សប្បាយៗ ថ្ងៃអាទិត្យ៖ ទីបំផុត ថ្ងៃនៃសេចក្ដីស្រឡាញ់ ក៏វិលមកជាថ្មីម្ដងទៀត…ងាកមើលទៅខាងណា ក៏មានតែអ្នកគោរព និងស្រឡាញ់គ្នាដែរ ដូច្នេះហើយទើបថ្ងៃនេះ ទិទីតំតាតូ សូមនាំយករឿងល្អៗ ៦យ៉ាង ដែលយើងទាំងអស់គ្នា គួរតែដឹង ពាក់ព័ន្ធនឹងថ្ងៃនៃសេចក្ដីស្រឡាញ់នេះ មកជម្រាបជូន ដើម្បីឱ្យយើងទាំងអស់គ្នា បាននាំគ្នា ធ្វើឱ្យថ្ងៃនៃសេចក្ដីស្រឡាញ់នេះ ក្លាយជាថ្ងៃដ៏មានតម្លៃមួយ ដែលមិនអាចបំភ្លេចបាន…។
១-ថ្ងៃនៃសេចក្ដីស្រឡាញ់ ត្រូវបានធ្វើឡើង ដើម្បីរំឭកដល់បព្វជិត សេនត៍ វ៉ាលេនថាញ(Saint Valentine) ដែលទទួលទោសប្រហារជីវិត ក្នុងថ្ងៃទី១៤ កុម្ភៈ គ្រិស្តសករាជ២៧០ ព្រោះក្នុងយុគសម័យនោះ មានច្បាប់ហាមឃាត់ មិនឱ្យមានការរៀបមង្គលការរបស់ក្រុមអ្នកគ្រិស្ទៀនឡើយ តែសិនត៍ វ៉ាលេនថាញ នៅតែលួចរៀបចំពិធីមង្គលការឱ្យគូស្នេហ៍គ្រិស្ទៀន រហូតដល់ត្រូវគេចាប់ឃុំឃាំង និងទទួលទោស ដោយខណៈពេលដែលត្រូវឃុំខ្លួននោះ លោកក៏បានជួបនឹងនារីពិការភ្នែក(ខ្វាក់)ម្នាក់ ដែលជាកូនស្រីរបស់អ្នកគ្រប់គ្រងគុកនោះ។ ដោយសេចក្ដីស្នេហា និងពាក្យអធិដ្ឋានរបស់លោក ព្រះជាម្ចាស់ទ្រង់បានប្រទានពរ ឱ្យភ្នែករបស់នារីម្នាក់នោះ បានភ្លឺ និងមើលឃើញឡើងវិញដូចប្រក្រតី។ តែនៅពេលរឿងនេះ ត្រូវបានដឹងដល់ត្រចៀកព្រះរាជា លោកសិនត៍ វ៉ាលេនថាញ ក៏ត្រូវប្រហារជីវិត ដោយការកាត់ក្បាល។ តមក នៅពេលមនុស្សទូទៅ បានដឹងពីរឿងរ៉ាវនេះ ក៏កើតមានក្ដីរំភើបចិត្ត និងប្រកាន់យកថ្ងៃទី១៤ កុម្ភៈរៀងរាល់ឆ្នាំ ធ្វើជាថ្ងៃនៃសេចក្ដីស្រឡាញ់ ឬ Valentine’s day រហូតមក។

២-មនុស្សដែលព្រហ្មលិខិតបញ្ជូនមក ឱ្យស្រឡាញ់យើងខ្លាំងបំផុត គឺលោកឪពុក និងអ្នកម្ដាយ…ជាសេចក្ដីស្រឡាញ់ ដែលគ្មានថ្ងៃផុតកំណត់ គ្មានលក្ខខណ្ឌ ព្រោះទោះជាយើងធាត់កន្ទ្រីលកន្ទ្រល គួរឱ្យស្អប់ ពិការ ឬធ្វើខ្លួនមិនល្អយ៉ាងណាក៏ដោយ ក៏លោកឪពុក-អ្នកម្ដាយ នៅតែត្រៀមខ្លួនជានិច្ចក្នុងការលះបង់ ដើម្បីរូបយើងជានិច្ច ដូច្នេះហើយ ក្នុងថ្ងៃនៃសេចក្ដីស្រឡាញ់នេះ ទើបស្មេរ ចង់ឱ្យអ្នកទាំងអស់គ្នាធ្វើអំពើល្អ ចំពោះលោកអ្នកមានគុណ ឱ្យបានច្រើនបំផុត។
៣-ខែកុម្ភៈ ដែលជាខែនៃសេចក្ដីស្រឡាញ់ តែក្លាយជាខែ ដែលមានចំនួនថ្ងៃ តិចជាងគេបំផុតនៃឆ្នាំទៅវិញ តែវាបានប្រាប់ឱ្យយើងដឹងថា សេចក្ដីស្រឡាញ់ ចង់ខ្លី ឬវែង វាមិនមែនស្ថិតនៅលើពេលវេលាដែលយើងសេពគប់គ្នាទេ តែស្ថិតលើការធ្វើឱ្យគ្រប់នាទី មានតម្លៃរួមគ្នា។
