
កងទ័ពនៃប្រទេសមីយ៉ាន់ម៉ា បានប្រកាស “ស្ថានការណ៍អាសន្ន” ដោយទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ព័ត៌មាន Update អំពីករណីកងទ័ពមីយ៉ាន់ម៉ា បានសម្រុកចូលចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សានៃរដ្ឋ និងរដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសមីយ៉ាន់ម៉ា រួមទាំងលោកប្រធានាធិបតី វិន មីនត៍ និងថ្នាក់ដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ឬ NLD កាលពីព្រឹកព្រលឹមថ្ងៃនេះ ថា កងទ័ពមីយ៉ាន់ម៉ា បានប្រកាសដាក់ប្រទេសក្នុងស្ថានការណ៍អាសន្ន រយៈពេល ១ឆ្នាំ ព្រមទាំងតែងតាំងឧត្ដមសេនីយ៍យោធា ថ្នាក់ឧត្ដមសេនីយ៍ឯកម្នាក់ ឱ្យឡើងគ្រងតំណែងជាប្រធានាធិបតីស្ដីទី។

ស្ថានីយទូរទស្សន៍ “មៀវឌី ធីវី” របស់កងទ័ពមីយ៉ាន់ម៉ា បានបញ្ជាក់ថា កងទ័ពប្រកាសប្រើស្ថានការណ៍គ្រាអាសន្ន រយៈពេល ១ឆ្នាំ ព្រមទាំងតែងតាំងលោកឧត្ដមសេនីយ៍ឯក មីន សួយ អតីតអនុប្រធានាធិបតី និងអតីតប្រធានាធិបតីស្ដីទី កាលពីគ្រាដែលលោក ទីន ច អតីតមេដឹកនាំមីយ៉ាន់យ៉ា បានលាឈប់ពីតំណែងក្នុងឆ្នាំ២០១៦ ឡើងគ្រងតំណែងជាប្រធានាធិបតីស្ដីទី។

ដោយអំណាចគ្រប់គ្រង និងតុលាការ នឹងត្រូវបញ្ជូនបន្តទៅជូនលោកឧត្ដមសេនីយ៍ឯក មីន អង់ ឡាយ អគ្គមេបញ្ជាការ។
ការសម្រេចចិត្តប្រកាសដាក់ប្រទេសក្នុងស្ថានការណ៍គ្រាអាសន្ន បានធ្វើឡើង ដើម្បីថែរក្សាការពារសន្តិសុខរបស់រដ្ឋ ព្រមទាំងចោទប្រកាន់គណៈកម្មការរៀបចំការបោះឆ្នោត អំពីការបរាជ័យក្នុងការទប់ទល់នឹងការបោះឆ្នោត ដែលមានភាពខុសប្រក្រតី និងបង្ហាញសញ្ញាទុច្ចរិត កាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅ និងជាមូលហេតុធ្វើឱ្យកងទ័ព ត្រូវតែធ្វើរដ្ឋប្រហារ។
ខណៈដែលសកម្មភាពនៅខាងក្រៅប្រទេសមីយ៉ាន់ម៉ាវិញ លោកស្រី ចេន សាគី អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា រដ្ឋបាលសហរដ្ឋអាមេរិក ជំទាស់់ជាដាច់ខាតរាល់ក្ដីព្យាយាមណាមួយ ក្នុងការផ្លាស់ប្ដូរលទ្ធផលការបោះឆ្នោត កាលពីពេលថ្មីៗនេះ ឬរារាំងការផ្ទេរ-ប្រគល់អំណាចតាមរយៈរបបប្រជាធិបតេយ្យ ហើយនឹងដំណើរការទៅលើអ្នកដែលមានចំណែករួមទទួលខុសត្រូវ បើសកម្មភាពនេះមិនមានការវិលត្រឡប់វិញទេនោះ។

ចំណែកលោកស្រី ម៉ារីស៍ ផេន រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសអូស្ត្រាលី បានថ្លែងទាមទារឱ្យកងទ័ពមីយ៉ាន់ម៉ាដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងថ្នាក់ដឹកនាំគណបក្ស NLD ដោយបានដាស់តឿនថា កងទ័ពកំពុងព្យាយាមដណ្ដើមអំណាចគ្រប់គ្រងប្រទេសជាថ្មីម្ដងទៀត “យើងអំពាវនាវឱ្យកងទ័ព គោរពច្បាប់ ដើម្បីដោះស្រាយបញ្ហាទំនាស់តាមរយៈកម្មវិធីដែលត្រឹមត្រូវ និងដោះលែងមេដឹកនាំស៊ីវិល រួមទាំងអ្នកផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនយ៉ាងខុសច្បាប់ផងដែរ”។
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន AFP
ប្រែ និងសម្រួលដោយ ស៊ីតា
#អរគុណសន្តិភាព