“ខ្ញុំ​មិនបាន​ចង់​ចាក់​វ៉ាក់សាំង​មុនគេ​ទេ តែ​ខ្ញុំ​ចង់ឱ្យ​ប្រជាជន​អាមេរិកាំង មាន​ភាព​ជឿជាក់ថា វា​មាន​សុវត្ថិភាព” ចូ បៃ​ដិ​ន ថ្ងៃទី១៧ ធ្នូ

អាមេរិកាំង៖ លោក ចូ បៃ​ដិ​ន អនាគត​ប្រធានាធិបតី នៃ​សហរដ្ឋអាមេរិក នឹង​បានទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ នៅ​សប្ដាហ៍​ខាងមុខ ក្រោម​កិច្ច​ព្យាយាម​របស់​ភាគី​រដ្ឋ ក្នុង​ការជំរុញឱ្យ​ប្រជាជន កើតមាន​ភាពជឿជាក់​លើ​សុវត្ថិភាព​របស់​វ៉ាក់សាំង ដែល​រំពឹងថា នឹងត្រូវ​នាំយកមក​ប្រើ​យ៉ាង​ទូលំទូលាយ​នៅ​ឆ្នាំ​ខាងមុខ។

ខណៈពេល​ជាមួយគ្នា មន្ទីរ​សេត​វិមាន បាន​អះអាងថា លោក​អនុ​ប្រធានាធិបតី ម៉ៃ​ក៍ ផេ​នស៍ រួមទាំង​លោកស្រី ខា​រេ​ន ភរិយា​របស់លោក និង​លោកគ្រូ​ពេទ្យ​បណ្ឌិត ជើ​រ៉ូម អាដាម​ស៍ នឹង​បានទទួល​ការចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍(ម្សិលមិញ)។

អនាគត​មេដឹកនាំ​សហរដ្ឋអាមេរិក វ័យ ៧៨ឆ្នាំ អាច​រាប់បាន​ថា ជា​មនុស្ស​ដែលមាន​អាយុ​ច្រើន និង​ស្ថិតក្នុង​ក្រុម​ប្រឈម កើតមាន​អាការ​ប្រតិកម្ម​ធ្ងន់ធ្ងរ បើសិន​ឆ្លង​កូ​វីដ-១៩។

“ខ្ញុំ​មិនបាន​ចង់​ចាក់​វ៉ាក់សាំង​មុនគេ​ទេ តែ​ខ្ញុំ​ចង់ឱ្យ​ប្រជាជន​អាមេរិកាំង មាន​ភាព​ជឿជាក់ថា វា​មាន​សុវត្ថិភាព” ចូ បៃ​ដិ​ន បានផ្ដល់​សម្ភាស ថ្ងៃទី១៧ ធ្នូ។

ក្រុមការងារ​ផ្ទេរ-ប្រគល់​របស់លោក​បៃ​ដិ​ន មិនទាន់​អះអាងថា តើ​លោកស្រី​ព្រឹទ្ធសមាជិក កា​ម៉ា​ឡា ហ៊ែ​រី​ស អនាគត​អនុ​ប្រធានាធិបតី នឹង​បានទទួល​វ៉ាក់សាំង​នៅពេលណា​នៅឡើយ។

លោក​បៃ​ដិ​ន បានប្រកាស​ដាក់​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​ដ៏​ធំ​កូ​វីដ-១៩ នេះ ជា​ភារកិច្ច​សំខាន់​លំដាប់​ទី១ ក្រោយពី​ចូលធ្វើ​ពិធី​ស្បថ ចូលកាន់​តំណែង​ជា​ប្រធានាធិបតី នៅ​ថ្ងៃទី២០ មករា ឆ្នាំក្រោយ​រួចរាល់ ដែល​ផ្ទុយ​ពី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បរាជ័យ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី កាលពី​ថ្ងៃទី៣ វិច្ឆិកា កន្លងទៅ តែងតែ​បង្ហាញ​អាកប្បកិរិយា​មើលស្រាល​ភាពកាចសាហាវ​របស់​មេ​រោគ​វីរុស​មួយ​នេះ ដែល​បាន​ប្រហារជីវិត​ពលរដ្ឋ​អាមេរិកាំង អស់​ជាង ៣០៤ ០០០នាក់​រួចទៅហើយ។

