មេដឹកនាំ​រុស្ស៊ី និង​អ៊ីស្រាអែល ពិភាក្សាគ្នា​តាម​ទូរស័ព្ទ ពី​ការវិវឌ្ឍ​នៃ​បញ្ហា​ក្នុង​តំបន់

បរទេស៖ ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ របស់​ចិន ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ បានឱ្យដឹងថា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu ព្រមទាំង​លោក​ប្រធានាធិបតី​នៃ​ប្រទេស​រុស្សី Vladimir Putin បានធ្វើការ​ពិភាក្សាគ្នា តាម​ទូរស័ព្ទ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

កិច្ចពិភាក្សា​នេះ ត្រូវបាន​ប្រកាស​ឱ្យដឹង​ដោយ​ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ដោយបាន​បញ្ជាក់ថា ការពិភាក្សាគ្នា​នេះ មាន​គោលបំណង​សំខាន់ ដើម្បី​ជជែក​គ្នា​លើ​បញ្ហា​នានា​ក្នុង​តំបន់ ជាពិសេស​ក៏មាន​បញ្ហា​របស់​ប្រទេស​ស៊ី​រី​ផងដែរ។

នៅក្នុង​លិខិត ដែល​ត្រូវបានធ្វើ​ឡើងជា​សាធារណៈ និង​បាន​ផ្ញើ​ទៅកាន់​ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​បញ្ជាក់ថា លោក Putin បាន​ប្រា​ប់លោក Netanyahu ថា លោក​នឹង​រំពឹងទុក​ថា រុស្ស៊ី​នឹង​នៅតែ​បន្ត​ធ្វើការ​រួមគ្នា​ជាមួយនឹង​អ៊ីស្រាអែល​នៅក្នុង​ឆ្នាំ ២០២១ ដើម្បី​កសាង​ឱ្យបាន​នូវ​កម្រិត​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ប្រសើរឡើង ជាពិសេស​ការពាក់ព័ន្ធ​របស់​ភាគី​ទាំង២ លើ​រឿង​បញ្ហា​ក្នុង​តំបន់ ក៏ដូចជា​សកលលោក​ផងដែរ។

គួរឱ្យ​ដឹង​ដែរ​ថា មកដល់ពេលនេះ បញ្ហា​នៅក្នុង​ប្រទេស​ស៊ី​រី គឺ​ភាគី​រុស្ស៊ី លោក Putin ជា​អ្នកដើរ​រួមគ្នា​ជាមួយនឹង​មេដឹកនាំ Assad ខណៈដែល​អ៊ីស្រាអែល គឺជា​អ្នកបើក​ការវាយប្រហារ​តាម​អាកាស​ប្រឆាំងនឹង​ស៊ី​រី ប៉ុន្តែ​ជា​អ្វីដែល​ខ្លួន​បាន​ហៅថា ជាការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​អ្នក​ប្រយុទ្ធ​អ៊ីរ៉ង់ ដែលមាន​ឈ្មោះថា Hezbollah នៅក្នុង​តំបន់៕

#អរគុណសន្តិភាព