ចប់​មួយ ដល់​មួយ!  អ្នកវិទ្យាសាស្ត្រ កង្វល់​រឿង​វីរុស​ក្លាយ​ពូជ UK ថា អាច​នឹង​ឆ្លង​រាលដាល​ពេញ​ពិភពលោក​ម្ដងទៀត

បរទេស៖ តួ​ក្លាយ​ពូជ​នៃ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ដែល​បាន​រកឃើញ និង​កំពុង​ឆ្លង​រាលដាល​យ៉ាងខ្លាំង​នៅក្នុង​ចក្រភព​អង់គ្លេស មាន​ភាព​អាចទៅរួច ក្នុង​ការឆ្លង​រាលដាល​ទៅ​ទូទាំង​ពិភពលោក នេះ​គឺ​ពាក្យ​ប្រកាសអាសន្ន​របស់លោក​ស្រី ឆា​រ៉​ន ភី​ខុ​ក អគ្គនាយិកា​គណៈ​ស្រាវជ្រាវ​ពូជ​មេរោគ​កូ​វីដ-១៩ នៃ​ចក្រភព​អង់គ្លេស ដែល​បាន​បង្ហើប​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន BBC កាលពី​ថ្ងៃ​ពុធ ទី១០កុម្ភៈ។

វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ក្លាយ​ពូជ​ចក្រភព​អង់គ្លេស ដែល​ចម្លង​សាយភាយ​មេរោគ​បាន​ងាយ​ជាង និង​លឿន​ជាង​ប្រភេទ​ចាស់ ដល់​ទៅ ៧០%នោះ ត្រូវបាន​រកឃើញ​លើកដំបូង​នៅក្នុង​ទីក្រុង​ខេន​ត៍ ក្នុងប្រទេស​អង់គ្លេស ក្នុង​ខែកញ្ញា ឆ្នាំ២០២០ ដែល​មកដល់ពេលនេះ វា​ត្រូវបាន​រកឃើញ​រួចហើយ នៅក្នុង​យ៉ាងតិច ៨៦ប្រទេស និង​ជាដើម​ហេតុ នៃ​វិធានការ Lockdown របស់​ចក្រភព​អង់គ្លេស​នាពេល​បច្ចុប្បន្ន​នេះឯង។

លោកស្រី​ភី​ខុ​ក ថ្លែងថា “វីរុស​ប្រភេទ​ថ្មី​នេះ បាន​គ្រប់គ្រង​អង់គ្លេស និង​មាន​ភាព​អាចទៅរួច​ខ្លាំង ក្នុងការ​គ្រប់គ្រង​ពិភពលោក​នាពេលខាងមុខ”

លោកស្រី​រំពឹងថា ការងារ​ស្រាវជ្រាវ​ប្រភេទ​ពូជ​វីរុស​របស់​លោកស្រី ដែល​តាមដាន​រក​តម្រុយ​ក្លាយ​ពូជ​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី អាច​ចាំបាច់​ត្រូវ​បង្អូស​ពេល​វែង ១ទសវត្សរ៍​ទៀត ក្នុងខណៈដែល​វីរុស នៅតែ​ចម្លង​សាយភាយ​ទៅ​គ្រប់ទិសទី​ក្នុង​ពិភពលោក។

“យើង​កំពុង​រៀបចំ​ធ្វើបញ្ជី​ឈ្មោះ​បណ្ដា​តួ​ក្លាយ​ពូជ​របស់​វីរុស​លំដាប់ដំបូងៗគេ ដែល​យើង​កង្វល់ ដែល​យើង​ត្រូវតែ​សង្កេត​តាមដាន ហើយ​បើ​សម្លឹង​មើលទៅ​អនាគត ខ្ញុំ​គិតថា ប្រហែលជា​យើង​ត្រូវធ្វើ​ការងារ​នេះ​ច្រើន​ឆ្នាំ​តទៅទៀត…តាម​ទស្សនៈ​របស់ខ្ញុំ ខ្ញុំ​គិតថា ប្រហែលជា​យើង នៅតែ​ត្រូវធ្វើ​បែប​ហ្នឹង​តទៅទៀត ១០ឆ្នាំ” លោកស្រី​បាន​ថ្លែង​បែបនេះ ទៅកាន់​ស្ថានីយទូរទស្សន៍ BBC។

សម្រាប់​សំណួរ​ដែល​ពាក់ព័ន្ធ​នឹង​ដើមកំណើត​របស់​មេរោគ​ក្លាយ​ពូជ​ចក្រភព​អង់គ្លេស ឬ​ដែល​អ្នកវិទ្យាសាស្ត្រ ហៅថា B.1.1.7 វិញ លោកស្រី​ភី​ខុ​ក បាន​ប្រាប់ថា មាន​ទិន្នន័យ​ខាង​វិទ្យាសាស្ត្រ​កាន់តែ​ច្រើនឡើង បញ្ជាក់ថា វា​វិ​វ​ឌ្ឍ​មកពី​អ្នកជំងឺ ដែលមាន​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ទាប​ម្នាក់។

“វីរុស​នេះ ខុសពី​អ្វីផ្សេងៗ វា​មាន​ត្រឹមតែ​ពាក្យ​អធិប្បាយ​ដែល​អាចទៅរួច ២យ៉ាង​គត់…ទី១ គឺមាន​ភ្នាក់ងារ​ចម្លង ទី២ មាន​ហេតុផល​ហាក់ដូច​ជាច្រើន​ដែរ គឺមាន​អ្នកជំងឺ​ម្នាក់ មាន​មេរោគ​សម្ងំ​នៅក្នុង​ខ្លួន​ច្រើន​ខែ​យូរ​មកហើយ និង​ដល់​ពេលវេលា​កន្លងទៅ វីរុស​ក៏មាន​ឱកាស​បំប្លែង​ខ្លួន និង​ប្រែប្រួល…ខ្ញុំ​គិតថា វា​មាន​ភ័ស្តុតាង និង​ទិន្នន័យ​មួយចំនួន ដែល​បញ្ជាក់ថា វា​គឺជា​ករណី​ទី២ នេះឯង”

លោក​បូរី​ស ច​ន​សុន នាយករដ្ឋមន្ត្រី​អង់គ្លេស ធ្លាប់បាន​ដាស់តឿន កាលពី​អំឡុង​ចុងខែ​មករា​កន្ល​ង​ទៅ​ថា មេរោគ​ក្លាយ​ពូជ​ចក្រភព​អង់គ្លេស​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ អាចមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាង​ប្រភេទផ្សេងៗកាលពីពេលមុនៗហ្នឹង ដល់​ទៅ ៣០%។

តែ​យ៉ាងណាក្ដី លោកស្រី​ភី​ខុ​ក បាន​ប្រាប់​ទៅ BBC កាលពី​ថ្ងៃទី១០ កុម្ភៈ​ថា មិនទាន់មាន​ភ័ស្តុតាង​ដែល​ច្បាស់លាស់ គាំទ្រ​ទ្រឹស្ដី​ទាំងនោះ​នៅឡើយ​ទេ ដោយ​លោកស្រី​ថ្លែងថា “រឿងនេះ មិនទាន់មាន​ចំណុច​សរុប​នៅឡើយ ខ្ញុំ​គិតថា មិនទាន់មាន​ភ័ស្តុតាង​ច្បាស់លាស់​នៅឡើយ​ទេ…ខ្ញុំ​គិតថា វា​កំពុងស្ថិត​ក្នុងអំឡុង​ការពិនិត្យ និង​ប្រមូល​ទិន្នន័យ”៕

ប្រភព៖ ទីភ្នាក់ងារ CNN/BBC

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.