លោកស្រី ខេ​លី​យ៍ មែក​អេ​ណា​នី​យ៍ លេខាធិការ​ផ្នែក​ព័ត៌មាន​របស់​មន្ទីរ​សេត​វិមាន បានបញ្ជាក់​កាលពី​ថ្ងៃ​អង្គារ(ទី១៥ធ្នូ) ថា លោក​ត្រាំ​ដែល​ធ្លាប់​ឆ្លង​មេរោគ​កូ​វីដ-១៩ កាលពី​ខែតុលា បាន​ត្រៀមខ្លួន​ជាស្រេច ក្នុង​ការចូល​ទទួលយក​ការចាក់​វ៉ាក់សាំងភ្លាមៗ នៅពេល​បានទទួល​ការណែនាំ​ពី​ក្រុមគ្រូពេទ្យ។

សហរដ្ឋអាមេរិក បានទទួល​វ៉ាក់សាំង ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ-បៃ​អូ​អេ​ន​ថេ​ក ឈុត​ដំបូង ក្នុង​សប្ដាហ៍​នេះ ដោយ​នឹង​ចាក់ឱ្យ​ធនធានមនុស្ស​ជួរមុខ ដូចជា គ្រូពេទ្យ គិលានុបដ្ឋាក និង​មន្ត្រី​សុខភាព​សាធារណៈ រួមទាំង​ពលរដ្ឋ​ក្នុង​ក្រុម​ប្រឈម, ជន​ចាស់ជរា​ក្នុង​មណ្ឌល​សង្គ្រោះ និង​មន្ត្រី​លំដាប់​ខ្ពស់​របស់​សហរដ្ឋអាមេរិក មួយចំនួន​ជា​ក្រុមដំបូងៗគេ។

រដ្ឋការ​សហរដ្ឋអាមេរិក រំពឹងថា នឹង​បានទទួល​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ រួមទាំង​អស់ ២,៩លាន​ដូ​ស ក្នុងអំឡុង​ចុង​សប្ដាហ៍​នេះ។

តែ​យ៉ាងណាក៏ដោយ មាន​របាយការណ៍​ថា ធនធានមនុស្ស​ខាង​កិច្ចការងារ​ពេទ្យ ក្នុង​រដ្ឋ​អា​ឡា​ស្កា ១រូប បានកើត​អាការ​ប្រតិកម្ម​ចាញ់(អាល្លែកហ្ស៊ី)យ៉ាងធ្ងន់ធ្ងរ ក្រោយ​បានទទួល​វ៉ាក់សាំង​មួយ​នេះ​រួច។ នេះ​ប្រហែលជា​មនុស្ស​ដំបូង​គេ ដែល​រកឃើញថា កើត​ប្រតិកម្ម​ចាញ់​វ៉ាក់សាំង នៅក្នុង​សហរដ្ឋអាមេរិក។

ជនជាតិ​អាមេរិកាំង​ចំនួន​មិនតិច​ទេ នៅតែ​ព្រងើយកន្តើយ​នឹង​វិធាន​ការការពារ​ខ្លួនឯង​ពី​មេរោគ​កូ​វីដ-១៩ ដូចជា មិន​ព្រម​ពាក់​ម៉ាស់​អនាម័យ​ការពារ ជាដើម និង​តាមរយៈ​ការ​រ​ធ្វើ​ប្រជាមតិ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ/អ៊ី​ប​សូ​ស កាលពីពេលថ្មីៗនេះ បាន​រកឃើញថា មាន​អ្នកឆ្លើយ​សំណួរ​ត្រឹមតែ ៦១%ប៉ុណ្ណោះ​ដែល​ពេញចិត្ត ព្រម​ទទួលយក​ការចាក់​វ៉ាក់សាំង៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព