មាន​សញ្ញា​ល្អ​ឡើង​ហើយ! ករណី​ឆ្លង​កូ​វីដ-១៩ថ្មី ទូទាំង​ពិភពលោក កំពុង​ថយចុះ​ជា​បន្តបន្ទាប់ ៤សប្ដាហ៍ជាប់ៗគ្នា

WHO៖ ចំនួន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ថ្មី ទូទាំង​ពិភពលោក បាន​ថយចុះ​ជា​បន្តបន្ទាប់ រយៈពេល ៤សប្ដាហ៍ជាប់ៗគ្នា​ហើយ នេះ​បើតាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក ឬ WHO ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី១០ កុម្ភៈ ធ្វើឱ្យ​សេចក្ដីសង្ឃឹម កើតមានឡើងព្រាលៗថា ពិភពលោក​កំពុង​ជិត​ឆ្លង​ផុត​វិបត្តិ​ដ៏​អាក្រក់​មួយ​នេះហើយ។

អង្គការ​សុខភាព​ពិភពលោក បញ្ជាក់ថា ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ ដែល​ទទួលបាន​ពី​របាយការណ៍​ទូទាំង​ពិភពលោក បាន​ថយចុះ ២សប្ដាហ៍ជាប់ៗគ្នា ដោយ​ក្នុង​សប្ដាហ៍​កន្លងទៅ រកឃើញ​អ្នកស្លាប់​បន្ថែម ៨៨ ០០០នាក់ ថយចុះ​ពី​សប្ដាហ៍​មុន​ហ្នឹង ១០%។

ក្នុង​របាយការណ៍​អាប់​ឌែ​ត​ស្ថានការណ៍ ការឆ្លង​រាលដាល​ប្រចាំ​សប្ដាហ៍ អង្គការ​សុខភាព​ពិភពលោក បាន​បញ្ជាក់ថា កាលពី​សប្ដាហ៍​កន្លងទៅ បានទទួល​របាយការណ៍​ពី​ករណី​អ្នក​ឆ្លង​មេរោគ​ថ្មី ច្រើនជាង ៣,១លាន​នាក់​ទូទាំង​ពិភពលោក ថយចុះ​ជាង​កាលពី​សប្ដាហ៍​មុន​ហ្នឹង ១៧% និង​អាច​និយាយបានថា ជា​សប្ដាហ៍​ដែល​រកឃើញ​អ្នក​ឆ្លង​មេរោគ​ទូទាំង​ពិភពលោក​ក្នុង​ចំនួន​តិច​បំផុត ចាប់តាំងពី​សប្ដាហ៍​បញ្ច​ប់​នៅ​ថ្ងៃទី២៦ តុលា ២០២១។

អង្គការ​សុខភាព​ពិភពលោក បានបញ្ជាក់​នៅក្នុង​របា​យ​ការណ៍​អាប់​ឌែ​ត​ប្រចាំ​សប្ដាហ៍​នោះ​ថា “ទោះជា​នៅមាន​ប្រទេស​ជាច្រើន មាន​អ្នក​ឆ្លង​មេរោគ​កើនឡើង​ក៏ដោយ តែ​ក្នុង​កម្រិត​ពិភពលោក​វិញ វា​បាន​សាង​ស្មារតី និង​កម្លាំង​ចិត្តល្អ​ឡើងវិញ​យ៉ាងខ្លាំង”

សហរដ្ឋអាមេរិក ជា​ប្រទេស​ដែល​រកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី​ក្នុង​សប្ដាហ៍​កន្លងទៅ ច្រើន​បំផុត​លើ​ពិភពលោក ក្នុង​ចំនួន ៨៧១ ៣៦៥នាក់ តែ​យ៉ាងណាក្ដី តួលេខ​នេះ អាច​និយាយបានថា ថយចុះ​ជាង​កាលពី​សប្ដាហ៍​មុន​ហ្នឹង​ដល់​ទៅ ១៩%។

ប្រេ​ស៊ី​ល បារាំង រុស្ស៊ី និង​ចក្រភព​អង់គ្លេស ក៏​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ជាច្រើន​ដែល​រាយការណ៍​ពី​ការរកឃើញ​អ្នក​ឆ្លង​មេរោគ​ថ្មី​ប្រចាំ​សប្ដាហ៍ ខ្ពស់បំផុត​ដូចគ្នា តែ​អង្គការ​សុខភាព​ពិភពលោក បាន​បញ្ជាក់ថា ទាំងអស់នោះ សុទ្ធ​តែមាន​ចំនួន​ថយចុះ​ជាង​កាលពី​សប្ដាហ៍​មុន​ហ្នឹង​ទាំងអស់។

តាមរយៈ​ទិន្នន័យ​របស់​មហាវិទ្យាល័យ ច​ន ហប់​គី​នស៍ បាន​រកឃើញថា មកដល់ពេលនេះ ទូទាំង​ពិភពលោក រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​រួចហើយ​ជាង ១០៧លាន​នាក់ ក្នុងនោះ​ស្លាប់​ជាង ២,៣លាន​នាក់ គិត​ចាប់តាំងពី​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ ចាប់​ផ្ដើមឡើង​ក្នុងអំឡុង​ចុងឆ្នាំ២០១។

ពិភពលោក​សង្ឃឹមថា វ៉ាក់សាំង​កូ​វីដ-១៩ នឹង​ក្លាយជា ច្រក​ចេញពី​វិបត្តិ​ដ៏​ធំ​នេះ ប៉ុន្តែ ក្នុងខណៈដែល​ប្រទេស​ជាច្រើន ចាប់ផ្ដើម​គ្រោងការណ៍​ចាក់​វ៉ាក់សាំង​រួចហើយ​ជាច្រើន​លាន​ដូ​ស​នោះ ក៏​នៅមាន​ប្រមាណ​ជា ១៣០ប្រទេស ដែលមាន​ប្រជាជន​សរុប​រួម​ប្រមាណ ២ ៥០០លាន​នាក់​ទៀត នៅ​មិនទាន់បាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​នៅឡើយ សូម្បីតែ ១ដូ​ស នេះ​បើតាម​ការ​ថ្លែងការណ៍​របស់លោក ថេ​ដ្រូ​ស អាត់​ហា​ណូ​ម កេ​ប្រេ​យេ​ស៊ុ​ស ប្រធាន​អង្គការ​សុខភាព​ពិភពលោក។

ដោយឡែក ទិន្នន័យ​កាលពី​អំ​ឡុងចុង​សប្ដាហ៍​មុន បាន​រកឃើញថា វ៉ាក់សាំង​ដែល​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា រួមគ្នា​អភិវឌ្ឍ​ជាមួយ​មហាវិទ្យាល័យ​អុក​ស្វ៉​ដ អាចមាន​ប្រសិទ្ធភាព​ថយចុះ ក្នុងការ​ការពារ​ការ​ឆ្លង​មេរោគ បែប​មាន​អា​ការឈឺ​ថ្កាត់​បន្តិចបន្តួច រហូត​មធ្យម សម្រាប់​មេរោគ​ក្លាយ​ពូជ ដែល​កំពុង​ឆ្លង​រាលដាល​យ៉ាង​ខ្លាំងក្លា​នៅក្នុង​អាហ្វ្រិក​ខាងត្បូង។

វ៉ាក់សាំង​របស់​អុក​ស្វ៉​ដ និង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា មានតម្លៃ​ធូរ​ថ្លៃ​ជាង ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន និង​រក្សាទុក ជាង​វ៉ាក់សាំង​ដទៃទៀត​មួយចំនួន ដែល​បានទទួល​ការអនុម័ត​ឱ្យប្រើ​រហូតមក​ដល់ពេលនេះ និង​ដោយសារ​ចំណុច​ល្អ​នេះហើយ ទើប​វា​ត្រូវបាន​គេ​រំពឹងថា នឹងមាន​តួនាទី​សំខាន់ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ដ៏​ធំ នៅក្នុង​បណ្ដា​ប្រទេស​ដែលមាន​ចំណូល​កម្រិត​ទាប និង​មធ្យម​ទាំងឡាយ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន CNN

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

 

Related Posts

Leave a Reply

Your email address will not be published.