ប្រទេសជប៉ុន៖ ត្រៀមពន្យារពេលបទបញ្ជាដាក់ទីក្រុង និងខេត្តផ្សេងៗក្នុងស្ថានការណ៍គ្រាអាសន្ន បន្តទៀតយ៉ាងតិច ១ខែ ដើម្បីឱ្យអាចគ្រប់គ្រងការឆ្លងរាលដាល របស់មេរោគកូវីដ-១៩ បានយ៉ាងមានប្រសិទ្ធភាពបន្ថែមទៀត បើទោះជាចំនួនអ្នកឆ្លងមេរោគប្រចាំថ្ងៃ ចាប់ផ្ដើមថយចុះហើយក៏ដោយ។
លោកនាយករដ្ឋមន្ត្រី យ៉ូឈិហ៊ិដេ ស៊ូង៉ៈ នៃប្រទេសជប៉ុន បានសម្រេចថា នឹងប្រកាសបន្តអាយុការប្រកាសស្ថានការណ៍គ្រាអាសន្ន រហូតដល់ថ្ងៃទី៧ មីនា ក្រោយបានទទួលការណែនាំពីគណៈអ្នកជំនាញការផ្នែកការទប់ទល់នឹងកូវីដ-១៩។
“ទោះជាចំនួនអ្នកឆ្លងមេរោគថ្មី ចាប់ផ្ដើមថយចុះខ្លះហើយក៏ដោយ តែយើងនៅតែចាំបាច់ ត្រូវតែប្រយ័ត្នប្រយែងជាបន្ត” លោក ខាត់ស៊ឹណូបុ ខាតុ អគ្គលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន បានផ្ដល់សម្ភាសជាមួយអ្នកយកព័ត៌មានបែបនេះ ព្រមទាំងបញ្ជាក់ថា ពេលនេះ មន្ទីរពេទ្យផ្សេងៗ នៅតែមានអ្នកជំងឺចូលទទួលការព្យាបាលពេញកំណត់ដដែល ហើយអត្រាស្លាប់ដោយសារកូវីដ-១៩ មិនទាន់ថយចុះនៅឡើយ។

ប្រទេសជប៉ុន មានចំនួនអ្នកឆ្លងមេរោគសរុបប្រមាណជា ៣៩២ ០០០នាក់ និងមានអ្នកស្លាប់ជាង ៥ ៨០០នាក់ ដោយនៅថ្ងៃនេះ(ទី២កុម្ភៈ) បានរកឃើញអ្នកឆ្លងមេរោគថ្មីថែមទៀត ៥៥៦នាក់។
លោកនាយករដ្ឋមន្ត្រី ស៊ូង៉ៈ និងមន្ត្រីក្នុងរដ្ឋាភិបាល នៅតែអះអាងក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាអូឡាំពិក២០២០ ឱ្យបាន នៅក្នុងខែកក្កដា ឆ្នាំនេះ បើទោះជាជប៉ុននៅតែប្រឈមនឹងការឆ្លងរាលដាលម្ដងហើយ ម្ដងទៀតរបស់មេរោគកូវីដ-១៩ ក៏ដោយ។
កាលពីខែកន្លងទៅ រដ្ឋបាលជប៉ុន បានប្រកាសស្ថានការណ៍គ្រាអាសន្ន គ្របដណ្ដប់លើ ១១តំបន់ រួមទាំងទីក្រុងតូក្យូ និងអូសាកា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលរលកទី៣ របស់មេរោគកូវីដ-១៩ ដែលកាន់តែធ្ងន់ធ្ងរៗឡើង គ្រប់ពេលដែលកើតឡើងកន្លងមក។
លោក ម៉ាស៊ុថូឈិ និឈិមូរ៉ៈ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលមើលការខុសត្រូវ លើរឿងនយោបាយប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ទៀតផងនោះ បានបញ្ជាក់ថា បទបញ្ជាពន្យារពេលស្ថានការណ៍គ្រាអាសន្នលើកនេះ នឹងមិនរួមខេត្តថូឈិងិ ភាគខាងជើងរបស់ក្រុងតូក្យូឡើយ។
កន្លងមក វិធានការគ្រប់គ្រងជំងឺរបស់ប្រទេសជប៉ុន មានខកំណត់ក្នុងការដាក់បទបញ្ជាឱ្យប្រើ ដោយសារតែមិនមានការដាក់ទណ្ឌកម្មខាងផ្លូវច្បាប់ សម្រាប់អ្នកល្មើសនោះទេ នោះគឺមានន័យថា រដ្ឋបាលអាចធ្វើបាន ត្រឹមតែអង្វរក ឱ្យផ្នែកធុរកិច្ចឯកជន និងប្រជាជនផ្ដល់ការសហការ តែប៉ុណ្ណឹងឯង។
តែយ៉ាងណាក៏ដោយ ស្ថានការណ៍អាចនឹងប្រែប្រួលក្នុងសប្ដាហ៍នេះ ដោយសារតែរដ្ឋបាល បានត្រៀមចេញច្បាប់ពិសេស ដែលអនុញ្ញាតឱ្យអាជ្ញាធរ អាចបញ្ជាផាកពិន័យពលរដ្ឋណា ដែលល្មើសវិធានការគ្រប់គ្រងជំងឺ ដោយសេចក្ដីព្រាងច្បាប់នេះ ទើបតែឆ្លងកាត់ការអនុម័តឯកភាព ពីសភាតំណាងរាស្ត្រ កាលពីថ្ងៃចន្ទ (ទី១កុម្ភៈ) និងគេរំពឹងថា នឹងទទួលបានភ្លើងបៃតង ពីព្រឹទ្ធសភានៅថ្ងៃពុធនេះ(ទី៣កុម្ភៈ)។
សម្រាប់ស្ថានការណ៍គ្រាអាសន្ន ដែលកំពុងជិតផុតកំណត់នៅក្នុងថ្ងៃអាទិត្យខាងមុខនេះ (ទី៧កុម្ភៈ) បានកំណត់ឱ្យភោជនីយដ្ឋាន និងរង្គសាល បន្ថយពេលម៉ោងផ្ដល់សេវាកម្ម និងធ្វើយុទ្ធនាការបំផុសឱ្យប្រជាជនជប៉ុន សម្ងំនៅតែក្នុងផ្ទះឱ្យបានច្រើនបំផុត ខណៈសារព័ត៌មាន និកកេអ៊ិ បានរាយការណ៍ថា ការប្រកាសស្ថានការណ៍គ្រាអាសន្នថ្មី អាចនឹងបន្ថែមខកំណត់ សម្រាប់កន្លែងហាត់ប្រាណ រោងភាពយន្ត និងហាងខារ៉ាអូខេផងដែរ បើសិនជាចំនួនអ្នកឆ្លងមេរោគថ្មីក្នុងទីក្រុងតូក្យូ វិលត្រឡប់មកកើនឡើងខ្ពស់លើស ១ ០០០នាក់ជាប់ៗគ្នាច្រើនថ្ងៃនោះ។
ទោះជាប្រទេសជប៉ុន អាចនិយាយបានថា ហាក់ដូចជាយឺតយ៉ាវជាងប្រទេសជាច្រើនទៀត លើការចែកចាយវ៉ាក់សាំងក៏ពិតមែន តែរដ្ឋបាលជប៉ុន ក៏បានផ្ដល់ការសន្យាថា នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងឱ្យបុគ្គលិកពេទ្យ និងមន្ត្រីសុខភាពសាធារណៈនៅចុងខែកុម្ភៈនេះ ខណៈពេលជាមួយគ្នា ក៏មានរបាយការណ៍ពីស្ថានីយទូរទស្សន៍ NHK បានរាយការណ៍ថា វ៉ាក់សាំងការពារកូវីដ-១៩ របស់ហ្វៃហ្ស៊ើរ ប្រហែលជានឹងទទួលបានការធានារ៉ាប់រង យ៉ាងលឿនបំផុត នៅថ្ងៃទី១២ កុម្ភៈ ខាងមុខនេះឯង៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព