ប្រញាប់ប្រញាល់!  ទូ​ក្លាស្សេ រក្សា​វ៉ាក់សាំង “ម៉ូ​ឌើ​ណា” ខូច សហរដ្ឋអាមេរិក ប្រមូល​ពលរដ្ឋ ចាក់​ទាំង​កណ្ដាលយប់ មុន​វ៉ាក់សាំង​អស់​ប្រសិទ្ធភាព

សហរដ្ឋអាមេរិក៖ កើតហេតុ​ការណ៍​រអាក់រអួល​ជាមួយ​ទូ​ក្លាស្សេ​ត្រជាក់ ១គ្រឿង របស់​មន្ទីរពេទ្យ​មួយកន្លែង នៅក្នុង​ទីក្រុង​ស៊ី​អ៊ែ​តថល រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែល​បាន​រក្សាទុក​វ៉ាក់សាំង​កូ​វីដ-១៩ ដ៏​មានតម្លៃ របស់​ម៉ូ​ឌើ​ណា ធ្វើឱ្យ​បណ្ដា​បុគ្គលិក​ពេទ្យ ត្រូវ​ប្រញាប់ប្រញាល់ បង្ខំ​ចាក់​វ៉ាក់សាំង​ទាំងនោះ ឱ្យ​ប្រជាជន​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាចទៅរួច មុននឹង​វា​លែងមាន​ប្រសិទ្ធភាព ដោយសារតែ​សីតុណ្ហភាព​លែង​ត្រជាក់​គ្រប់គ្រាន់។

រូបភាព​នៃ​ហេតុការណ៍​កាលពី​អំឡុងពេល​ចុង​សប្ដាហ៍​កន្លងទៅ ត្រូវបាន​គេ​ប្រទះឃើញ ពលរដ្ឋ​ជាច្រើន​រយ​នាក់ បាន​ប្រញាប់​ធ្វើដំណើរ​ទៅកាន់​គ្លីនិក របស់​មហាវិទ្យាល័យ​ស៊ី​អ៊ែ​តថល និង​មហាវិទ្យាល័យ​វ៉ាស៊ីនតោន រួមទាំង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ុយអែត នាពេល​កណ្ដាលយប់ ដើម្បី​ចូលទៅ​ទទួលយក​វ៉ាក់សាំង​កូ​វីដ-១៩ ក្រោយ​កើត​ស្ថានការណ៍​បន្ទាន់​ផ្នែក​វ៉ាក់សាំង ដែលមាន​ប្រភព​មកពី​ទូ​ក្លាស្សេ​កក ដែល​រក្សាទុក​វ៉ាក់សាំង ១គ្រឿង នៅឯ​មន្ទីរពេទ្យ​ក្នុង​តំបន់​មួយកន្លែង បានកើត​ការរអាក់រអួល នាពេល​ព្រលប់ នៃ​ថ្ងៃ​ព្រហស្បតិ៍(២៨មករា)។

ហេតុការណ៍​ប្រញាប់ប្រញាល់​លើក​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ២០.៥០នាទី នៃ​ថ្ងៃ​ព្រហស្បតិ៍(ទី២៨) ក្រោយពី​ទូ​ក្លាស្សេ​កក ដែល​ប្រើ​សម្រាប់​រក្សាទុក​វ៉ាក់សាំង​របស់​មន្ទីរពេទ្យ​ក្នុង​តំបន់ ក្នុង​ខ្សែបណ្ដាញ Kaiser Permanente បាន​ដំណើរការ​រអាក់រអួល បន្ទាប់ពីនោះ​បុគ្គលិក​របស់​មន្ទី​ពេទ្យ ក៏​ប្រញាប់​ជូនដំណឹង​សុំ​ជំនួយ​ទៅ​មហាវិទ្យាល័យ​វ៉ាស៊ីនតោន និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស៊ុយអែត។

សារព័ត៌មាន ស៊ី​អ៊ែ​តថល ថា​ម​ស៍ បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ ទី២៩ មករា​ថា ការ​ឈរ​តម្រង់​ជួរ​គ្នា​វែង​អន្លាយ​ពេល​កណ្ដាលរាត្រី បាន​កើតមានឡើង ដោយសារតែ​ក្រុមគ្រូពេទ្យ​ចាំបាច់ ត្រូវ​ប្រញាប់​ចាក់​វ៉ាក់សាំង​ប្រឆាំង​មេរោគ​វីរុស​កុ​រ៉ូ​ណា​ប្រភេទ​ថ្មី ឱ្យ​ប្រជាជន​ឱ្យអស់ មុនពេល​ដែល​វា នឹង​អស់​ប្រសិទ្ធភាព​ដោយសារតែ​សីតុណ្ហភាព​លែង​ត្រជាក់ នៅក្នុង​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ (ទី២៨) ឬ​ព្រឹក​ថ្ងៃ​សុក្រ(ទី២៩មករា)។

