សោកនាដកម្ម​កូ​វីដ ស្ត្រី​ជប៉ុន​ធ្វើអត្តឃាត ដោយសារ​ឆ្លង​មេរោគ​មួយ​គ្រួសារ

ជប៉ុន​៖ ផ្ទះ​បាន​ក្លាយជា​ប្រភព​ចម្លង​មេរោគ​កូ​វីដ​នៅក្នុង​ប្រទេស​ជប៉ុន ក្រោយពី​មាន​អ្នកជំងឺ​ក្នុង​ចំនួន​ដ៏​ច្រើន ត្រូវ​សម្រាក​ព្យាបាល​ខ្លួន​នៅក្នុង​ផ្ទះ ព្រោះ​គ្រែ​នៅក្នុង​មន្ទីរពេទ្យ លែងមាន​គ្រប់គ្រាន់ ធ្វើឱ្យ​សមាជិក​ក្នុង​គ្រួសារ ត្រូវ​ឆ្លង​មេរោគ​ជាមួយគ្នា​ដែរ រួមទាំង​ធ្វើឱ្យ​កើតមាន​ភាព​ធុញថប់​តានតឹង​ផ្នែក​ផ្លូវចិត្ត រហូត​នាំ​ឆ្ពោះទៅរក​ហេតុការណ៍​រន្ធ​ត់​ចិត្តបាន​ទៀតផង។

បើទោះជា​ក្នុងខណៈ​នេះ ចំនួន​អ្នក​ឆ្លង​មេរោគ​នៅក្នុង​ប្រទេស​ជប៉ុន មាន​សញ្ញា​ថយចុះ ក្រោយពី​រដ្ឋបាល​ប្រកាស​សភាវ​អាសន្ន​លើក​ទី២ ក្ដី តែមាន​អ្នក​ឆ្លង​មេរោគ​ក្នុង​ចំនួន​ដ៏​ច្រើន នៅតែ​ត្រូវ​សម្រាក​ព្យាបាល​ខ្លួន​នៅផ្ទះ ដើម្បី​រក្សាទុក​គ្រែ​នៅក្នុង​មន្ទីរពេទ្យ សម្រាប់តែ​អ្នកជំងឺ​ដែលមាន​អាការ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ។ គេ​បាន​ប៉ាន់ប្រមាណ​ថា ទូទាំងប្រទេស​ជប៉ុន មាន​អ្នក​ឆ្លង​មេរោគ ដែល​ចាំបាច់​ត្រូវតែ​ចូល​ទទួល​ការព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ច្រើនជាង ៦០ ០០០នាក់ តែមាន​អ្នក​ដែល​បាន​ចូល​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​មែនទែន ត្រឹមតែ​ប្រមាណ​ជា ៣០ ០០០នាក់​ប៉ុណ្ណោះ។

ទីក្រុង​តូ​ក្យូ មាន​អ្នក​ឆ្លង​មេរោគ​ដែល​ត្រូវ​ព្យាបាល​ខ្លួន​នៅផ្ទះ ច្រើនជាង ៩ ០០០នាក់ និង​បើ​រួមទាំង​តំបន់​ក្បែរ​ខាង ដូចជា​ខេត្ត​ឈិ​បៈ, សៃ​តាមៈ និង​ខា​ណា​ង៉ាវៈ ផង​នោះ មាន​អ្នកជំងឺ ដែល​ត្រូវ​ព្យាបាល​ខ្លួន​នៅផ្ទះ ច្រើនជាង ២០ ០០០នាក់ ចំណែក​ក្នុង​ទីក្រុងធំៗផ្សេងទៀត ដូចជា​ខេត្ត​អៃ​ជិ, អូ​សា​កា, ហ្វ៊ូ​គូ​អូកៈ ក៏មាន​អ្នក​ដែល​ត្រូវ​ព្យាបាល​ជំងឺ​កូ​វីដ-១៩ នៅផ្ទះ ច្រើនជាង ២ ០០០នាក់​ដែរ។

តែ​ការព្យាបាល​ខ្លួន​នៅផ្ទះ បានធ្វើឱ្យ​កើតមាន​ភាព​ប្រឈម​ក្នុង​ការចម្លង​សាយភាយ​មេរោគ ទៅ​សមាជិក​ក្នុង​គ្រួសារ ដោយ​ក្នុង​តំបន់​មិណា​តូ របស់​ទីក្រុង​តូ​ក្យូ អាជ្ញាធរ​បាន​ពិនិត្យ​រកឃើញថា ក្នុង​ក្រុមគ្រួសារ​របស់​អ្នក​ដែល​ឆ្លង​មេរោគ​កូ​វីដ-១៩ ស្ទើរតែ​ទាំងអស់ អ្នក​នៅក្នុង​គ្រួសារ​នោះ នឹង​ឆ្លង​មេរោគ​តាម​ដែរ​ក្នុងអំឡុងពេល ៧-១០ថ្ងៃក្រោយ។

កាលពី​ខែមករា មាន​កើតហេតុ​ការណ៍​ដ៏​គួរឱ្យ​សោកសង្រេង​មួយ​ឡើង នៅពេលដែល​អ្នក​ឆ្លង​មេរោគ​ម្នាក់ អាយុ ៣០ឆ្នាំ បាន​សម្រេចចិត្ត​ធ្វើអត្តឃាត ព្រោះ​មាន​អារម្មណ៍​ថា ជា​កំហុស​របស់ខ្លួន ដែល​ធ្វើឱ្យ​អ្នក​នៅក្នុង​គ្រួសារ ត្រូវ​ឆ្លង​មេរោគ​កូ​វីដ ពី​ខ្លួន​នាង។

ក្រុមគ្រួសារ​របស់​ស្ត្រី​ម្នាក់នេះ មាន​គ្នា ៤នាក់ គឺ​រូបនាង ស្វាមី និង​កូនស្រី ២នាក់។ ស្វាមី ជា​អ្នក​ឆ្លង​មេរោគ​មុនគេ បន្ទាប់ពីនោះ ខ្លួន​នាង និង​កូនស្រី​ច្បង បាន​ឆ្លង​មេរោគ តម​កកូន​ស្រី​ពៅ ក៏​ឆ្លង​មេរោគ​ពី​នាង(ម្ដាយ)។ នាង​មាន​អារម្មណ៍​សោកស្ដាយ និង​តានតឹង ដែល​មនុស្ស​មួយ​ផ្ទះ ត្រូវ​ឆ្លង​មេរោគ​កូ​វីដ និង​ថែមទាំង​កង្វល់​ទៀតថា កូនស្រី នឹង​ចម្លង​មេរោគ​នេះ ទៅ​មិត្តភក្តិ​នៅឯ​សាលារៀន​ទៀតផង។

ព្រឹក​ព្រលឹម​ឡើង ស្វាមី បាន​រកឃើញថា ភរិយា បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង និង​បន្សល់ទុក​សំបុត្រ ១ច្បាប់ សម្ដែង​ការ​សូមទោស​ចំពោះ​មនុស្ស​ជុំវិញខ្លួន​នាង។

នេះ​គ្រាន់តែ​ជា​ករណី​តូច​មួយ ដែលជា​សោកនាដកម្ម​ដ៏​រញ្ជួយ​ចិត្ត​ក្នុងសង្គម​ជប៉ុន​ប៉ុណ្ណោះ…ស្ត្រី​ជប៉ុន​រូបនោះ ក៏​ដូចនឹង​អ្នក​ឆ្លង​មេរោគ​ចំនួន​ដ៏​ច្រើន​ដទៃទៀត​ដែរ ដែល​គ្មាន​បង្ហាញ​អាការ​ជំងឺ​អ្វី​ទាំងអស់ និង​ក៏​ប្រហែលជា​មិន​ស្លាប់ ដោយសារ​មេរោគ​វីរុស​នោះ​ទៀតផង តែ​នាង​បែរជា​ត្រូវស្លាប់ ដោយសារតែ​ក្ដី​បរាជ័យ ដែល​ប្រព័ន្ធ​សុខភាព​សាធារណៈ​របស់​រដ្ឋ​ជប៉ុន មិន​អាចជួយ​ជីវិត​ប្រជាជន​បាន…៕

ប្រភព៖ សា​ព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *