សិង្ហ​បុរី ចាប់ផ្តើម​វ៉ាក់សាំង ដំណាក់កាល​ដំបូង នៅ​ថ្ងៃ​ពុធ​ខាងមុខ​នេះហើយ

សិង្ហ​បុរី៖ យោងតាម​សេចក្តីប្រកាស ដែល​បាន​ធ្វើឡើង​ដោយ​ក្រសួងសុខាភិបាល នៃ​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃអាទិត្យ

ម្សិលមិញ បានឱ្យដឹងថា រដ្ឋាភិបាល បានសម្រេច​ចិត្ត​ទទួលយក​សំណើ​របស់​គណៈកម្មការ​ជំនាញ នៃ​វ៉ាក់សាំង​កូ​វីដ-១៩ក្នុងការ​ដំណើរ​ការចាក់​វ៉ាក់សាំង​របស់ខ្លួន ជា​លើកដំបូង​ហើយ។

ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្រុមការងារ​ផ្នែក​សេវា​សុខាភិបាល នឹង​ក្លាយជា​អ្នក​ដែល​អាច​ទទួលបាន​វ៉ាក់សាំង​នេះ​មុនគេ

ចាប់ពី​ថ្ងៃទី៣០ ខែធ្នូ​ខាងមុខនេះ ហើយនឹង​បន្ត​ចែកចាយ​ទៅគ្រប់​វិទ្យាស្ថាន​សុខាភិបាល​ទាំងអស់ នៅ​ទូទាំងប្រទេស​ក្នុង​សប្តាហ៍បន្ទាប់ៗទៀត។

នៅក្នុង​សេចក្តីប្រកាស​នោះ​ផងដែរ ក្រសួង​បានបញ្ជាក់​ទៀតថា ក្រសួង​នឹងមាន​ផែន​ការចាក់​វ៉ាក់សាំង ដំណាក់កាល​បន្ទាប់​ទៅលើ​ក្រុមមនុស្ស​ដែលមាន​វ័យ​លើសពី ៧០ឆ្នាំ​ឱ្យបាន ចាប់ពី​ខែកុម្ភៈ ខាងមុខ​ផងដែរ។

គួរ​ជម្រាប​ឱ្យដឹង​ដែរ​ថា វ៉ាក់សាំង​ដែល​សិង្ហ​បុរី​ចែកចាយ​នោះ គឺ​ពុំមាន​គិត​ប្រាក់​ឡើយ ចំពោះ​ពលរដ្ឋ អ្នក​ដែល​រស់នៅក្នុង​រយៈពេល​យូរ​នៅក្នុង​ប្រទេស ដែល​រួមទាំង​បុគ្គលិក​ធ្វើការ​រយៈពេល​វែង​ផងដែរ៕

#អរគុណសន្តិភាព