សហរដ្ឋអាមេរិក ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ឱ្យ​ទាហាន​ប្រចាំការ ក្នុងប្រទេស​ជប៉ុន-កូរ៉េខាងត្បូង

សហរដ្ឋអាមេរិក ៖ទាហាន​អាមេរិកាំង នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ចាប់ផ្ដើម​បានទទួល​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ ១ដូ​ស​ដំបូង​ក្នុង​សប្ដាហ៍​នេះ ខណៈដែល​ស្ថានការណ៍​ជំងឺ​រាតត្បាត​នៅក្នុង​ដែនដី​ស្ពៃជ្រក់​គីម​ឈី នៅតែ​គួរឱ្យ​ព្រួយបារម្ភ ដោយ​ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃ បាន​ហក់​ឡើង​ខ្ពស់ បំបែក​ស្ថិតិ ៤០នាក់ និង​នៅមាន​អ្នក​ឆ្លង​មេរោគ​ថ្មី ជា​មធ្យម ១ថ្ងៃ​ប្រមាណ​ជា ១ពាន់​នាក់​ទៀត។

ទាហាន​អាមេរិកាំង ក្នុង​មូលដ្ឋាន​ទ័ពអាកាស អូ​សាន ក្នុងប្រទេស​កូរ៉េខាងត្បូង ចាប់ផ្ដើម​ចូល​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ កាលពី​ថ្ងៃទី២៩ ធ្នូ ម្សិលមិញ

ទីភ្នាក់ងារ​គ្រប់គ្រង និង​បង្ការ​ជំងឺ នៃ​ប្រទេស​កូរ៉េខាងត្បូង(KDCA) បាន​រាយការណ៍​ពី​ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី ១ ០៤៦នាក់​ក្នុង​ជុំ ២៤ម៉ោង​កន្លងទៅ ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឈឺ​សរុប​ឡើងដល់ ៥៨ ៧២៥នាក់ ស្លាប់ ៨៥៩នាក់ ដោយ​អ្នកជំងឺ​ថ្មី ១ ០៣០នាក់ បាន​ឆ្លង​នៅក្នុង​ប្រទេស និង​លើស​ពាក់កណ្ដាល ជា​អ្នក​រស់នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល។

កងទ័ព​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង(USFK) ដែល​ប្រកបដោយ ទាហាន​អាមេរិកាំង ២៨ ៥០០នាក់ មិន​រួម​បុគ្គលិក​ជាប់កិច្ចសន្យា និង​ក្រុមគ្រួសារ​ទាហាន​ជាច្រើន​ពាន់​នាក់​ទៀត បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ(ទី២៩)ថា “បុគ្គលិក​ពេទ្យ និង​មន្ត្រី​ប្រឈម​នឹង​ហេតុ​អាសន្ន” នៅក្នុង​កងទ័ព គឺជា​ក្រុម​ដំបូង​គេ ដែល​បានទទួល​វ៉ាក់សាំង ធ្វើឡើង​តាម​ការស្ម័គ្រចិត្ត ដោយ USFK នឹង​បែងចែក​វ៉ាក់សាំង​ឱ្យទៅ​បុគ្គលិក​ក្នុង​ផ្នែកផ្សេងៗទៀត នៅក្នុង​ខ្សែចង្វាក់​បញ្ជាការ អាស្រ័យ​លើ​ចំនួន​ដែល​បានទទួល។

ទាំងអស់នេះ សហរដ្ឋអាមេរិក ក៏បាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ឱ្យ​ក្រុម​ទាហាន​ដែល​ប្រចាំការ​នៅក្នុង​មូលដ្ឋា​ន​ទ័ពអាកាស យ៉ូ​កូ​តៈ ក្នុងប្រទេស​ជប៉ុន រួចហើយ​ដែរ កាលពី​ថ្ងៃ​ចន្ទ(ទី២៨)។

វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ របស់​ក្រុមហ៊ុន​ម៉ូ​ឌើ​ណា (Moderna) ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ៣កន្លែង​របស់​មូលដ្ឋាន​ទ័ព​អាមេរិក នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​ចន្ទ (ទី២៨) ដោយ​កូរ៉េខាងត្បូង គឺជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ដែល​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក មាន​ផែនការ​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ឱ្យ​ទាហាន​អាមេរិកាំង​ក្នុងដំណាក់កាល​ដំបូង។

លោក ប៊ូ សឹង​ឆាន អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បានឱ្យដឹងថា USFK មាន​គោលបំណង​ក្នុង​ការចាក់​វ៉ាក់សាំង​ឱ្យ​បុគ្គលិក​ស៊ីឈ្នួល​ជនជាតិ​កូរ៉េ ដែល​ធ្វើការ​នៅក្នុង​មូលដ្ឋានទ័ព​អាមេរិក​ផងដែរ ដោយពេល​នេះ កំពុងស្ថិត​ក្នុងការ​ពិចារណា​ជាមួយ​ក្រសួង។

សម្រាប់​រដ្ឋបាល​កូរ៉េខាងត្បូង មាន​ផែនការ​ក្នុងការ​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ឱ្យ​បុគ្គលិក​ពេទ្យ និង​ពលរដ្ឋ​ក្រុម​ប្រឈម​របស់ខ្លួន នៅក្នុង​ខែកុម្ភៈ ឆ្នាំក្រោយ  ដែល​ផែនការ​នេះ បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ថា យឺតយ៉ាវ​ជ្រុល​ហួសហេតុ បើ​ប្រៀបធៀប​ជាមួយ​សហរដ្ឋអាមេរិក និង​អឺរ៉ុប ដែល​បានចាប់ផ្ដើម​គ្រោង​ការចាក់​វ៉ាក់សាំង​គ្រា​បន្ទាន់ រួចហើយនោះ។

លោក​ប្រធានាធិបតី មូ​ន ជេ​អ៊ី​ន បាន​ចេញមក​បកស្រាយ​ថា ថា​ម​ឡាញ ដែល​រដ្ឋាភិបាល​បានកំណត់​ទុក ល្មម​គ្រប់គ្រាន់ ក្នុងការ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កូរ៉េខាងត្បូង មាន “ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ជា​ក្រុម” លឿន​ប្រហាក់ប្រហែល​នឹង​ប្រទេសផ្សេងៗ និង​អាច​នឹង​លឿន​ជាង​នៅក្នុង​ប្រទេស​ជាច្រើន​ទៀតផង។

តែ​យ៉ាងណាក៏ដោយ រដ្ឋបាល​កូរ៉េ​ខាង​ត្បុ​ង បាន​អះអាងថា នឹង​ចាប់ផ្ដើម​គ្រោងការ​ចែកចាយ​វ៉ាក់សាំង​ឱ្យបាន​កាន់តែ​ឆាប់​ជាង​មុន​ឡើង ក្រោយពី​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ក្លាយ​ពូជ​ក្រុម​ដំបូង​នៅក្នុង​ប្រទេស ដែលមាន​ការពាក់ព័ន្ធ​ទៅនឹង​វីរុស ដែល​កំពុងចម្លង​រាលដាល​យ៉ាងខ្លាំង​ក្លា​នៅក្នុង​ចក្រភព​អង់គ្លេស​នៅពេលនេះ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព