សប្បាយៗ ថ្ងៃអាទិត្យ ៖ អស្ចារ្យ!! រកឃើញ​សត្វ​ប្រើស Moose ពណ៌​ស​ដ៏​កម្រ ស្វាគមន៍​ថ្ងៃបុណ្យ​គ្រិស្ត​ស្មាស់ នៅក្នុង​ប្រទេស​ស៊ុយអែត

សប្បាយៗ ថ្ងៃអាទិត្យ៖  អ្នក​ថតរូប​សត្វព្រៃ​ម្នាក់ មាន​អារម្មណ៍​រំភើបចិត្ត​បំផុត ក្រោយ​ប្រទះឃើញ​សត្វ​ប្រើស​មូស (Moose) ពណ៌​ស ដ៏​កម្រ​បំផុត រស់នៅ​រួមគ្នា​ជា​ហ្វូង ប្រមាណ​ជា 30ក្បាល ដែល​បង្ហាញខ្លួន​ឡើង ដើម្បី​ស្វាគមន៍​រដូវ​កាល​គ្រិស្ត​ស្មាស់ នៅ​ក្នុងព្រៃ​ក្នុងប្រទេស​ស៊ុយអែត ដែល​អ្នកជំនាញ​ខាង​សត្វព្រៃ បញ្ជាក់ថា កើតចេញពី​ការ​ក្លាយ​ពូជ។

លោក រ៉ូ​ជើរ ប្រ៊េ​ន​ហា​ហ្គេ​ន អ្នក​ថតរូប​សត្វព្រៃ វ័យ ៥២ឆ្នាំ បាន​ប្រទះឃើញ​សត្វ​ប្រើស Moose ទាំងនោះ​ក្នុងអំឡុង​ពេលដែល​លោក​កំពុង​ចេញទៅ​ដើរលេង​តាម​ទីជនបទ ក្បែរៗតំបន់ Varmland ភាគ​ខាងលិច​នៃ​ប្រទេស​ស៊ុយអែត ហើយ​លោក​មាន​អារម្មណ៍​រំភើបចិត្ត​យ៉ាងខ្លាំង នៅពេល​ប្រទះឃើញ​ហ្វូង​សត្វ​ប្រើស​មូស​ពណ៌​ស រស់នៅ​ជុំគ្នា​ជាង ៣០ក្បាល។ លោក​និយាយថា “ខ្ញុំ​ធ្លាប់​ឃើញ​ប្រើស​មូស រាប់ពាន់​ក្បាល​មកហើយ ក្នុង​មួយជីវិត​ខ្ញុំ​នេះ តែ​បន្ទាប់​ខ្ញុំ​បាន​ពួកវា​នោះ ខ្ញុំ​សឹងតែ​ភាន់ភាំង​ស្មារតី សំណាងល្អ​ណាស់​ដែល​ខ្ញុំ​បាន​យក​កាមេរ៉ា ទៅជា​មួយ​ដែរ”

ការដែល​សត្វ​ប្រើស​ទាំងនោះ មាន​ពណ៌​ស​បែបនេះ វា​មិនមែន​កើតឡើង​ដោយសារ​ជំងឺ​ឃ្លាច​នោះទេ តែ​ជា​លទ្ធផល​ដែល​បណ្ដាលមកពី​ហ្ស៊ែ​ន ឬ​ការ​ក្លាយ​ពូជ ដែល​អាចធ្វើឱ្យ​សត្វ​មាន​រោម ដែលមាន​លក្ខណៈ​ពណ៌​ស្ករ និង​ក្នុង​ករណីខ្លះ ក៏​អាច​ក្លាយទៅជា​ពណ៌​ស ដោយ​ចាប់ពី​មាន​ពណ៌​ស ដុំៗ ឬ​រហូតដល់​ស​ពេញ​ទាំង​ខ្លួន​ទៀតផង។ សភាព​បែបនេះ គេ​ហៅថា Piebaldism ដែល​កន្លងមក គេ​ធ្លាប់​ជួបប្រទះ​ពួក​សត្វ​ប្រើស​ទាំងនេះ នៅក្នុង​តំបន់​អា​ឡា​ស្កា និង​កាណាដា ដូចដែល​កម្មវិធី National Geographic ធ្លាប់បាន​បង្ហាញ​រួចមកហើយ។

តែ​ក្នុងករណី​របស់​ជំងឺ​ឃ្លាច​នៅលើ​សត្វ និង​នៅលើ​មនុស្ស តែង​ហុច​ផល​ឱ្យ​កែវភ្នែក​មាន​ពណ៌​ផ្កាឈូកស្រាលៗ តែ​ទាំងអស់នេះ Piebaldism ត្រូវបាន​ចាត់ទុក​ក្នុងករណី Leucism ដែល​គេ​ប្រទះឃើញ​នៅលើ​សត្វ ច្រើនតែ​បាត់បង់​គ្រាប់​ពណ៌​នៅលើ​រោម តែ​ក្នុង​កែវភ្នែក នៅតែមាន​ពណ៌​ដូច​មុន​ដដែល។ លោក

ប្រ៊េ​ន​ហា​ហ្គេ​ន អធិប្បាយ​ថា “សត្វ​អាចមាន​ពណ៌ស្រាលៗនៅលើ​កន្លែង​ណាមួយ ឬ​ក្លាយជា​ពណ៌​ស​ទាំងអស់​ក៏មាន តែ​យ៉ាងណាក៏ដោយ នៅក្នុង​ភ្នែក បបូរមាត់ និង​ក្រចក ច្រើន​តែមាន​ពណ៌​ដូច​ប្រក្រតី ដែល​ផ្ទុយគ្នា​នឹង​មនុស្ស​ស្បែក​ឃ្លាច។

ទាំងអស់នេះ សត្វ​ប្រើស​មូស គឺជា​សត្វ​ដែលមាន​មាឌធំ ដែល​គេ​តែង​ប្រទះឃើញ​នៅក្នុង​ព្រៃ​នៃ​តំបន់​ត្រជាក់ និង​តំបន់​សើម​នៅលើ​ប៉ូល​ខាងជើង​នៃ​ផែនដី។ ពូជ​ប្រើស ដែលមាន​មាឌធំ​បំផុត គឺ​ពូជ​ប្រើស​អា​ឡា​ស្កា គេ​អាច​រកឃើញ​នៅក្នុង​ព្រៃ ថៃ​កា ក្នុង​ទ្វីបអាមេរិក​ខាងជើង ដែល​គេ​ហៅថា Moose  តែ​នៅក្នុង​តំបន់ យូ​រេ​សៀ គេ​ហៅថា Elk ដែល​ប្រទះឃើញ​មាន​ច្រើន នៅក្នុង​ប្រទេស​កាណាដា, ប្រទេស​ឡា​ត់វៀ, ប្រទេស​អេ​ស្តូ​នៀ និង​ប្រទេស​រុស្ស៊ី។

សត្វ​ប្រើស​មូស ជាទូទៅ ច្រើន​មាន​ទម្ងន់​ប្រមាណ​ជា ៣៦០គីឡូក្រាម កម្ពស់ ១ម៉ែត្រ​កន្លះ ដល់ ២ម៉ែត្រ​ជាង និង​អាច​ស៊ី​ចំណី​បាន​ដល់​ទៅ ៣២គីឡូក្រាម​ក្នុង ១ថ្ងៃ និង​ដោយសារ​ទំហំ​ខ្លួន និង​ស្នែង​ដែល​ហាក់ដូច​ជាធំ ធ្វើឱ្យ​វា​កម្រើកខ្លួន ឬ​ធ្វើ​ចលនា ហាក់ដូចជា​យឺតយ៉ាវ ទើប​ច្រើនតែ​ធ្លាក់ខ្លួន​ជា​ចំណីអាហារ​របស់​អ្នកប្រមាញ់ ដូចជា​សត្វ​ឆ្កែព្រៃ និង​មនុស្ស​ជាដើម។ ជាធម្មតា​ពួកវា តែងតែ​ធ្វើ​ចលនាយឺតៗ តែបើ​ពេលណា​ពួកវា​ខឹង ឬ​ភ្ញាក់ផ្អើល​វិញ ពួកវា​ក៏​អាច​រត់​បាន​លឿន​ដូចគ្នា​ដែរ។

សត្វ​ប្រើស​មូស ជា​សត្វ​ស៊ី​រុក្ខជាតិ និង​ឫស​ឈើ​ជា​អាហារ និង​អាច​ស៊ី​ស្លឹកឈើ និង​ផ្លែឈើ​បាន​ច្រើន​ប្រភេទ​ទៀតផង។ ថាមពល​របស់​សត្វ​ប្រើស ភាគច្រើន​បានមកពី​រុក្ខជាតិ និង​ឫស​ឈើ​ឱសថ​បុរាណផ្សេងៗ ដែល​មិនមែនជា​ស្មៅ តែ​ជា​ស្លឹកឈើ​ត្រួយស្រស់ៗ ដែល​ស្លឹក​រុក្ខជាតិ​ទាំងនោះ​មាន​សារជាតិ​សូ​ដ្យូ​ម​ទាប ធ្វើឱ្យ​ពួកវា​ត្រូវ​ទៅ​ផឹកទឹក​ដើម្បី​បន្ថែម​ជាតិ​សូ​ដ្យូ​ម ហើយ​ក្នុង​រដូវ​ត្រជាក់ ពួកវា តែងតែ​ដើរ​ឡើងមក​តាមផ្លូវ​ថ្នល់ ដើម្បី​លិឍ​អំបិល ដែល​មនុស្ស​យកទៅ​រោយ​នៅលើ​ផ្លូវថ្នល់​ទាំងនោះ៕

ប្រភព៖ សារព័ត៌មាន​បរទេស Dailymail

ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

#អរគុណសន្តិភាព