គួរឱ្យ​បារម្ភ​ខ្លាំងណាស់!!  រកឃើញ​មេរោគ​កូ​វីដ-១៩ក្លាយ​ពូជ​ថ្មី នៅក្នុង​ទីក្រុង​នី​វ​យ៉​ក ដែល​វ៉ាក់សាំង​បច្ចុប្បន្ន អាច​មិនមាន​ប្រសិទ្ធភាព

អាមេរិក៖ លទ្ធផល​នៃ​ការស្រាវជ្រាវ ២កន្លែង បានបង្ហាញ​ឱ្យឃើញថា មេរោគ​ក្លាយ​ពូជ​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​រកឃើញ​នៅក្នុង​ទីក្រុង​នី​វ​យ៉​ក ស៊ី​ធី កាលពី​ខែវិច្ឆិកា ឆ្នាំទៅ អាចមាន​កម្លាំង​តតាំង ខ្លាំង​ជាង​មេរោគ​ក្លាយ​ពូជ​ដទៃទៀត ជាមួយ​វ៉ាក់សាំង ដែល​មនុស្ស​កំពុង​នាំគ្នា​ចាក់​នាពេល​បច្ចុប្បន្ន  តែ​យ៉ាងណាក្ដី ក្រុមមន្ត្រី​ពេទ្យ​ជាន់ខ្ពស់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ (ទី២៥កុម្ភៈ) ម្សិលមិញ បាន​ប្រញាប់​ចេញមក​ថ្លែង​សម្រាល​ការព្រួយបារម្ភ​នេះ ដោយបាន​បញ្ជាក់ថា វា​ហាក់ដូចជា​លឿន​ពេក​ហើយ ក្នុងការ​ប្រញាប់​សរុប​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ជាមួយ​មេរោគ​ក្លាយ​ពូជ​មួយ​នេះ។

លោក​វេជ្ជបណ្ឌិត ចេ​យ៍ វើ​ម៉ា ប្រធាន​ទីប្រឹក្សា​ខាង​វេជ្ជសាស្ត្រ របស់លោក ប៊ី​ល ដឹ ប្រា​ស៊ីអូ អភិបាលក្រុង​នី​វ​យ៉​ក បាន​បញ្ជាក់ថា វា​ហាក់ដូចជា​លឿន​ពេក​ហើយ ក្នុង​សន្និដ្ឋាន​លើ​លទ្ធផល​ពី​បន្ទប់​ប្រតិបត្តិការ ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំងផ្សេងៗ ដែលមាន​ចំពោះ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ក្លាយ​ពូជ​មួយ​នោះ ព្រមទាំង​បង្ហាញ​ពី​ការបារម្ភ​កង្វល់ របស់​បណ្ដា​អ្នកវិទ្យាសាស្ត្រដទៃៗទៀត ដែល​បានដាក់​សំណួរ​ថា តើ​ហេតុ​អី បាន​លទ្ធផល​នៃ​ការស្រាវជ្រាវ ក្នុង​រយៈ​បឋម​នេះ បែកធ្លាយ​ទៅដល់​អ្នកសារព័ត៌មាន មុន​ដល់ដៃ​អ្នកជំនាញការ?។

“យើង​មិនទាន់​ដឹង​ច្បាស់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ប្រឆាំង​មេរោគ​របស់​មនុស្ស​ច្រើន​គ្រប់គ្រាន់ ដើម្បី​អាច​សរុប​រឿងនេះ​ដោយ​ត្រង់​បានទេ” លោក​វើ​ម៉ា បាន​ថ្លែង​បែបនេះ ក្នុងអំឡុងពេល​ថ្លែង​សរុប​ព័ត៌មាន រួមជាមួយ​លោក​អភិបាលក្រុង “នោះ​គឺជា​ហេតុផល​ដែលថា តើ​ហេតុ​អី បាន​យើង​ត្រូវ​សាកល្បង​ខាង​គ្លីនិក(ការព្យាបាល) នោះ​គឺជា​ហេតុផល​ដែលថា តើ​ហេតុ​អី បាន​យើង​ត្រូវ​ប្រមូល​ទិន្នន័យ​ជា​បន្តបន្ទាប់​ទៀត​នោះ”

