ឥណ្ឌូនេស៊ី៖ ហ្សាការតា ទីក្រុងធំរបស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាសព្រមាន ដល់ពលរដ្ឋរបស់ខ្លួនថា ការបដិសេធចាក់វ៉ាក់សាំងការពារកូវីដ-១៩ នឹងមានទោសពិន័យជាប្រាក់ខ្ពស់បំផុតដល់ទៅ ៣លានរូពីហ៍ ឬប្រមាណជាង ៣០០ដុល្លារអាមេរិក ដែលអាចនិយាយបានថា ជាការដាក់ទោសដែលធ្ងន់ធ្ងរ និងសំដៅជំរុញឱ្យប្រជាជនយល់ព្រមសហការជាមួយរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏ធំនេះ។
វិធានការនេះ បានដំណើរការទៅតាមបញ្ជារបស់លោកប្រធានាធិបតី ចូកូ វីដូដូ ដែលបានប្រកាសកាលពីអំឡុងដើមខែកន្លងទៅថា អ្នកណាក៏ដោយ ដែលបដិសេធវ៉ាក់សាំង នឹងត្រូវកាត់សិទ្ធិទទួលបានការជួយសង្គ្រោះអំពីរដ្ឋ ឬមិនទេ ក៏ត្រូវបង់ថ្លៃផាកពិន័យជាប្រាក់ ដោយបានប្រគល់ឱ្យអង្គភាពសុខភាពសាធារណៈ ឬអាជ្ញាធរក្នុងតំបន់ ជាអ្នកដំណើរការវិធានការនេះ តាមការសមស្រប។
លោក អាម៉ាត់ រិសា ប៉ាថ្រៀ អភិបាលរងក្រុងហ្សាការតា បានអះអាងថា អាជ្ញាធរចាំបាច់ត្រូវតែធ្វើទៅតាមច្បាប់ និងការដាក់ទោសទាំងនោះ នឹងក្លាយជាវិធានការចុងក្រោយដែលនឹងត្រូវនាំយកមកប្រើ។
ទីក្រុងធំរបស់ប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងមេរោគកូវីដ-១៩ សរុបចំនួនប្រមាណ ១ភាគ៤ នៃចំនួនអ្នកឆ្លងទាំងអស់ ជាង ១,២លាននាក់ ទូទាំងប្រទេស។

លោក រិសា បានផ្ដល់សម្ភាសថា “បើលោកអ្នកមិនព្រមមកចាក់វ៉ាក់សាំង លទ្ធផលដែលទទួលបាន មាន ២យ៉ាងគឺ មិនបានទទួលការជួយសង្គ្រោះខាងសង្គមបន្តទៅទៀត ហើយនឹងត្រូវរងការផាកពិន័យថែមទៀត។
ប្រជាជនឥណ្ឌូនេស៊ី បានស្លាប់ដោយសារកូវីដ-១៩ រួចហើយជិត ៣៤ ០០០នាក់ ខណៈដែលរដ្ឋបាល បានចាប់ផ្ដើមគ្រោងការចាក់វ៉ាក់សាំង កាលពីខែមុន ដោយបានដាក់គោលដៅ សាងប្រព័ន្ធប្រឆាំងមេរោគកូវីដ-១៩ ដល់ប្រជាជនចំនួន ១៨១,៥លាននាក់ ពីចំនួនទាំងអស់ ២៧០លាននាក់ ក្នុងរយៈពេល ១៥ខែ។
លោកស្រី ស៊ីទី ណាឌៀ តាមិស៊ី មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានបញ្ជាក់ និងសង្កត់ធ្ងន់ថា “ការផ្ដាច់សិទ្ធិទទួលបានការជួយសង្គ្រោះ គឺជាជម្រើសចុងក្រោយ ក្នុងការជំរុញឱ្យប្រជាជនចូលរួមសហការ ព្រោះគោលដៅ ១៨១,៥លាននាក់ មិនមែនជារឿងងាយៗឡើយ”
ទាំងអស់នេះ ពលរដ្ឋឥណ្ឌូនេស៊ី មួយផ្នែក នៅតែមានការសង្ស័យថា វ៉ាក់សាំងការពារកូវីដ-១៩នោះ មានសុវត្ថិភាព មានប្រសិទ្ធភាព រួមទាំងអាហារ “ហាឡាល់”ផងនោះ មានការអនុញ្ញាតការគោលការណ៍សាសនាអ៊ិស្លាមដែរឬទេ?
មន្ត្រីសុខាភិបាលជាច្រើននាក់ បានបង្ហាញពីការព្រួយបារម្ភថា ភាពមិនជឿជាក់លើវ៉ាក់សាំង អាចក្លាយជាឧបសគ្គសំខាន់ ខណៈដែលអង្គភាពសុខភាពសាធារណៈនៅក្នុងខេត្តជ្វាខាងលិច ជាខេត្តដែលមានប្រជាជនច្រើនបំផុត រួមទាំងខេត្តនូសាទឹងការ៉ាខាងលិចផងនោះ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកគេមិនទាន់មានផែនការក្នុងការប្រើប្រាស់ វិធានការដាក់ទោសទាំងនោះនៅឡើយទេ។
លទ្ធផលប្រជាមតិ ដែលធ្វើឡើងដោយស្ថាប័នស្រាវជ្រាវ ហ្វ៉ៃស៊ុល មូចានី កាលពីខែធ្នូ ឆ្នាំទៅ បានរកឃើញថា មានប្រជាជនឥណ្ឌូនេស៊ីត្រឹមតែ ៣៧% នៃចំនួន ១ ២០២នាក់ប៉ុណ្ណោះ ដែលឆ្លើយតបលើទម្រង់សួរ-ឆ្លើយ ថា “ពេញចិត្ត” ចូលទទួលវ៉ាក់សាំង ខណៈដែល ១៧% បដិសេធការទទួលវ៉ាក់សាំង និង ៤០%ទៀត ឆ្លើយថា មិនទាន់ប្រាកដក្នុងចិត្ត។
លោក ឧស្មាន់ ហាមិត ប្រធានអង្គការលើកលែងទោសអន្តរជាតិ ប្រចាំប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ថា ការបង្ខំឱ្យចាក់វ៉ាក់សាំង មិនមែនជាចម្លើយ និងបើរឹតតែមានការដាក់ទោសទណ្ឌ សម្រាប់អ្នកដែលបដិសេធវ៉ាក់សាំងផងនោះ រឹតតែចូលក្នុងការ “ល្មើសសិទ្ធិមនុស្ស” កាន់តែខ្លាំង៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព