“កូរ៉េខាងត្បូង” ឆ្លង​មេរោគ​ហក់​ឡើង​ជិត​បំបែក​ស្ថិតិ ខណៈ​សារព័ត៌មាន​បន្ទោស “រដ្ឋបាល​លោក​មូ​ន” ថា យឺតយ៉ាវ មិន​ប្រញាប់​ចាក់​វ៉ាក់សាំង

កូរ៉េខាងត្បូង៖   លោក​ប្រធានាធិបតី មូ​ន ជេ​អ៊ី​ន នៃ​ប្រទេស​កូរ៉េខាងជើង កំពុង​ប្រឈម​នឹង​ចរន្ត​រិះគន់​យ៉ាងធ្ងន់ធ្ងរ កាលពី​ថ្ងៃ​ម្សិលមិញ(ពុធ​ទី២៣ធ្នូ) អំពី​ផែនការ​ចាត់ចែង​ទិញ​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ របស់លោក ដែល​មើលទៅ​ហាក់ដូចជា​យឺតយ៉ាវ​ជ្រុល​ពេក ខណៈដែល​ចំនួន​អ្នក​ឆ្លង​មេរោគ​ប្រចាំថ្ងៃ​ចុងក្រោយ​បំផុត បាន​ហក់​ឡើង​ជិត​បំបែក​ស្ថិតិ​ថ្មី។

ក្រុម​សារព័ត៌មាន នៃ​ដែនដី​ស្ពៃជ្រក់​គីម​ឈី បាននាំគ្នា​បន្ទោស​ផែនការ​ចាត់​រៀបចំ រក​វ៉ាក់សាំង​របស់​រដ្ឋាភិបាល​លោក​មូ​ន ថា សែន​រយីក​រយាក និង​ពឹង​តែ​លើ​វ៉ាក់សាំង​ដែល​ផលិត​នៅក្នុង​ប្រទេស​ខ្លាំងពេក ខណៈដែល​ការបញ្ជាទិញ​វ៉ាក់សាំង​នាំចូល​មកពី​បរទេស មើលទៅ​ហាក់ដូចជា​ឆាប់រហ័ស និង​ទាន់សភាពការណ៍​ជាង។

លទ្ធផល​ការធ្វើប្រជាមតិ ដោយ​ស្ថាប័ន Realmeter បាន​រកឃើញថា ប្រជាជន​កូរ៉េខាងត្បូង​ចំនួន ៦នាក់​ក្នុងចំណោម ១០នាក់ ជឿថា ពេល​និយាយ​ពី​វ៉ាក់សាំង​កូ​វីដ-១៩ “ភាព​ប្រញាប់ប្រញាល់” គឺជា​រឿង​ដែល​ត្រូវ​គិតគូរ ខ្លាំង​ជាង “សុវត្ថិភាព” ហើយ​រដ្ឋបាល គួរតែ​ចាប់ផ្ដើម​ចាក់​ចែកចាយ​វ៉ាក់សាំង​ឱ្យបាន​លឿន​បំផុត ដើម្បី​បន្ថយ​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី ដែល​កំពុងតែ​កើនឡើង​យ៉ាង​ឆាប់រហ័ស។

ទីភ្នាក់ងារ​គ្រប់គ្រង និង​ការពារ​រោគ​នៃ​ប្រទេស​កូរ៉េខាងត្បូង ឬ KDCA បាន​រាយការណ៍​ពី​ចំនួន​អ្នកជំងឺ​ថ្មី ១ ០៩២នាក់ ក្នុង​ជុំ ២៤ម៉ោង​កន្លងមកនេះ ដែល​ចំនួន​នេះ ជា​លំដាប់​លេខ២ បន្ទាប់ពី​ស្ថិតិ​ខ្ពស់បំផុត ១ ០៩៧នាក់ កាលពី​ថ្ងៃអាទិត្យ(ទី២០)កន្លងមក និង​ធ្វើឱ្យ​ចំនួន​អ្នកជំងឺ​សរុប​នៅក្នុង​ប្រទេសមួយ​នេះ កើនឡើង​ចំនួន ៥២ ៥៥០នាក់ និង​ស្លាប់ ៧៣៩នាក់។

ទីស្ដីការ​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ចេញមក​ថ្លែងការណ៍ កាលពី​ព្រលប់​ថ្ងៃទី២២ ធ្នូ ថា គ្រោង​ការចាក់​វ៉ាក់សាំង “នឹង​ចាប់​ផ្ដើមឡើង​ក្នុងពេលឆាប់ៗនេះ” ផ្ទុយ​នឹង​កាលពីពេល​មុននេះ ដែល​រដ្ឋបាល​លោក​មូ​ន ធ្លាប់បាន​បញ្ជាក់ថា នឹង​ចាប់ផ្ដើម​ចែកចាយ​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ នៅក្នុង​អំឡុង​ខែកុម្ភៈ ឆ្នាំ​មុខ។

អង្គភាព​សុខភាព​សាធារណៈ​កូរ៉េខាងត្បូង បាន​សម្ដែង​ក្ដីកង្វល់ ចំពោះ​អ្វីដែល​ប្រជាជន​ភាគច្រើន​មើលឃើញ​រឿង​វ៉ាក់សាំង​ថា ជាការ​ប្រកួតប្រជែង​លំដាប់​ពិភពលោក និង​បានបញ្ជាក់​ឱ្យ​សង្គម​បានដឹង​អំពី​ភាពចាំបាច់​ក្នុងការ​ត្រូវ​ធានា​ពី​សុវត្ថិភាព​របស់​វ៉ាក់សាំង​ជាមុនសិន។