លោក​វើ​ម៉ា បាន​បញ្ជាក់ថា ការសាកល្បង​ខាង​គ្លីនិក​របស់​វ៉ាក់សាំង ក្នុងនោះ​រួមទាំង​ការសាកល្បង​នៅក្នុង​ប្រទេសផ្សេងៗ ដូចជា​ប្រេ​ស៊ី​ល និង​អាហ្វ្រិក ប្រទេស​ដែល​កំពុង​សាកល្បង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន ច​ន​សុន អ៊ែន ច​ន​សុន ដែល​មិនទាន់​បានអនុម័ត​នោះ បាន​រកឃើញថា វ៉ាក់សាំង​ទាំងឡាយ “មាន​ប្រសិទ្ធភាព​យ៉ាង​គួរឱ្យ​ស្ងើចសរសើរ” សម្រាប់​ការពារ​ការស្លាប់ ឬ​ឈឺ​ធ្ងន់​ដោយសារ​ការឆ្លង​មេរោគ។

មេរោគ​ប្រភេទ​ក្លាយ​ពូជ ដែល​រកឃើញ​លើកដំបូង​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង និង​ប្រេ​ស៊ី​ល អាច​ចម្លង​សាយភាយ​មេរោគ បាន​ងាយ​ជាង​មេរោគ​ចាស់​ជា​ច្រើនដង និង​នៅពេលនេះ ពួកវា​កំពុងតែ​ចម្លង​រាលដាល​ក្នុង​រង្វង់​កាន់តែ​ធំ​ឡើង ឆ្ពោះទៅរក​ប្រទេសផ្សេងៗទៀតហើយ។

នៅ​សហរដ្ឋអាមេរិក ប្រទេស​ដែល​វីរុស​បាន​ប្រហារជីវិត​មនុស្ស រួចហើយ​ជាង ៥០០ ០០០នាក់ ក្នុងអំឡុងពេល ១៣ខែ​នោះ តួលេខ​អ្នក​ឆ្លង​មេរោគ​ថ្មី និង​ស្លាប់ បាន​ថយចុះ​ជា​បន្តបន្ទាប់ ក្នុងអំឡុង​ប៉ុន្មាន​សប្ដាហ៍​កន្លងមកនេះ។ ចំណែកឯ​ចំនួន​អ្នក​ឆ្លង​មេរោគ ដែលមាន​អាការ​ធ្ងន់ធ្ងរ ដល់​ថ្នាក់​ត្រូវ​ចូល​មន្ទីរពេទ្យ​ព្យាបាល ដែលជា​កត្តា​កំណត់​ដ៏​សំខាន់ លើក្ដី​ព្រួយបារម្ភ ពាក់ព័ន្ធ​នឹង​សភាវ​អ្នកជំងឺ​ហៀរ​មន្ទីរពេទ្យ​ក្នុង​តំបន់​នោះ ក៏បាន​ថយចុះ​អស់​ជាង ៦០% ពី​លំដាប់​ខ្ពស់បំផុត ៥៣ ៩៣៨នាក់​កាលពី​ថ្ងៃទី៦ ខែមករា​ដែរ។

ទោះជា​ទិដ្ឋភាព​រួម ស្ថិតក្នុង​សញ្ញា​ថយចុះ​ក៏ដោយ តែ​គេ​នៅតែ​រកឃើញ អ្នកស្លាប់​ក្នុង​ចំនួន​ដែល​ខ្ពស់ នៅក្នុង​រដ្ឋ​កាលីហ្វ័រ​នៀ ដោយ​ចំនួន​សរុប​អ្នកស្លាប់​នៅក្នុង​រដ្ឋ​មួយ​នេះ បាន​កើនឡើង​ធ្លុះ ៥០ ០០០នាក់​រួចរាល់​ហើយ កាលពី​ថ្ងៃ​ពុធ (ទី24កុម្ភៈ) តាម​ដោយ​ទីក្រុង​នី​វ​យ៉​ក មាន​អ្នកស្លាប់​ចំនួន ៤៥ ៨៧១នាក់។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​នៃ​សហរដ្ឋអាមេរិក ឬ CDC បាន​សន្និដ្ឋានថា មាន​ប្រជាជន​ចំនួន ៤២,២លាន​នាក់​នៅក្នុង​សហរដ្ឋអាមេរិក បានទទួល​វ៉ាក់សាំង​កូ​វីដ-១៩ ដែល​បានអនុម័ត​ហើយ របស់​ហ្វ៉ៃ​ហ្ស៊ើ​រ អ៊ិ​ងក៍ ដែល​សហការគ្នា​អភិវឌ្ឍ​ជាមួយ បៃ​អូ​អេ​ន​ថេ​ក ឬ​វ៉ាក់សាំង​របស់​ម៉ូ​ឌើ​ណា អ៊ិ​ងក៍ យ៉ាងតិច ១ដូ​ស ពី​ចំនួន​ទាំងអស់ ២ដូ​ស ខណៈដែល​វ៉ាក់សាំង រប​ស់ចន​សុន អ៊ែន ច​ន​សុន ត្រូវបាន​គេ​រំពឹងថា នឹង​បានទទួល​ការអនុម័ត​ប្រើ​ក្នុងករណី​អាសន្ន ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។

តាមរយៈ​ទិន្នន័យ របស់​បណ្ដា​អ្នកស្រាវជ្រាវ នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ នៃ​សាកលវិទ្យាល័យ​ខូ​ឡុំ​បៀ បាន​បញ្ជាក់ថា ក្នុងចំណោម​អ្នក​ឆ្លង​មេរោគ​ថ្មី រហូតមកដល់​ពាក់កណ្ដាល​ខែកុម្ភៈ​នេះ ត្រូវបាន​រកឃើញថា មាន​អ្នក​ឆ្លង​មេរោគ​ក្លាយ​ពូជ​ថ្មី ដែលមាន​ឈ្មោះថា B.1.526 ប្រមាណ​ជា ១២%។

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ខូ​ឡុំ​បៀ បាន​រកឃើញថា B.1.526 មាន​លក្ខណៈ​ដែល​គួរឱ្យខ្លាច​មួយចំនួន ដូចគ្នា​នឹង​មេរោគ​ក្លាយ​ពូជ​អាហ្វ្រិក​ខាងត្បូង និង​ប្រេ​ស៊ី​ល​ដែរ ដោយ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន បាន​បង្ហាញថា វា​អាច​តតាំង​នឹង​វ៉ាក់សាំង​កូ​វីដ-១៩ប្រភេទ​ខ្លះ នាពេល​បច្ចុប្បន្ន បាន​ខ្លាំង​ជាង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ក្លាយ​ពូជ​ឯទៀត​កាលពីពេល​មុននេះ។

CDC បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ប្រភេទ​ក្លាយ​ពូជផ្សេងៗរួចហើយ ច្រើនជាង ១ ៩០០ករណី សាយភាយ​រាយប៉ាយ នៅ​ស្ទើរតែ​គ្រប់​រដ្ឋ​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក ភាគច្រើន​ជា​ប្រភេទ​ក្លាយ​ពូជ B.1.1.7 ដែល​រកឃើញ​លើកដំបូង​នៅក្នុង​ចក្រភព​អង់គ្លេស ដែល​ចម្លង​សាយភាយ​មេរោគ​បាន​ងាយ​ជាង​វីរុស​ប្រភេទ​ចាស់​ជាច្រើន​ដង។

លោក​វើ​ម៉ា បាន​ណែនាំ​ដល់​អ្នកអាន កុំអាល​ប្រញាប់​ដាក់ចិត្ត​ជឿ​លើ​របាយការណ៍​លទ្ធផល​ការស្រាវជ្រាវ​ថ្មី​បំផុត​នេះ​ពេក ព្រមទាំង​បញ្ជាក់ថា មិនមែន​គ្រប់​មេរោគ​ប្រភេទ​ក្លាយ​ពូជ សុទ្ធតែ​បង្កើន​កម្រិត​ក្ដី​ព្រួយបារម្ភ​ផ្នែក​សុខភាព​សាធារណៈ​ទាំងអស់​នោះទេ ដោយ​លោក​បានឱ្យ​និយមន័យ​កំណត់ លើ​ការរកឃើញ​ថ្មី​បំផុត​នេះ​ថា ជា “មេរោគ​ក្លាយ​ពូជ ដែល​គួរឱ្យ​ចាប់អារម្មណ៍” ដែល​គួរតែ​សិក្សា​ស្រាវជ្រាវ ឱ្យបាន​ដិតដល់​បំផុត៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.