ចិន៖ លោក យ៉ាង ចៀឈឺ នាយកការិយាល័យគណៈកម្មាធិការកិច្ចការអន្តរជាតិ នៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនីស្តចិន បានថ្លែងអំពាវនាវ ឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការជ្រៀតជ្រែកកិច្ចការ ដែលពាក់ព័ន្ធនឹងបូរណភាពទឹកដីរបស់ចិន ដែលក្រសួងការបរទេសសហរដ្ឋអាមេរិក បានឆ្លើយតបទៅវិញ ដោយទាមទារឱ្យរដ្ឋការក្រុងប៉េកាំង បញ្ឈប់ការដាក់សម្ពាធខាងយោធា ការទូត និងសេដ្ឋកិច្ច លើតៃវ៉ាន់។
លោកយ៉ាង បានសម្ដែងឥរិយាបថទាំងនេះតាមរយៈ តេឡេខុនហ្វ៊ើរិន ជាមួយអង្គការ NGO របស់សហរដ្ឋអាមេរិកមួយ ដែលមានឈ្មោះ NCUSCR ដោយបានអំពាវនាវ ឱ្យសហរដ្ឋអាមេរិក គោរពសេចក្ដីថ្លែងការណ៍រួម ៣ច្បាប់ រវាងសហរដ្ឋអាមេរិក ជាមួយចិន លើគោលការណ៍ប្រទេសចិនតែមួយ រួមទាំងបញ្ឈប់ការជ្រៀតជ្រែកចូលក្នុងប្រធានបទដែលពាក់ព័ន្ធនឹងបូរណភាព នៃទឹកដីរបស់ចិន ទាំងប្រធានបទហុងកុង ទីបេត៍ និងស៊ីនកៀង ដែលជាបេះដូងនៃផលប្រយោជន៍ នៃជាតិរបស់ប្រទេសចិន និងកុំធ្វើអ្វីជ្រុលហួសហេតុពេក។

ចំណែកខាងលោក Ned Price អ្នកនាំពាក្យក្រសួងការបរទេស នៃសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសេចក្ដីថ្លែងព័ត៌មាន កាលពីថ្ងៃទី២ កុម្ភៈថា “យើងសូមអំពាវនាវឱ្យក្រុងប៉េកាំង បញ្ឈប់ការដាក់សម្ពាធលើតៃវ៉ាន់ ទាំងខាងផ្នែកយោធា ការទូត និងសេដ្ឋកិច្ច ដោយប្ដូរមកជាការចរចា យ៉ាងមានអត្ថន័យ ជាមួយមេដឹកនាំ ដែលបានមកពីការបោះឆ្នោតជ្រើសតាំងរបស់តៃវ៉ាន់”
ក្រៅពីនេះ លោកនៅបានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិក ត្រូវតែមានប្រតិកម្មតបត លើការរុករាន និងគំរាមបង្ខំ ការបង្កើនការមានប្រៀបផ្នែកកិច្ចការយោធា ការពារគុណតម្លៃនៃប្រជាធិបតេយ្យ វិនិយោគលើតិចណូឡូជីកម្រិតខ្ពស់ និងស្ដារសម្ព័ន្ធភាពភាគហ៊ុនសម្ព័ន្ធមិត្តផ្នែកសន្តិសុខសុវត្ថិភាព ដែលសំខាន់ផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ ស៊ីតា
#អរគុណសន្តិភាព