រាសី​ពិភពលោក​ក្នុង​ឆ្នាំឆ្លូវ ហោរា​ល្បីល្បាញ​ហុងកុង ទាយ​ថា លោក ស៊ី ជីន​ភីង ហេង ខណៈ​លោក​បៃ​ដិ​ន នឿយ…

​ហុងកុង៖ សារព័ត៌មាន សៅ ឆាយ​ណា ម៉​រ​នី​ង ផូ​ស្ត បាន​រាយការណ៍ ពី​ការ​ទស្សន៍ទាយ​ជោគជតារាសី របស់​មេដឹកនាំ​ពិភពលោក ដោយ​ហោរា​ល្បីឈ្មោះ​ជនជាតិ​ហុងកុង ស្វាគមន៍​ឆ្នាំឆ្លូវ ដែល​ទើបតែ​ចាប់​ផ្ដើមឡើង តាម​ឆ្នាំ​តារានិករ​របស់​ចិន ដែល​ក្នុង​រង្វង់​ជុំនីមួយៗ នឹង​កើតឡើង ៥ដង ក្នុង​ជុំ ៦០ឆ្នាំ និង​ក្នុង​ជុំនីមួយៗ នឹង​ចេញមក​ព្រមជាមួយ​ធាតុផ្សេងៗ ដូចជា ឈើ ភ្លើង ដី មាស(លោហៈ) និង​ទឹក។

សត្វ​ប្រចាំឆ្នាំ​តារានិករ នឹងមាន​លក្ខណៈពិសេស​ដោយឡែក ដែល​ហុច​ផល​ទៅដល់​អ្នក​ដែល​កើត​ឆ្នាំ​នោះ រួមទាំង​អ្នក​ដែល​មិន​បានកើត​ក្នុង​ឆ្នាំ​តារានិករ​នោះ​ផងដែរ។សម្រាប់​ឆ្នាំឆ្លូវ ក្នុងឆ្នាំនេះ មាន​ភាពលេច​ធ្លោ​ក្នុង​រឿង​ភាព​ឧស្សាហ៍​ព្យាយាម ស្មោះត្រង់ និង​កម្លាំង​ថាមពល។

ចាប់ផ្ដើម​ពី​មេដឹកនាំ​របស់​ទីក្រុង​ហុងកុង…ឆ្នាំនេះ នឹង​ក្លាយជា​ឆ្នាំ​ដែល​ល្អ​មួយ របស់លោក​ស្រី ឃែ​រី ឡាំ អ្នកគ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ហុងកុង បើទោះជា​កូ​វីដ-១៩ រាតត្បាត​ខ្លាំងក្លា និង​វិបត្តិ​សេដ្ឋកិច្ច​វាយលុក​ខ្លាំង​ក៏ដោយ។

អ្នកស្រី ឆ​យ អ៊ីង វ៉ា សាស្ត្រាចារ្យ​ផ្នែក​ហោរាសាស្ត្រ​ហុងកុង បាន​ទស្សន៍ទាយ​ថា នឹងមាន​រឿងរ៉ាវល្អៗ កើតឡើង​ចំពោះ​លោកស្រី​ឡាំ ដែល​កើត​ក្នុង​ឆ្នាំ១៩៥៧ ត្រូវ​នឹង​ឆ្នាំរកា (មាន់) ព្រោះ​មាន់ ជា​សត្វ​ដែល​អាច​ទៅ​ជាមួយគ្នា បានល្អ​ជាមួយ​គោ(ឆ្លូវ) ដែលជា​រួម​ទៅ ឆ្នាំឆ្លូវ នឹង​ល្អ​ចំពោះ​អ្នក​ដែល​កើត​ឆ្នាំរកា។

លោកស្រី​ឡាំ នឹងមាន​សំណាង និង​ចេះ​រៀប​យុទ្ធសាស្ត្រ​បានល្អ​ប្រសើរ​នាពេល​អនាគត ដោយ​ការតាំង​ប្រណិធាន​ដែល​មុតមាំ​នឹងនរ នឹង​ហុច​ផល​ឱ្យ​លោកស្រី​ឡាំ ឆ្លងកាត់​ឧបសគ្គ និង​ការសាកល្បងផ្សេងៗទៅបាន ទោះ​ជាមាន​បន្ទុក​ធំ ឱ្យ​ចាត់ការ​ក្ដី តែ​ក៏​នឹង​កែខៃ ដោះស្រាយបាន​ដោយ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​បានដែរ។

ចំណែក​លោក រេ​យ៍​ម៉ុ​ន ឡូ បរមគ្រូ​ហុងស៊ុយ វិញ បាន​ព្យាករ​ថា លោកស្រី​ឡាំ នឹងមាន​ឱកាស​មាស ក្នុងឋានៈ​ជា​មន្ត្រី​របស់​រដ្ឋ រហូតដល់​ឆ្នាំ​ខាងមុខ តែ​មិនបាន​ទស្សន៍ទាយ​ថា តើ​លោកស្រី​ឡាំ នឹង​បាន​គ្រង​តំណែង ជា​អ្នកគ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ហុងកុង ១អាណត្តិ​ទៀត​ដែរឬទេ? ឬ​លោកស្រី​ឡាំ នឹង​ឈ្នះ​ការបោះឆ្នោត​ជ្រើសតាំង​ក្នុង​ឆ្នាំក្រោយ ឬ​យ៉ាងណា​នោះទេ?

អូឡាំពិក ឫក្ស​មិនល្អ ឯ​តៃវ៉ាន់ គួរឱ្យ​បារម្ភ

ចំណែក​អ្នកស្រី យុន វឹ​ន ស៊ី អ្នកជំនាញការ​ខាង​សាស្ត្រា ឈី មឹន ទុន ចៀ អាស្រ័យ​លើ​ការ​តាម​សង្កេតមើល​សកម្មភាព​ខាង​កម្លាំង​ថាមពល បាន​ដាស់តឿន​ថា សម្ព័ន្ធភាព​រវាង​ចិន-ជប៉ុន នឹង​តានតឹង ក្នុងអំឡុង​ពាក់កណ្ដាល​ចុងក្រោយ​នៃ​ឆ្នាំនេះ ពាក់ព័ន្ធ​នឹង​បណ្ដុំ​កោះតៀវ​យូ ឬ​ដែល​ជប៉ុន​ដាក់ឈ្មោះថា សេន​សា​គុ។

ឯ​អ្នកស្រី ឆ​យ អ៊ីង វ៉ា បាន​ទស្សន៍ទាយ​បន្ថែម អំពី​ឧបសគ្គ​របស់​ប្រទេស​ជប៉ុន​ថា អូឡាំពិក​ហ្គេម​ស៍ ដែល​ទីក្រុង​តូ​ក្យូ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ និង​បាន​ពន្យារពេល​មក​រៀប​ចំ​ក្នុង​ពាក់កណ្ដាល​ឆ្នាំនេះ ពីថ្ងៃ​ទី១០ កក្កដា ដល់​ថ្ងៃទី៧ សីហា​នោះ ត្រូវចំ​នឹង​អំឡុង​ចង្វាក់​ឫក្ស​មិនល្អ​របស់​ឆ្នាំឆ្លូវ ហើយ​បើ​នៅតែ​អះអាងថា នឹង​រៀបចំ​ក្នុងអំឡុង​ពេលនេះ​តទៅទៀត ត្រូវតែ​ប្រយ័ត្នប្រយែង​បំផុត ទើប​ជាការ​ប្រសើរ។

ចំណែក​សម្ព័ន្ធភាព​រប​ស់​ចិន​នឹង​សហរដ្ឋអាមេរិក នឹង​នៅតែ​ស្ពឹក​ស្រពន់​ដដែល ទោះ​ជាការ​ងើបឡើង​របស់​ប្រទេស​ចិន នឹងមិន​អាច​ថយ​ត្រឡប់​ទៅវិញ​ដោយងាយៗក៏ដោយ តែ​អ្វីដែល​ត្រូវ​វិតក្ក​កង្វល់​នោះ គឺ​តៃវ៉ាន់។

លោកគ្រូ​ហុងស៊ុយ រេ​យ៍​ម៉ុ​ន ឡូ បាន​ដាស់តឿន​ថា មាន​ថាមពល​អវិជ្ជមាន ស្ថិតនៅ​ឯជើង​មេឃ…តៃវ៉ាន់​នឹង​កើត​បញ្ហា​ស្មុគស្មាញ និង​មិនមែនជា​ឆ្នាំ​ដែល​ល្អ​សម្រាប់​លោកស្រី​ប្រ​ធា​ធិបតី ឆៃ អ៊ឹង​វឹ​ន ឡើយ តែ​ក៏​មិន​ដល់​ថ្នាក់ ប្រើប្រាស់​កម្លាំងយោធា​ដែរ។

ខុសគ្នា​នឹង​លោក ស៊ី ជីន​ភីង អ្នក​កើត​ឆ្នាំរោង ក្រោយពី​ទើបបាន​ជួបនឹង​ការប៉ះទង្គិច ក្នុង​ឆ្នាំជូត​កន្លងមកថ្មីៗ ឆ្នាំឆ្លូវ​នេះ ការប៉ះទង្គិច​នឹង​ស្រាកស្រាន្ត។ ប្រទេស​ចិន នឹងមាន​ស្ថិរភាព និង​ភាពមានបាន​ខាង​សេដ្ឋកិច្ច និង​ស្ថានភាព​លើ​វេទិកា​ពិភពលោក។

ចំណែក​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ដែល​កើត​ឆ្នាំមមែ វិញ នឹង​បាន​ជួបនឹង​ឆ្នាំ​ដែល​ធ្ងន់ធ្ងរ​ដុនដាប​ខ្លាំងក្លា ទម្រាំ​នឹង​បាន​ធូរស្រាល ក៏ត្រូវ​រង់ចាំ​រហូតដល់​ឆ្នាំខាល ក្នុង​ឆ្នាំ២០២២ ឯណោះ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.