​ក្រសួងការបរទេស ជាដើម។

លោកស្រី​នឹងត្រូវ​ចូលមក​ទទួល​តំណែង ក្នុងអំឡុងពេល​ដ៏​សំខាន់ ព្រោះ​ប្រជាជន​នៅ​ស្រពេចស្រពិល​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ពី​ក្រសួង​ស្ថាប័ន​នានា និង​សម្ព័ន្ធភាព​រវាង​អ្នកសារព័ត៌មាន ជាមួយ​មន្ទីរ​សេត​វិមាន ដែល​ហាក់ដូចជា​តានតឹង​យ៉ាងខ្លាំង ក្នុងសម័យ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ។ តែ​លោកស្រី ចេ​ន សា​គី ដែល​ទើប​នឹងមាន​អាយុ​គ្រប់ ៤២ឆ្នាំ​រូបនេះ ជា​មនុស្ស​ដែល​គេ​ស្គាល់​ច្បាស់​នៅក្នុង​ក្រុង​វ៉ាស៊ីនតោន និង​មិនមែនជា​ឈ្មោះ ដែល​គេ​ស្គាល់​ក្នុង​កម្រិតធម្មតាៗឡើយ។

លោក រ៉ូ​ប៊ើ​ត គិ​បស៍ អតីត​អ្នកនាំពាក្យ នៃ​មន្ទីរ​សេត​វិមាន សម័យ​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា  បាន​ប្រាប់ថា អ្នកនាំពាក្យ​របស់​មន្ទី​រ​សេត​វិមាន គឺ​បុគ្គល ដែល​បានទទួល​ការទទួលស្គាល់​យ៉ាងខ្លាំងបំផុត ព្រោះ​ជា​តំណាង​របស់​ទាំង​គណៈ​គ្រប់គ្រង និង​រដ្ឋបាល​ជារួម។ លោកស្រី នឹងត្រូវ​ក្លាយជា​មនុស្ស​ដែល​គេ​ស្គាល់ ពេលធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស និង​ត្រូវ​ក្លាយជា​អ្នក​ដែល​គេ​ស្គាល់​ដូចគ្នា ពេល​ចូលទៅក្នុង​ហាង​លក់ទំនិញ។

 

លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ប្រើ​អ្នកនាំពាក្យ​រួចមកហើយ ៤នាក់ តែ លោក​ក៏​ច្រើនតែ​ទំនាក់ទំនង​ដោយផ្ទាល់ ជាមួយ​ប្រជាជន​អ្នកមាន​សិទ្ធិ​បញ្ចេញ​សំឡេង អាច​និយាយបានថា សរសេរ​បង្ហោះ​លើ​ធ្វី​ត​ធើរ រៀងរាល់​ម៉ោង ឬ​អធិប្បាយ​សរុប​ព័ត៌មាន​ដោយ​ខ្លួនឯង ជាពិសេស​អំឡុងពេល​ចាប់ផ្ដើម។

ការឆ្លង​រាលដាល​របស់​មេរោគ​វីរុស​កូ​វីដ-១៩ តែ​ទាំង​លោក​ប្រធានាធិបតី និង​អ្នកយកព័ត៌មាន​មន្ទីរ​សេត​វិមាន មើលទៅ​ហាក់ដូច​មិនសូវ​ជា​យល់ឃើញ​ដូចគ្នា​សោះ។

ម្នាក់​នៅក្នុង​ចំណោម​អ្នកនាំពាក្យ​មន្ទីរ​សេត​វិមាន​របស់លោក​ប្រធានាធិបតី ត្រាំ គឺ​លោកស្រី “ស្តេ​ហ្វា​នី គ្រី​ស​ឈែ​ម” មិន​ធ្លាប់​ដែល​បានធ្វើ​អធិប្បាយ​សរុប ឱ្យ​អ្នកសារព័ត៌មាន​ស្ដាប់​ម្ដងណា​ឡើយ ក្នុងអំឡុង​ការបំពេញ​តួនាទី។ ចំណែក​អ្នកនាំពាក្យ​ចុងក្រោយ​គេ​បំផុត របស់លោក ត្រាំ គឺ លោកស្រី “ឃេ​លី មែក​អ៊ី​ណា​នី” ក៏បាន​អធិប្បាយ​សរុប យូរៗម្ដង និង​រិះគន់​អ្នកសារព័ត៌មាន​ពី​រឿង​សំណួរ ការ​ពិពណ៌នា​ខ្លឹមសារ​នៃ​រឿង និង​តែង​បញ្ជាក់​ជាប់​ជានិច្ច អំពី​លេស​អាង ដែល​មិនមាន​ប្រភព របស់​មេដឹកនាំ​សហរដ្ឋអាមេរិក។

អនាគត​ប្រធានាធិបតី ចូ បៃ​ដិ​ន បានផ្ដល់​សន្យាថា នឹង​សើរើ ការបរិយាយ​សរុប​ប្រចាំថ្ងៃ ចំណែក​លោកស្រី​សា​គី ក៏បាន​ប្រាប់​ដែរ​ថា ការងារ​ក្នុងតួនាទី​របស់លោក​ស្រី គឺ​សាង​ភាពជឿជាក់ ឱ្យ​វិលត្រឡប់​មកកាន់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​វិញ​ជាថ្មី​ម្ដងទៀត ជាពិសេស​បំផុត​ក្នុងអំឡុង​ការឆ្លង​រាលដាល​របស់​វីរុស។

ពេលនេះ លោកស្រី​សា​គី កំពុង​ធ្វើជា​អ្នក​នៅចាំ​ទំនាក់ទំនង​ខាង​ទូរស័ព្ទ​ជាមួយ​អ្នកសារព័ត៌មាន រឿង​បច្ចុប្បន្នភាព នៃ​ការផ្ទេរ-ប្រគល់​អំណាច របស់លោក បៃ​ដិ​ន ឆ្ពោះទៅកាន់​មន្ទីរ​សេត​វិមាន បើទោះជា​មិន​រាល់ថ្ងៃ​ក៏ដោយ។ ចំណែក​លោក​បៃ​ដិ​ន​វិញ ក៏បាន​ថ្លែង​ព័ត៌មាន​ជា​ផ្លូវការ​រួចទៅហើយ ២លើក ចាប់តាំងពី​ថ្ងៃ​បោះឆ្នោត ៣វិច្ឆិកា​កន្លងមក តែ​លោក​ប្រធានាធិបតី ត្រាំ វិញ ទម្រាំ​នឹង​រៀបចំ​ពិធី​ថ្លែង​ព័ត៌មាន​បាន ក្រោយ​លទ្ធផល​ការបោះឆ្នោត​ឆ្នាំ២០១៦ នោះ ពេលវេលា​បាន​កន្លងផុតទៅ អស់​ជាច្រើន​សប្ដាហ៍ តែ​លើក​នេះ ក្រុមការងារ​របស់លោក​បៃ​ដិ​ន  បានផ្ដល់​ព័ត៌មាន​រាល់ថ្ងៃ​តាម​ទូរស័ព្ទ ទៅ​អ្នកសារព័ត៌មាន។

តាម​ប្រវត្តិ​របស់លោក​ស្រី ចេ​ន សា​គី គឺមាន​ស្រុកកំណើត​នៅឯ​ទីក្រុង​ស្ទែ​ម​ហ្វ៉​ដ រដ្ឋ​ខន់​នេ​តទី​ខាត់ បញ្ចប់​ការសិក្សា​មកពី​មហាវិទ្យាល័យ​វី​លលៀម អ៊ែន ម៉ា​រី  ធ្លាប់​ស្ថិតនៅក្នុង​ក្រុម​ទំនាក់ទំនង​ចាស់វស្សា​របស់លោក​បៃ​ដិ​ន ប្រចាំ​មន្ទីរ​សេត​វិមាន។ លោក “ដេ​នី​ស មែក​ដូ​ណៅ​វ៍” អតីត​ប្រធាន​ក្រុមមន្ត្រី​របស់លោក​ប្រធានាធិបតី អូ​បា​ម៉ា ប្រាប់ថា លោក​ជា​អ្នក​ហៅ​លោកស្រី​សា​គី មកពី​ក្រសួងការបរទេស ឱ្យ​វិល​មក​ប្រចាំការ​នៅ​មន្ទីរ​សេត​វិមាន ក្នុង​ឆ្នាំ២០១៥ តែ​លោកស្រី​ប្រាប់ថា កំពុង​ជិត​មានគ្រួសារ និង​គ្មានអ្វី​មក​បង្អាក់​គោលដៅ​ត្រង់នេះ​របស់លោក​ស្រី​បានឡើយ។

លោកស្រី​សា​គី រៀបការ​ជាមួយ​ស្វាមី “ក្រេ​ហ្គូ​រី មី​ឈើ​រ៍” និង​មាន​បុត្រ​ជាមួយគ្នា ២នាក់ អាយុ ៥ឆ្នាំ និង ២ឆ្នាំ។ អ្នក​ធ្លាប់​ធ្វើការ​ជិតដិត​ជាមួយគ្នា នៅក្នុង​ក្រុមការងារ​អ្នកនាំពាក្យ ដូចជា​លោក រ៉ូ​ប៊ើ​ត គិ​បស៍ បាន​ប្រាប់ថា លោកស្រី​សា​គី មាន​សម្ព័ន្ធ​ភាពល្អ ជាមួយ​អនាគត​ប្រធានាធិបតី បៃ​ដិ​ន រួមទាំង​អ្នកសារព័ត៌មាន​ផងដែរ ក្រៅពីនោះ មិត្ត​រួមការ​ងារ​របស់​លោកស្រី ថែមទាំង​បាន​ប្រាប់​ទៀតផង​ថា លោកស្រី ជា​មនុស្ស​ដែល​បារម្ភ ពី​អារម្មណ៍​របស់​អ្នក​ដែល​ធ្វើការ​ជិតដិត​ជាមួយគ្នា​ខ្លាំងណាស់។

ទីប្រឹក្សា​របស់លោក​បៃ​ដិ​ន បាន​ប្រាប់ថា មូលហេតុ​ដែល​លោក​បៃ​ដិ​ន ជ្រើសរើស​លោកស្រី​សា​គី មក​ធ្វើជា​អ្នកនាំពាក្យ​មន្ទីរ​សេត​វិមាន ព្រោះ​លោកស្រី​ធ្លាប់​ធ្វើការ ជា​អ្នកនាំពាក្យ​ក្នុងសម័យ​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​ផ្នែក​សេដ្ឋកិច្ច ជាពិសេស​ផែនការ​ជំរុញ​សេដ្ឋកិច្ច ដែល​ទាំង​លោក​បៃ​ដិ​ន និង​អនាគត​ប្រធាន​គណៈ​មន្ត្រី​ទាំងអស់ សុទ្ធតែ​ឯកភាព​ដូចគ្នា​ថា ជា​ប្រធានបទ​សំខាន់​យ៉ាងខ្លាំង ព្រោះ​លោក​បៃ​ដិ​ន​បានផ្ដល់​ការសន្យា រឿង​ការបង្កើត​ការងារ និង​កែសម្រួល​ប្រព័ន្ធ​ឧបភោគ-បរិភោគ​សាធារណៈ ដើម្បី​ប្រយុទ្ធ​នឹង​បញ្ហា​ឡើង​កម្ដៅ​ផែនដី និង​កាត់បន្ថយ​ភាពចុះ​ខ្សោយ​ខាង​សេដ្ឋកិច្ច ក្រោយ​ចប់​វិបត្តិ​កូ​វីដ-១៩៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អរគុណសន្តិភាព