កើនឡើង​ឥត​ឈប់! ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ ក្នុង​សហរដ្ឋអាមេរិក កើនឡើង​ហួស ១៨លាន​នាក់​ហើយ!

សហរដ្ឋអាមេរិក៖ មាន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ សរុប​លើស ១៨លាន​នាក់​ហើយ កាលពី​ថ្ងៃ​ចន្ទ(ទី២១ធ្នូ) នេះ​បើតាម​ទិន្នន័យ របស់​មហាវិទ្យាល័យ ច​ន ហប់​គី​នស៍ ក្នុងខណៈដែល​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី នៅតែ​ឆ្លង​រាតត្បាត​យ៉ាង​ខ្លាង​ក្លា​ទូទាំងប្រទេស។

តួលេខ​នេះ គឺជា​ការបញ្ជាក់​បន្ថែម​ថា សហរដ្ឋអាមេរិក គឺជា​ប្រទេស​ដែលមាន​ចំនួន​អ្នក​ឆ្លង​មេរោគ និង​ស្លាប់​ដោយសារ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក ដោយ​រហូតមកដល់​ថ្ងៃ​ចន្ទ(ទី២១ធ្នូ) អាមេរិក​មាន​អ្នក​ឆ្លង​មេរោគ​សរុប​ទាំងអស់ ១៨ ០០៦ ០៦១នាក់ ដោយ​ក្នុងនោះ​មាន​អ្នកស្លាប់​ច្រើនជាង ៣១៩ ០០០នាក់។

ប្រទេសមួយ​នេះ​បានចាប់ផ្ដើម​គ្រោងការ​ចាក់​វ៉ាក់សាំង កាលពី ១សប្ដាហ៍​មុន ក្រោយពី​អនុម័ត​ឱ្យប្រើ​វ៉ាក់សាំង ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ-បៃ​អូ​អេ​ន​ថេ​ក និង​ម៉ូ​ឌើ​ណា។

រដ្ឋ និង​ទីក្រុងផ្សេងៗ បានកំណត់​ចំណុច​កម្រិតផ្សេងៗ ដែលមាន​ភាព​តឹងរ៉ឹង​ខុសប្លែក​ពីគ្នា ក្នុងការ​ព្យាយាម​ពន្យឺត​ការឆ្លង​រាលដាល នៃ​មេរោគ​នេះ តែ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​ដែល​កំពុង​ជិត​ផុតពី​តំណែង បាន​មើលស្រាល ដដែល​ជា​ដដែល ពាក់ព័ន្ធ​នឹង​ភាពកាចសាហាវ របស់​ជំងឺ​រាតត្បាត​មួយ​នេះ និង​បង្ខំ​ឱ្យ​បើក​សេដ្ឋកិច្ច​ឡើងវិញ។

បច្ចុប្បន្ន ទង្វើ​របស់លោក​ត្រាំ នៅតែ​ដូច​មុន​ដដែល បើទោះបីជា​ខ្លួនឯង ធ្លាប់​ឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ និង​ដល់​ថ្នាក់ ត្រូវ​ទៅ​ចូលទៅ​សម្រាក​ព្យាបាល​ខ្លួន​នៅក្នុង​មន្ទីរពេទ្យ​យោធា ម្ដង​រួចហើយ​ក៏ដោយ។

តែ​អនាគត​ប្រធានាធិបតី លោក ចូ បៃ​ដិ​ន ដែល​បាន​យកឈ្នះ​លោក​ត្រាំ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី កាលពី​ថ្ងៃទី៣ វិច្ឆិកា​វិញ មាន​ទង្វើ​ដែល​បង្ហាញ​ពី​ភាព​ប្រយ័ត្នប្រយែង​ខ្លាំង​ជាង ព្រមទាំង​អំពាវនាវ​ឱ្យ​ប្រជាជន ពាក់​ម៉ាស់​អានា​ម័​យ​ការពារ និង​ប្រតិបត្តិ​តាម​វិធាន​ការរក្សា​គម្លាត​ឆ្ងាយ​ពីគ្នា​ក្នុងសង្គម។

កាលពី​ថ្ងៃ​ចន្ទ ទី២១ ធ្នូ ម្សិលមិញ លោក​បៃ​ដិ​ន បាន​ចូល​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ មួយ​ដូ​ស​ដំបូង ដែលមាន​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ស្ថានីយទូរទស្សន៍ ក្នុង​គោលបំណង​បំផុសបំផុល​បង្កើន​ភាព​ជឿជាក់​ដល់​ប្រជាជន​សហរដ្ឋអាមេរិក ចំពោះ​សុវត្ថិភាព​របស់​វ៉ាក់សាំង៕

ប្រភព៖ទីភ្នាក់ងារ​ព័ត៌មាន AFP

ប្រែ សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព