ជប៉ុន​អនុម័ត ច្បាប់​ដាក់ទោស ពិន័យ​អ្នក​ល្មើស​វិធានការ​គ្រប់គ្រង​កូ​វីដ-១៩

តូ​ក្យូ៖ រដ្ឋាភិបាល​ជប៉ុន បាន​គាំទ្រ​ការកែប្រែ​ច្បាប់​គ្រប់គ្រង​ជំងឺឆ្លង ដោយ​កំណ​ត់បទ​ដាក់ទោស​ទាំង​បុគ្គល និង​ធុរកិច្ច​ណា​ដែល​មិន​ប្រតិបត្តិ​តាម​វិធានការ​ទប់ទល់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី។

សេចក្ដីព្រាងច្បាប់ ដែល​ឆ្លងកាត់​ការអនុម័ត​កាលពី​ថ្ងៃទី៣កុម្ភៈ បាន​បន្ថែម​វិធានការ​ដាក់បទបញ្ជា ដើម្បី​គ្រប់គ្រង​ការឆ្លង​រាលដាល​របស់​មេរោគ​កូ​វីដ-១៩ បន្ទាប់ពី កាលពីពេល​មុននេះ រដ្ឋបាល​ជប៉ុន​អាចធ្វើ​បាន ត្រឹមតែ “សុំ​កិច្ចសហការ” ពី​ប្រជាជន និង​ផ្ដល់ប្រាក់​ជួយ​ដល់​ធុរកិច្ច ដើម្បីឱ្យ​កាត់បន្ថយ​ពេលវេលា​ធ្វើការ​តែប៉ុណ្ណោះ។

ច្បាប់​ថ្មី​នេះ នឹង​ចាប់ផ្ដើម​មាន​សុពលភាព​ក្នុង​សប្ដាហ៍​ក្រោយ ដោយ​អ្នក​ឆ្លង​មេរោគ​ណា ដែល​បដិសេធ​ការព្យាបាល ឬ​ការដាក់​ឱ្យនៅ​ដោយឡែក នឹងមាន​ទោសពិន័យ​ជា​ប្រាក់​មិន​លើស ៥០០ ០០០យ៉េន(ជិត ៥ ០០០ដុល្លារ​អាមេរិក) អ្នក​ដែល​មិន​ផ្ដល់ដំណឹង​ពី​ការឆ្លង​មេរោគ ឬ​មិន​ផ្ដល់​ទិន្នន័យ នឹងមាន​ទោស ពិន័យ​ជា​ប្រាក់​មិន​លើស ៣០០ ០០០យ៉េន(ជាង ៣ ០០០ដុល្លារ​អាមេរិក)។

ច្បាប់​នេះ ថែមទាំង​នឹង​ធ្វើឱ្យ​រដ្ឋាភិបាល​អាច​ចេញ​វិធានការ ដើម្បី​កំណត់​សិទ្ធិ​មួយចំនួន​របស់​ប្រជាជន​បាន​ទៀតផង បើទោះជា​មិនមាន​ការប្រកាស​សភាវៈ​អាសន្ន​ខាង​សុខភាព​សាធារណៈ​ក៏ដោយ។

កាលពីពេល​មុននេះ ធ្លាប់មាន​ករណី​អ្នក​ឆ្លង​មេរោគ មិន​ព្រម​ឈប់​ធ្វើ​ការងារ ដើម្បី​ព្យាបាល​ខ្លួន​ទេ រួមទាំង​មាន​អ្នក​ចេញពី​មន្ទីរពេទ្យ ទៅ​ចូល​កន្លែង​ត្រាំ​ទឹករ៉ែ​ក្ដៅ រហូត​ចម្លង​ទៅ​អ្នកដទៃ​ទូទៅ​ជាច្រើន ហើយ​ក្នុងការ​ប្រកាស​សភាវ​អាសន្ន​លើក​ក្រោយ​បំផុត​នេះ មាន​ភោជនីយដ្ឋាន​មួយចំនួន ក៏​មិន​ព្រម​រួមសហការ​កាត់បន្ថយ​ពេលវេលា​ធ្វើការ​ដែរ ដោយ​អាង​ថា ប្រាក់​ជំនួយ​ដែល​បានទទួល​ពី​រដ្ឋាភិបាល មិន​គ្រប់គ្រាន់​ទេ ចាំបាច់​ត្រូវតែ​ធ្វើ​ការងារ​រកស៊ី​ដូច​ធម្មតា។

ពី​ដើម​រដ្ឋបាល​ជប៉ុន បានស្នើ​ឱ្យប្រើ​វិធានការ​ដាក់ទោស​ជាប់ពន្ធនាគារ និង​ពិន័យ​ជា​ប្រាក់ ១លាន​យ៉េន ចំពោះ​អ្នក​ដែល​មិន​ចូលរួម​ក្នុងការ​គ្រប់គ្រង​ជំងឺ តែ​ក្នុង​កិច្ចប្រជុំ​របស់​រដ្ឋសភា រដ្ឋាភិបាល​ត្រូវ​រង​ការរិះគន់​យ៉ាងខ្លាំង ព្រោះ​មាន​ករណី​សមាជិកសភា របស់​គណៈបក្ស​រដ្ឋាភិបាល​ជាច្រើន​នាក់ តែង​នាំគ្នា​ទៅ​ជប់លៀង​នៅពេល​រាត្រី តែ​បែរជា​មក​ធ្វើ​តឹងរ៉ឹង​ជាមួយ​ប្រជាជន​ទៅវិញ។ ទីបំផុត រដ្ឋាភិបាល ត្រូវតែ​សុខចិត្ត​ដកថយ ដោយ​លុបចោល​ទោសពិន័យ​ទាំងនោះ​វិញ៕

ប្រភព៖ សា​ព័ត៌មាន​បរទេស
ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.