លោកស្រី ចេ​ន​នី ប្រ៊ែ​កកេ​ត​ត៍ ជំនួយការ​អ្នកផ្ដល់​ថ្នាំ ប្រចាំ​មហាវិទ្យាល័យ​វ៉ាស៊ីនតោន បាន​ប្រាប់​សារព័ត៌មាន​ស៊ី​អ៊ែ​តថល ថា​ម​ស៍​ថា “ខ្ញុំ​បានទទួល​ទូរស័ព្ទ នៅ​ម៉ោង​ប្រមាណ​ជា ៩យប់ និង​បានដឹងថា ទូ​ក្លាស្សេ​កក​ខូច តែ​យើង​អាចជួយ​គ្នា​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន​បាន មុនពេល​វា​ខូច​ប្រសិទ្ធភាព​អស់ នៅ​ម៉ោង​ប្រមាណ​ជា ៥កន្លះ ពេល​ភ្លឺ​ឡើង”

នៅឯ​មណ្ឌល​ព្យាបាល ណ​ត់​វេ​ស្ទ និង​ម៉ន់​លេក របស់​មណ្ឌល​វេជ្ជសាស្ត្រ UW Medical Center កន្លែងនីមួយៗ បានទទួល​វ៉ាក់សាំង​កូ​វីដ-១៩ សម្រាប់​ចាក់ឱ្យ​ប្រជាជន បែប​មិនដែល​បាន​នឹកស្មាន​ពីមុន​សោះ ចំនួន ៨០០ដូ​ស ចំណែក​មណ្ឌល​វេជ្ជសាស្ត្រ​ស៊ុយអែត បាន​សរសេរ​នៅក្នុង​ធ្វី​ត​ធើរ កាលពីពេល​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍(ទី២៨មករា)ថា ពួកគេ​បាន​ណាត់​ប្រជាជន ឱ្យមក​ចាក់​វ៉ាក់សាំង របស់​ម៉ូ​ឌើ​ណា បាន ៥៨៨នាក់ តាំងពី​ម៉ោង ១១យប់ រហូតដល់​ម៉ោង ២ទៀបភ្លឺ។

ជាបឋម គេ​នៅ​មិនទាន់​បានដឹង​ច្បាស់​ថា តើ​អ្វី គឺជា​មូល​ហេតុដែល​ធ្វើឱ្យ​ទូ​ក្លាស្សេ​កក របស់​មន្ទីរពេទ្យ១គ្រឿង​នោះ ដំណើរការ​រអាក់រអួល​នៅឡើយ​ទេ។

លោក ឃែ​ស​ស៊ី សៅ​អ៊ើ​រ ប្រធាន​សមាគម​មន្ទីរពេទ្យ​រដ្ឋ​វ៉ាស៊ីនតោន បាន​ថ្លែងថា “វា​ជា​អំឡុងពេលព្រលប់ៗ មាន​អ្នកខ្លះ​សង្កេតឃើញ និង​គិត​រហ័ស ហើយ​ធ្វើ​រហ័ស​ថា ត្រូវតែ​យក​វា(វ៉ាក់សាំង) ទៅឱ្យ​អ្នកណា​ដែល​អាច​ចាក់​វា​ឱ្យ​ប្រជាជន​បាន” លោក​បាន​បន្ថែមទៀតថា វ៉ាក់សាំង​ត្រូវបាន​ប្រើប្រាស់​ទាំងអស់ គ្មាន​សល់ ដោយ​មានការ​ចាក់ឱ្យ​ប្រជាជន​នៅតាម​ចំណុចផ្សេងៗអស់​ប្រមាណ​ជា ១ ៦០០ដូ​ស។

សម្រាប់​វ៉ាក់សាំង​របស់ ម៉ូ​ឌើ​ណា នេះ គេ​អាច​រក្សាទុក​បានយូរ​ដ​ល់​ទៅ ៦ខែ ក្នុង​សីតុណ្ហភាព -២០អង្សា​C តែ​រយៈ​ពេលនេះ នឹង​ថយចុះ មក​នៅត្រឹមតែ ៣០ថ្ងៃ​ប៉ុណ្ណោះ បើ​រក្សាទុក​នៅក្នុង​សីតុណ្ហភាព​ចន្លោះ​ពី ២ ទៅ ៨អង្សា​C។

ប្រភព៖ សារព័ត៌មាន នី​វ​យ៉​ក ផូ​ស្ត

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.