៤-អ្នកដែលមិនមានគូស្នេហ៍ មិនមែនជាមនុស្សអភ័ព្វ គួរឱ្យអាណិតទេ ក្នុងថ្ងៃនៃសេចក្ដីស្រឡាញ់នេះ ព្រោះអ្នកនៅលីវ ក៏អាចមានសេចក្ដីស្រឡាញ់បានដែរ ហើយអ្នកដែលគួរឱ្យអាណិតបំផុតនោះគឺ អ្នកដែលគ្មានសេចក្ដីស្រឡាញ់នៅក្នុងបេះដូងទៅវិញទេ។ ម្យ៉ាងទៀត…អ្នកដែលមានគូស្នេហ៍ តែបើគូស្នេហ៍នោះជាមនុស្សមារយាទយ៉ាប់ ជីវិតនឹងប្រៀបដូចជាការជាប់ឃុំឃាំង ធ្វើឱ្យពិបាកវេទនា ពី១ថ្ងៃទៅ១ថ្ងៃ គួរឱ្យអាណិតជាងមនុស្សនៅលីវទៅទៀត។
៥-ផ្កាកុលាប តម្លៃថ្លៃ មិនមែនបញ្ជាក់ថា គេស្រឡាញ់យើងខ្លាំងពិតប្រាកដទេ ដូច្នេះកុំទៅជឿពាក្យសម្ដីរបស់នរណាដែលថា ស្រឡាញ់អូនណាស់ ដោយសារត្រឹមតែគេឱ្យផ្កាកុលាបមានតម្លៃថ្លៃខ្ពស់កប់ពពកនោះឱ្យសោះ ព្រោះរឿងបែបនេះ វាស្ថិតនៅលើបេះដូងសុទ្ធសាធ។
៦-ថ្ងៃនៃក្ដីស្រឡាញ់ មិនមែនជាថ្ងៃលះបង់ខ្លួនប្រាណដើម្បីស្នេហាទេ…រឿងនេះសំខាន់ណាស់ ព្រោះបច្ចុប្បន្ន វាបានក្លាយជាហ្វាស្សិនប្លែកៗទៅហើយថា ថ្ងៃនៃសេចក្ដីស្រឡាញ់ សណ្ឋាគារ ឬផ្ទះសំណាក់ នឹងពេញអស់គ្រប់បន្ទប់!! មិនកើតទេ បើតែយ៉ាងដូច្នេះ! ព្រោះនៅទីបំផុតទៅ អ្នកដែលត្រូវមកអង្គុយខូចចិត្តសោកស្ដាយនៅពេលក្រោយនោះ គឺរូបយើងហ្នឹងឯង។ ការប្រព្រឹត្តផ្ដេសផ្ដាស់បែបនោះ មិនមែនជាការបញ្ជាក់ថា ស្រឡាញ់គ្នារហូតនោះទេ គួររង់ចាំដល់ពេលវេលាដែលស័ក្តិសមវិញប្រសើរជាង។

៧-គ្រូៗទីប្រឹក្សាជាច្រើននាក់ ទ្រហោយំ ដោយក្ដីរំភើបចិត្ត នៅពេលដែលកូនសិស្ស នាំគ្នាជូនផ្កាកុលាបថ្ងៃវ៉ាលេនថាញ ម្នាក់ ១ទង…ចូរនាំគ្នាសាកល្បងរៀបផែនការ “ស៊ើផ្រាយស៍” លោកគ្រូ-អ្នកគ្រូ ម្ដងមើល៍ ឱ្យមិត្តភក្តិ យកផ្កាកុលាបទៅជូនដំណាលៗគ្នា ច្បាស់ជាបានឃើញទឹកភ្នែកលោកគ្រូ-អ្នកគ្រូ ហូរចេញមកដោយក្ដីរំភើបចិត្តមិនខាន។
និងសរុបទៅ យើងអាចមានថ្ងៃនៃសេចក្ដីស្រឡាញ់បានរាល់ថ្ងៃ ត្រឹមតែធ្វើឱ្យរាល់ថ្ងៃ ក្លាយជាថ្ងៃនៃសេចក្ដីស្រឡាញ់ ដោយការមើលថែទាំគ្នាទៅវិញទៅមក, យកចិត្តទុកដាក់ពីគ្នារាល់ថ្ងៃ, អាណិត និងអនុគ្រោះឱ្យគ្នារាល់ថ្ងៃ នោះអ្នកនឹងរកឃើញថា មិនថាថ្ងៃណា ឬថ្ងៃណាទេ ពិភពលោកនឹងមានតែពណ៌ផ្កាឈូកជានិច្ច សុំត្រឹមតែមានគ្នានឹងគ្នាប៉ុណ្ណោះ៕
រៀបរៀងដោយ ទិទីតំតាតូ
#អរគុណសន្តិភាព