ទស្សនា​រូបភាព៖ ក្រុម​អ្នកជំនាញការ​អន្តរជាតិ WHO  ចូល​ពិនិត្យ “ផ្សារ​លក់​អាហារ​សមុទ្រ វូ​ហាន” ប្រភព​កំណើត​កូ​វីដ-១៩

ហួ​ណាន(Huanan market)៖ ក្រុម​អ្នកជំនាញការ​អន្តរជាតិ​របស់​អង្គការ​សុខភាព​ពិភពលោក ឬ WHO កាលពី​ថ្ងៃអាទិត្យ(ទី៣១មករា) បានធ្វើ​ដំណើរ​ទៅកាន់​ផ្សារ ហួ​ណាន(Huanan market) ជា​ផ្សា​រលក់​អាហារ​សមុទ្រ​ស្រស់ ក្នុង​តំបន់​កណ្ដាល​ទីក្រុង​វូ​ហាន ដែលជា​ប្រភព​កំណើត នៃ​ការចម្លង​សាយភាយ​ជំងឺ​កូ​វីដ-១៩ កាលពី​ចុងឆ្នាំ២០១៩។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​ថា កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ ក្រុម​អ្នកជំនាញការ​របស់ WHO បានធ្វើ​ដំណើរ​ទៅដល់​ផ្សារ​ហួ​ណាន នៅវេលា​រសៀល ក្រោម​កិច្ចការពារ​សុវត្ថិភាព​យ៉ាង​តឹងរ៉ឹង​បំផុត ដោយមាន​ឧបករណ៍​បាំង​ឃាំង​ពណ៌​ខៀវ​ខ្ពស់ ព័ទ្ធជុំវិញ​ផ្នែក​ខាងក្រៅ​នៃ​ផ្សារ​ហួ​ណាន ទៀតផង តែ​ឧបករណ៍​បាំង​ឃាំង​ទាំងនោះ ត្រូវបាន​ដកចេញភ្លាមៗ នៅពេលដែល​ក្រុម​អ្នកជំនាញការ WHO ធ្វើដំណើរ​ទៅដល់។

រដ្ឋបាល​ចិន បានធ្វើការ​រឹតបន្តឹង​ចំពោះ​ប្រជាជន​ទូទៅ ក្នុងការ​ចូលទៅ​ផ្នែក​ខាងក្នុង​នៃ​ផ្សារ​ហួ​ណាន ចាប់​តាំង​ជំងឺ​កូ​វីដ-១៩ ត្រូវបាន​រកឃើញថា បាន​ឆ្លង​រាលដាល​ចេញពី​ផ្សារ​មួយ​នេះ និង​បាន​បិទ​មិនឱ្យ​ដំណើរការ​កាលពីដើមឆ្នាំ២០២០ ដែល​មុនពេល​បិទ​ទាំងស្រុង​នោះ នៅ​ផ្នែក​ខាងក្នុង មាន​តូប​របស់​អ្នកលក់ដូរ​ជាច្រើន​រយ​តូប ស្ថិតនៅ​តាមផ្លូវតូចៗ ដ៏​ចង្អៀត​ណែន ដែល​ចែកចេញជា​ផ្នែក​លក់​សាច់សត្វ អាហារ​សមុទ្រ និង​បន្លែផ្សេង។

មាន​អ្នកការទូត​ចិន​មួយចំនួន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋបាល​ចិន បាននាំគ្នា​ចេញមក​បញ្ជាក់ថា ពួកគេ​មិន​ជឿថា ផ្សារ​លក់​អាហារ​សមុទ្រ​វូ​ហាន ជាដើម​កំណើត​នៃ​ជំងឺ​រាតត្បាត​នោះទេ និង​បាន​សម្ដែង​ការសង្ស័យ​លើ​ទ្រឹស្ដី​សមគំនិត​ថា ជួនកាល​ដើមកំណើត​វីរុស អាច​នឹង​ចេញ​មកពី​ប្រទេស​ដទៃទៀត​ផង។

តែ​យ៉ាងណាក៏ដោយ អ្នកជំនាញការ បាន​បញ្ជាក់ថា ផ្សារ​លក់​អាហារ​សមុទ្រស្រស់ៗវូ​ហាន មាន​តួនាទី​សំខាន់​ដល់​ការ​ស៊ើបរក​ដើមកំណើត នៃ​វិបត្តិ​ជំងឺ​កូ​វីដ-១៩ឆ្លង​រាលដាល ដែល​ធ្វើឱ្យ​ពេញ ១ឆ្នាំ២០២០ ទូទាំង​ពិភពលោក ត្រូវ​រង​បទបញ្ជា Lockdown និង​ដាក់​កម្រិត​ការធ្វើដំណើរ​តាមផ្លូវ​អាកាស ដែល​ផលប៉ះពាល់​ទាំងអស់ នៅតែ​កើតមាន រហូតមកដល់​សព្វថ្ងៃ។

ក្រុម​អ្នកជំនាញការ​អន្តរជាតិ​ទាំងនោះ ត្រូវបាន​បញ្ជា​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ថ្ងៃ ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​ព្រហស្បតិ៍ ទី២៨មករា កន្លងទៅ និង​រំពឹងថា នឹង​បាន​ចូល​ទស្សនា​បន្ទប់ពិសោធន៍​ខាង​វិទ្យាសាស្ត្រ ផ្សារ​លក់​អាហារ​ស្រស់ និង​មន្ទីរពេទ្យផ្សេងៗនៅក្នុង​ទីក្រុង​វូ​ហាន។

ទីភ្នាក់ងារ​ព័ត៌មាន AP  បាន​រាយការណ៍​បន្ថែម​ថា អ្នក​សត្វវិទ្យា លោក Peter Daszak អ្នកជំនាញ​ពី​ស្ថាប័ន EcoHealth Alliance របស់​សហរដ្ឋអាមេរិក និង​ជា​សមាជិក​របស់​អង្គការ​សុខភាព​ពិភពលោក បាន​ថ្លែង​តាមរយៈ​ប្រព័ន្ធ​ធ្វី​ត​ធើរ យ៉ាង​រំភើបចិត្ត​ថា “ជាទី​កន្លែង​សំខាន់​ខ្លាំងណាស់ ក្នុងការ​មក​ទស្សនកិច្ច​ថ្ងៃនេះ” និង​បាន​បន្ថែមទៀតថា “វា​មាន​ភាព​សំខាន់​ខ្លាំងណាស់ និង​ថែមទាំង​មាន​ភាពចាំបាច់​ក្នុង​ជ្រុង​នៃ​ទិន្នន័យ ចំពោះ​ការធ្វើដំណើរ​របស់​ក្រុម​រួម​ប្រទេសផ្សេងៗរបស់​ពួកយើង សម្រាប់​ពិនិត្យ​រកមើល​ដើមកំណើត និង​ការអភិវឌ្ឍ​របស់​មេរោគ​វីរុស​កូ​វីដ-១៩ ដែល​ចាប់ផ្ដើម​ការ​រាលដាល​តាំងពី​ចុងឆ្នាំ២០១៩។

ក្នុងអំឡុងពេល​ចាប់ផ្ដើម​នៅថ្ងៃនោះ គេ​បាន​មើលឃើញ​ក្រុម​អ្នកជំនាញការ ដើរ​ពិនិត្យមើល​ខាងក្នុង​ផ្សារ ប៉ៃ​សា​ចូ ដែលជា​ផ្សារ​មួយ​ក្នុងចំណោម​ផ្សារ​លក់​អាហារ​ស្រស់ ដែលធំៗបំផុត​របស់​ទីក្រុង​វូ​ហាន ដោយ​ក្រុម​អ្នកជំនាញ​ទាំងនោះ ត្រូវបាន​ឡោមព័ទ្ធ​ជុំជិត​ដោយ​ក្រុម​អាជ្ញាធរ​ចិន និង​អ្នកតំណាងផ្សេង។

ផ្សារ​លក់​អាហារ​ស្រស់ ប៉ៃ​សា​ចូ មួយ​នេះ ជា​ប្រភព​អាហារ​តែមួយគត់ ក្នុងអំឡុងពេល ៧៦ថ្ងៃ ដែល​ទីក្រុង​វូ​ហាន​ត្រូវបាន​បញ្ជា​ឱ្យ​បិទ​ទាំងស្រុង។

អ្នកជំនាញការ​លំដាប់​អន្តរជាតិ ១ក្រុម​នេះ មាន​ទាំង​អ្នកជំនាញការ​ផ្នែក​វេជ្ជសាស្ត្រ ផ្នែក​វីរុស​វិទ្យា ផ្នែក​សត្វវិទ្យា ផ្នែក​សុវត្ថិភាព​ខាង​ចំណីអាហារ និង​ផ្នែក​ដើមកំណើត និង​ការវិវឌ្ឍ​របស់​មេរោគ ដែល​កាលពីពេល​កន្លងទៅ បាន​ទៅ​ពិនិត្យមើល​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​រួចហើយ មិនតិចជាង ២កន្លែង​ឡើយ និង​កាលពី​ថ្ងៃទី៣០មករា ពួកគេ​ថែមទាំង​បាន​ទៅ​ទស្សនា​សារមន្ទីរ​ទីក្រុង​វូ​ហាន ដែល​បានរៀបចំ​ការដាក់​បង្ហា​ញ​ពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ទៀតផង។

ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន AFP វិញ​បាន​រាយការណ៍​ថា ប៉ូលិស​ក្នុង​ទីក្រុង​វូ​ហាន បាន​ស្រែកប្រាប់​អ្នកយកព័ត៌មាន​នៅ​ផ្នែក​ខាងក្រៅ ឱ្យ​ថយ​ត្រឡប់​ទៅវិញ ព្រមទាំង​មានការ​ចាប់​អង្រួន​ជណ្ដើរ ដែល​អ្នកយកព័ត៌មាន​បាន​ឡើងឈរ ដើម្បី​ថតរូប​ភាព​ក្រុម​អ្នកជំនាញការ​ទៀតផង និង​ក្នុង​ការឆ្លើយ​នឹង​សំណួរ​ដែល​អ្នកយកព័ត៌មាន បាន​ស្រែកសួរ​ទៅ​ក្រុម​អ្នកជំនាញការ​របស់ WHO ថា តើ​មានការ​ពេញចិត្ត​ក្នុងការ​បានមក​ទស្សនា​ផ្សារ​លក់​អាហារ​ស្រស់​វូ​ហាន​ដែរ​ទេ?  ម្នាក់​ក្នុងចំណោម​អ្នកជំនាញការ​ទាំងនោះ បាន​លើក​មេដៃ ជា​ចម្លើយ​ថា មាន​អារម្មណ៍​រីករាយ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.