លោក សន យ៉ាំង​រែ មន្ត្រី​ជើងចាស់​នៃ​ក្រសួងសុខាភិបាល​កូរ៉េខាងត្បូង បាន​ថ្លែងប្រាប់​បណ្ដាញសារព័ត៌មាន​ថា សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស មាន​ចំនួន​អ្នក​ឆ្លង​មេរោគ និង​អ្នកស្លាប់ ច្រើនជាង​កូរ៉េខាងត្បូង​ខ្លាំងណាស់ និង​គ្មាន​វិធានការ​គ្រប់គ្រង​ជំងឺ​ណា​ផ្សេង ដែល​ទទួលបាន​លទ្ធផល​ល្អ ក្រៅពី​ការចាក់​វ៉ាក់សាំង​នោះទេ។

លោក​ថ្លែងថា “យើង​គួរតែ​សម្លឹងមើល​ប្រទេស​ទាំងនោះ​ជា​គំរូ និង​ពិចារណា​ពី​កម្មវិធី​ពិនិត្យមើល​សុវត្ថិភាព​របស់​វ៉ាក់សាំង…យើង​ជឿថា នៅ​មិនទាន់មាន​ហេតុផល សមគួរ​ណាមួយ ដែល​កូរ៉េខាងត្បូង នឹងត្រូវ​ក្លាយជា​ប្រទេស​ដំបូង​គេ ឬ​ជា​ប្រទេស​ទី២ ក្នុង​ពិភពលោក ដែល​បានទទួល​វ៉ាក់សាំង​នោះទេ”

ខណៈពេល​ជាមួយគ្នា ប្រភពព័ត៌មាន បាន​បញ្ជាក់ថា ចំណែក​វ៉ាក់សាំង​កូ​វីដ-១៩ ឈុត​ដំបូង ដែល​សហរដ្ឋអាមេរិក បានរៀបចំ​បញ្ជូនមក​ឱ្យ​កង​យោធា និង​បុគ្គលិក​របស់ខ្លួន នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ប្រមាណ​ជា ២៨ ៥០០នាក់​នោះ នឹងធ្វើ​ដំណើរ​មកដល់ យ៉ាង​លឿន​បំផុត នៅ​ថ្ងៃ​ព្រហស្បតិ៍(ទី២៤)នេះ។

កងកម្លាំង​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ឬ USFK បានប្រកាសថា ក្រុមមន្ត្រី​ខាង​កិច្ចការ​ពេទ្យ និង​អ្នក​ប្រតិបត្តិការ​បន្ទាន់​ជួរមុខ នឹង​ក្លាយជា​ក្រុម​ដំបូង​គេ​ដែល​បានទទួល​វ៉ាក់សាំង។

ស្ថានការណ៍​ដែល​ត្រឡប់មក​អាក្រក់​ឡើងវិញ កំពុង​ក្លាយជា​វិបត្តិ​ថ្មី ១ទៀត សម្រាប់​ប្រទេស​កូរ៉េខាងត្បូង ដែល​ធ្លាប់បាន​ប្រើ​វិធានការ​ត្រួតពិនិត្យ​ចម្រាញ់ និង​តាមដាន​ស៊ើបអង្កេត ប្រភព​មេរោគ​ជា​ប្រព័ន្ធ រហូត​អាច​ចៀសបាន​ពី​ការបិទ​ប្រទេស និង​គ្រប់គ្រង​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី ឱ្យ​ស្ថិតក្នុង​កម្រិត​ទាប​ជាង ៥០នាក់ បាន​រហូតមក​ពេញ​មួយ​រដូវក្ដៅ​កន្លងមក។

លោកនាយក​រដ្ឋមន្ត្រី ឈុ​ង សេ គ​យុន បានបញ្ជាក់​កាលពី​ថ្ងៃទី២៣ ម្សិលមិញ​ថា រដ្ឋាភិបាល​អាច​រៀបចំ​រក​គ្រែ​អ្នកជំងឺ​បាន​ទៀតហើយ ចំនួន ៨ ០០០ ពី​តម្រូវការ​ទាំងអស់ ១០ ០០០គ្រែ ដែល​នឹង​នាំយកមក​បន្ថែម​សម្រាប់​អ្នកជំងឺ​កូ​វីដ-១៩ ដោយ​បានទទួល​ការគាំទ្រ​ពី​មន្ទី​ពេទ្យ​ឯកជន។

ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​ផ្សេងទៀត​ដែល​នៅ​ជុំវិញ បានចេញ​បញ្ជា ហាម​ការជួប​ជុំគ្នា​លើសពី ៤នាក់ ចាប់តាំងពី​ថ្ងៃទី២៣ ធ្នូ រហូតដល់​ថ្ងៃទី៣ ខែមករា ឆ្នាំ​ថ្មី ជាពិសេស ចំពោះ​ភោជនីយដ្ឋាន ឬ​អតិថិជន​ណា ដែល​លើ្ម​ស​វិធានការ​នេះ នឹងត្រូវ​រង​ការពិន័យ​ជា​ប្រាក់​ខ្ពស់បំផុត​ដល់​ទៅ ៣លាន​វ៉ុ​ន(ប្រមាណ​ជា ២ ៥០០ដុល្លារ​អាមេរិក)។

ហើយ​រដ្ឋបាល ថែមទាំង​បាន​បញ្ជា​ឱ្យ​បិទ​មណ្ឌល​កម្សាន្ត ស្គី​រី​សត និង​បណ្ដា​មណ្ឌល​ទេសចរណ៍ល្បីៗជាច្រើន​ទៀត ក្នុងអំឡុង​រដូវរងា ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​របស់​កូ​វីដ-១៩ ក្នុង​រដូវ​កាល​បុណ្យ​គ្រិស្ត​ស្មាស់ និង​ចូលឆ្នាំ​សកល​ថ្មី​នេះ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព