កុំអាល​សង្ឃឹម​ខ្លាំងពេក! WHO ដាស់តឿន​ទូទាំង​ពិភពលោក៖ សង្គ្រាម​វីរុស​កូ​វីដ-១៩ មិនទាន់​ចប់​ក្នុងឆ្នាំនេះ​ទេ កុំ​ពឹង​តែ​លើ​វ៉ាក់សាំង​ពេក!

 WHO៖ មិនមែនជា​ការពិត​ទេ បើសិនជា​គិតថា ពិភពលោក​នឹង​ចប់​សង្គ្រាម​ជំងឺ​រាតត្បាត​ដ៏​ធំ​កូ​វីដ-១៩ ក្នុងអំឡុង​ដំណាច់​ឆ្នាំនេះ! នេះ​បើតាម​រយៈ​ការ​ដាស់តឿន​របស់​អង្គការ​សុខភាព​ពិភពលោក ឬ WHO កាលពី​ថ្ងៃ​ចន្ទ (ទី១មីនា) ដែល​ថែមទាំង​បញ្ជាក់​ទៀតផង​ថា វា​នឹង​ក្លាយជា​ការខុសឆ្គង​ដ៏​ធំ​មួយ បើសិនជា​ពឹង​លើ​វ៉ាក់សាំង​តែ​ម្យ៉ាង និង​បាន​សង្កត់ធ្ងន់ថា វិធានការ​សុខភាព​សាធារណៈ​បឋម នៅតែមាន​ភាព​សំខាន់។

យ៉ាងណាក្ដី លោក ម៉ៃ​ក៍ រ៉ៃ​អាន់ នាយក​គ្រប់គ្រង​ផ្នែក​គ្រោងការ​គ្រាអាសន្ន របស់ WHO ជឿថា វា​មាន​ភាព​អាចទៅរួច ក្នុងការ​នាំយក​រឿង​សោកសៅ ចេញពី​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដោយ​ការកាត់បន្ថយ​ចំនួន​អ្នក​ឆ្លង​មេរោគ​អាការ​ធ្ងន់ធ្ងរ ដល់​ថ្នាក់​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ និង​កាត់បន្ថយ​ចំនួន​អ្នកស្លាប់។

លោក​រ៉ៃ​អាន់ បាន​បញ្ជាក់ថា វីរុស​នៅតែ​ស្ថិតក្រោម​ការគ្រប់គ្រង ទោះជា​នៅ​រកឃើញ​មាន​អ្នក​ឆ្លង​មេរោគ​ថ្មី ទូទាំង​ពិភពលោក​កើនឡើង កាលពី​សប្ដាហ៍​កន្លងទៅ ក្រោយពី​កាល​ពេលមុន​នេះ ថយចុះ ៦សប្ដាហ៍ជាប់ៗគ្នា​ក៏ដោយ។

“វា​ហាក់ដូចជា​លឿន​ពេក ហើយ​ខ្ញុំ​គិតថា វា​មិនមែនជា​ការពិត​ទេ បើសិនជា​គិតថា យើង​កំពុង​ជិត​ចប់​សង្គ្រាម​វីរុស​នេះ ក្នុងអំឡុង​ចុងឆ្នាំ​នេះ” លោក​រ៉ៃ​អាន់ បាន​ប្រាប់​ទៅ​អ្នកសារព័ត៌មាន​ទៀតថា “តែ​ខ្ញុំ​គិតថា បើសិន​យើង​ឆ្លាត​គ្រប់គ្រាន់ យើង​អាច​បញ្ចប់​វា​បាន ដោយ​ចំនួន​អ្នក​ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ អ្នកស្លាប់ និង​រឿង​សោកសៅ ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ”

លោក​រ៉ៃ​អាន់ បាន​ប្រាប់ទៀតថា ការចាក់​វ៉ាក់សាំង​ឱ្យ​បណ្ដា​មន្ត្រី​សុខភាព​សាធារណៈ​ជួរមុខ និង​ក្រុមមនុស្ស​ដែល​ទន់ខ្សោយ​នឹង​ការឆ្លង​មេរោគ​អាការ​ធ្ងន់ធ្ងរ នឹង​ជួយ​នាំយក​ភាព​គួរឱ្យខ្លាច ចេញពី​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ​បាន តែ​លោក​បន្ថែមថា ការរីកចម្រើនថ្មីៗនេះ មិនមែន​ស្ថិតស្ថេរ​ទេ ទោះជា​ពេលនេះ ស្ថានការណ៍​ឆ្លង​រាលដាល​របស់​វីរុស ភាគច្រើន​ស្ថិតក្នុង​ការគ្រប់គ្រង​ក៏ដោយ។

លោក ថេ​ដ្រូ​ស អាត់​ហា​ណូ​ម កេ​ប្រេ​យេ​ស៊ុ​ស ប្រធាន​អង្គការ​សុខភាព​ពិភពលោក បាន​បញ្ជាក់ថា ករណី​អ្នក​ឆ្លង​មេរោគ​ថ្មី ដែល​កើនឡើង​កាលពី​សប្ដាហ៍​កន្លងទៅ ទាំង​នៅក្នុង​អឺរ៉ុប ទ្វីបអាមេរិក អាស៊ី​ខាងកើត​ឆៀង​ខាងត្បូង និង​ប៉ែក​ខាងកើត​របស់​សមុទ្រ​មី​ឌី​ទែ​រ៉ា​ណេ “គឺជា​រឿង​ដែល​គួរឱ្យ​ខកចិត្ត តែ​មិនមែនជា​រឿង​ដែល​គួរឱ្យ​ចម្លែក​ចិត្ត​ឡើយ”

“មួយផ្នែក មើលទៅ​ហាក់ដូចជា​ពាក់ព័ន្ធ​នឹង​ការបន្ធូរបន្ថយ​វិធានការផ្សេងៗខាង​សុខភាព​សាធារណៈ វីរុស​ក្លាយ​ពូជ ដែល​នៅតែ​វិលវល់​មិនទាន់​ទៅណា​ឆ្ងាយ ឯ​ប្រជាជន​លែង​ប្រយ័ត្ន​ខ្លួន វ៉ាក់សាំង​នឹង​ជួយ​ការពារ​ជីវិត តែ​បើសិនជា​ប្រទេស​ទាំងឡាយ​នោះ ពឹងផ្អែក​តែ​លើ​វ៉ាក់សាំង​តែ​ម្យ៉ាង គឺ​ពួកគេ​កំពុងតែ​ធ្វើ​ខុសឆ្គង​ហើយ…វិធានការ​សុខភាព​សាធារណៈ​កម្រិត​បឋម នៅតែ​ជា​មូលដ្ឋានគ្រឹះ​នៃ​ដំណើរការ​ឆ្លើយតប​មេរោគ​ដដែល”

លោកស្រី ម៉ា​រៀ ហ្វា​ន ឃើ​ក​ហូ​ហ្វ ប្រធាន​ផ្នែក​តិច​និក​កូ​វីដ-១៩ របស់​អង្គការ​សុខភាព​ពិភពលោក បាន​បន្ថែមថា “តើ​ទិន្នន័យ​កាលពី​សប្ដាហ៍​កន្លងទៅ បាន​ប្រាប់​អ្វី​ដល់​យើង​ខ្លះ?  វា​ប្រាប់ថា វីរុស​នឹង​ងើប​ឡើងវិញ បើសិនជា​យើង​បណ្ដោយ​វា ដូច្នេះ​យើង​មិនអាច​ទុកចិត្ត​វា​បានទេ”៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *