មីយ៉ាន់ម៉ា៖ ខាងក្រោមនេះ គឺជាការរៀបរាប់ របស់អ្នកជំនាញការជនជាតិថៃ ផ្នែកប្រទេសមីយ៉ាន់ម៉ា លោក ណាត់ថៈកាមុន ឆៃស៊ុវ៉ាន់ ដែលបានតាមដានស្ថានការណ៍របស់ប្រទេសមីយ៉ាន់ម៉ារហូតមក…។
“កុំទុកចិត្ត មនុស្សកាន់កាំភ្លើងឱ្យសោះ” បើកប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ ឧត្ដមសេនីយ៍ មីន អង់ ឡាយ អ្នកដណ្ដើមអំណាច ដោយការធ្វើរដ្ឋប្រហារមីយ៉ាន់ម៉ា ផ្ដួលរំលំលោកស្រី អ៊ុងសាន ស៊ូជី។
“នេះគឺ ឧត្ដមសេនីយ៍ ដែលបានធ្វើការប្រកាសដណ្ដើមអំណាច ដោយការធ្វើរដ្ឋប្រហារ កាលពីព្រឹកថ្ងៃចន្ទ ម្សិលមិញ ដែលបានតាមប្រមាញ់ចាប់ខ្លួនអ្នកនយោបាយដែលប្រឆាំងនឹងខ្លួន។ គេនាំគ្នានិយាយថា អ្នកសារព័ត៌មានក្នុងស្រុក ម្នាក់ៗត្រូវពួនសម្ងំ ព្រោះមិនដឹងថា នឹងត្រូវពួកទាហានបោសសម្អាតដែរ ឬយ៉ាងណានោះទេ។ អ៊ីនធើណិតត្រូវបានកាត់ផ្ដាច់ដោយកន្លែង អាកាសយានដ្ឋានក្នុងទីក្រុងយ៉ាងហ្គោន ត្រូវបានបញ្ជាឱ្យបិទ នេះគឺ ស្នាដៃរបស់លោកឧត្ដមសេនីយ៍ឯកជើងចាស់ ដ៏មានឥទ្ធិពលខ្លាំងបំផុតម្នាក់ របស់ប្រទេសមីយ៉ាន់ម៉ា។

“ប្រវត្តិរបស់លោក គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់…មីន អង់ ឡាយ ជាកូនវិស្វករ ឪពុកធ្វើការក្នុងក្រសួង លោកបានចូលរៀនច្បាប់ នៅឯមហាវិទ្យាល័យ មុននឹងស្ម័គ្រចិត្តចូលសាលានាយទាហានជាន់ទាប និងក្នុងអំឡុងពេលនោះ សាមីខ្លួន បានព្យាយាមប្រឡងចូលសាលានាយទាហានជានខ្ពស់ របស់ប្រទេសមីយ៉ាន់ម៉ា ដល់ទៅ ៣លើក ទើបប្រឡងជាប់”
“សាលានាយទាហានជាន់ខ្ពស់មីយ៉ាន់ម៉ានេះ មានមេរៀន និងការហ្វឹកហាត់ លាយបញ្ចូលគ្នា រវាងប្រព័ន្ធសាលានាយទាហានបែបអាមេរិក និងបែបអង់គ្លេស រៀន ៤ឆ្នាំ បានកម្រិតបរិញ្ញាបត្រ។ ភាពខុសប្លែកពីសាលានាយទាហានដទៃទៀតនោះគឺ រៀនរួមគ្នាគ្រប់ស្ថាប័នកងកម្លាំង ជើងគោក ជើងទឹក និងអាកាស។ រៀនជាមួយគ្នាទាំងអស់ ហ្វឹកហាត់ជាមួយគ្នាទាំងអស់ រៀនយល់ដឹង និងរស់នៅជាមួយគ្នា ស្លបញ្ជូលគ្នា រួចហើយចប់ ចេញទៅធ្វើការតែម្ដង”

“មិត្តភក្តិរួមជំនាន់ មីន អង់ ឡាយ ប្រាប់ថា សម័យនៅជាសិស្សនាយទាហាន លោកមីន អង់ ឡាយ មិនមែនជាមនុស្សលេចធ្លោអ្វីទេ ក្រោយចប់ ចូលបម្រើរដ្ឋការ លោកមានប៉ុស្តប្រចាំការ និងតែងពើបប្រយុទ្ធជាមួយពួកក្រុមជនភាគតិចជាប់ជានិច្ច។ ស្នាដៃនៃការបោសសម្អាតក្រុមជនភាគតិច បានល្បីរន្ទឺ និងបានទទួលការដំឡើងឋានន្តរស័ក្តិខ្ពស់ឡើងៗ រហូតមកដល់តំណែងអគ្គមេបញ្ជាការ ដែលតំណែងនេះ នឹងមានតែចំពោះកងទ័ពជើងគោកប៉ុណ្ណោះ ដោយនឹងគ្រងតំណែងរួមជាអគ្គមេបញ្ជាការ។ តាំងពីពេលមុនការបោះឆ្នោតមីយ៉ាន់ម៉ា លោកបានចេញមកគំរាមឱ្យគណៈកម្មការរៀបចំការបោះឆ្នោត រៀបចំការបោះឆ្នោតឱ្យបានល្អ និងថែមទាំងបានបញ្ជាក់ថា បើឃើញមានការកេងបន្លំច្រើនពេក កងទ័ពនឹងមិនទទួលយកលទ្ធផលការបោះឆ្នោតនោះទេ។ តែក្រោយមកលោក ក៏ប្រាប់ថា យល់ព្រមទទួលយក ហើយមុននឹងធ្វើរដ្ឋប្រហារ ក៏ប្រាប់ទៀតថា នឹងគោរពតាមកតិកាច្បាប់(គិតទៅមនុស្សកាន់កាំភ្លើង ពិបាកជឿទុកចិត្តណាស់ ក្រឡិចក្រឡុច ងាយប្ដូរចិត្តបំផុត)។

“លទ្ធផលការបោះឆ្នោតកន្លងមក គណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី ប្រមូលសំឡេងឆ្នោតបានយ៉ាងច្រើនមហាសាល ច្រើនឆ្នាំក្រោយ មានរដ្ឋធម្មនុញ្ញកូនកាត់លាយប្រជាធិបតេយ្យ ដែលមានកងទ័ពជាអ្នកជ្រោមជ្រែងការពារ។ លោកស្រីស៊ូជី ធ្វើការរួមជាមួយកងទ័ពរហូតមក ទាំងការបោសសម្អាតពួករ៉ូហ៊ីងយ៉ា រហូតមានឈ្មោះអាស្រូវទូទាំងពិភពលោក”
“មានអ្នកធ្លាប់ទៅសម្ភាសលោក មីន អង់ ឡាយ ថា តើលោកចង់ចូលនិវត្តន៍ ហើយរស់នៅជាពលរដ្ឋពេញសិទ្ធិបែបណាដែរ? លោកឧត្ដមសេនីយ៍រូបនោះ ឆ្លើយថា មិនទាន់បានគិតទេ “វាអាច ៥ឆ្នាំ ឬ ១០ឆ្នាំទៀត ខ្ញុំមិនអាចប្រាប់បានទេ។
“ការបោសសម្អាតក្រុមជនភាគតិចរ៉ូហ៊ីងយ៉ា យ៉ាងខ្លាំងក្លា ដែលចូលក្នុងអំពើប្រល័យពូជសាសន៍នោះ លោកមីន អង់ ឡាយ ស្ទើរតែបោះដុំភ្លើង ១ដុំនោះ ទៅឱ្យលោកស្រីស៊ូជីទាំងស្រុងទៅហើយ។ សារព័ត៌មាន ដែលធ្លាប់សម្ភាស បានអះអាងថា ឧត្ដមសេនីយ៍ម្នាក់នេះ ឆ្លាត វាងវៃ មុតស្រួច។ ការធ្វើរដ្ឋប្រហារនៅថ្ងៃនេះ ប្រើការប្រមាញ់ចាប់ខ្លួន ហើយផ្ទេរអំណាចមកឱ្យខ្លួនឯងគ្រប់គ្រងតាមគោលការណ៍រដ្ឋធម្មនុញ្ញ។ អ្នក ចង់ប្រាប់ថា វាខុសច្បាប់មិនបានទេ ព្រោះគាត់មិនបានហែករដ្ឋធម្មនុញ្ញចោលទេ ព្រមទាំងសុំពេលវេលា ១ឆ្នាំ ហើយគាត់នឹងធ្វើតាមការសន្យា ឬក៏អត់? ត្រូវតែនាំគ្នាតាមមើលតទៅទៀត”៕

ប្រភព៖ អ្នកជំនាញការផ្នែកប្រទេសមីយ៉ាន់ម៉ា លោក ណាត់ថៈកាមុន ឆៃស៊ុវ៉ាន់
ប្រែ និងសម្រួលដោយ ស៊ីតា
#អរគុណសន្តិភាព