អង់គ្លេស អះអាង “វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា” មាន​សុវត្ថិភាព ក្រោយ​ដា​ណឺ​ម៉ាក ជា​ប្រទេស​ក្រោយ​គេ​បំផុត បានប្រកាស​ផ្អាក​ចាក់​បណ្ដោះអាសន្ន

អង់គ្លេស៖ រដ្ឋបាល​ប្រទេស​អង់គ្លេស បានចេញ​សេចក្ដីថ្លែងការណ៍ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១១មីនា ការពារ​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា របស់ខ្លួន លើ​រឿង​ប្រសិទ្ធភាព និង​សុវត្ថិភាព ក្រោយពី​ដា​ណឺ​ម៉ាក ក្លាយជា​ប្រទេសមួយ​ក្រោយ​គេ ដែល​បាន​បញ្ជា​ផ្អាក​ការចាក់​វ៉ាក់សាំង​នេះ​បណ្ដោះអាសន្ន។

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍​កាលពី​ថ្ងៃទី១១មីនា​ថា អ្នកនាំពាក្យ​របស់លោក​នាយករដ្ឋមន្ត្រី បូរី​ស ច​ន​សុន បាន​និយាយ​តាមរយៈ​ការ​ថ្លែង​ព័ត៌មាន​ថា “ខាងយើង​បាន​សម្ដែង​ភាពច្បាស់លាស់​រួចហើយ​ថា វា(វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា) គឺមាន​ទាំង​សុវត្ថិភាព និង​ប្រសិទ្ធភាព…ហើយ​នៅពេល​មនុស្ស​ទាំងឡាយ ត្រូវបាន​អំពាវនាវ ដើម្បី​ឱ្យមក​ទទួលយក​ការចាក់​វ៉ាក់សាំង​នេះ អ្នក​ទាំងនោះ គួរ​ធ្វើឡើង​ដោយ​ភាពជឿជាក់”

ហើយ​អ្នកនាំពាក្យ​ដដែល​នោះ បាន​ថ្លែងបន្តថា “ហើយ​ការពិតទៅ អ្នកនឹង​ចាប់ផ្ដើម​មើលឃើញ ពី​លទ្ធផល​របស់​គ្រោងការ​ចែកចាយ​វ៉ាក់សាំង​នេះ ក្នុង​ជ្រុង​របស់​ចំនួន​ករណី ដែល​កំពុង​ថយចុះ​ទូទាំងប្រទេស ទាំង​ចំនួន​នៃ​ការស្លាប់ និង​ចំនួន​នៃ​ការព្យាបាល”

ទាំងអស់នេះ អង់គ្លេស គឺជា​ប្រទេស​ដំបូង​គេ​ក្នុង​ពិភពលោក ដែល​បានចាប់ផ្ដើម​គ្រោងការ​ចែកចាយ​វ៉ា​ក់សាង​ការពារ​កូ​វីដ-១៩ ដល់​ប្រជាជន មុនអ្នកណាៗទាំងអស់​កាលពី​ខែធ្នូ ដោយមាន​ចំណែក​ការ​ចែកចាយ​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ក្នុង​ចំនួន​ដ៏​ច្រើន និង​តាម​ដោយ​វ៉ាក់សាំង​ហ្វ៉ៃ​ហ្ស៊ើ​រ-បៃ​អូ​អេ​ន​ថេ​ក។

មន្ត្រី​សុខភាព​សាធារណៈ នៃ​ប្រទេស​ដា​ណឺ​ម៉ាក បាន​ជូនដំណឹង​ថា បានចេញ​បញ្ជា​បញ្ឈប់​ការ​ចែកចាយ​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ជា​បណ្ដោះអាសន្ន ក្រោយពី​មាន​អ្នកជំងឺ​មួយចំនួន កើតមាន​សភាវ​ដុំ​ឈាមកក​ស្ទះ​នៅក្នុង​សរសៃឈាម​ខ្មៅ បន្ទាប់ពី​បានទទួល​ដូ​ស​ដំបូង​រួចហើយ។

តែ​យ៉ាងណាក្ដី អ្នកនាំពាក្យ​របស់​ប្រទេស​អង់គ្លេស បាន​បញ្ជាក់ថា ខាង​ប្រទេស​ដា​ណឺ​ម៉ាក បាន​អះអាងថា មិនមាន​ការពាក់ព័ន្ធ​គ្នា រវាង​ការកើត​សភាវ​ដុំ​ឈាមកក​ស្ទះ និង​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា​នោះទេ។

ដោយឡែក​មួយទៀត ប្រទេស​អូ​ស្ត្រៀ កាលពី​ថ្ងៃ​ចន្ទ ទី៨មីនា បានប្រកាស​បញ្ឈប់​ការប្រើប្រាស់ វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា មួយឈុត ក្រោយពី​មាន​ស្ត្រី​គិលានុបដ្ឋាក អាយុ ៤៩ឆ្នាំ​ម្នាក់ បាន​ស្លាប់ ដោយសារ​សភាវ​ការ​ផ្ដុំគ្នា​របស់​គ្រប់​ឈាម ដំណាក់កាល​ធ្ងន់ធ្ងរ មិនយូរប៉ុន្មាន​បន្ទាប់​ពី​ការចាក់។

ក្រៅពីនេះ មាន​ប្រទេស ៤ទៀត​នៅក្នុង​អឺរ៉ុប គឺ អេ​ស្តូ​នៀ ឡា​ត់វៀ លី​ធួ​នៀ និង​ឡាក់​ហ្សេ​ម​ប៊ើ​ក បាន​បញ្ជា​ឱ្យ​ផ្អាក​ប្រើ​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ក្នុង​ចំនួន​ឈុត​ដែលមាន​បញ្ហា​នោះ​ដូចគ្នា វា​ជា​ឈុត ដែល​ត្រូវបាន​បញ្ជូន​ចូលទៅក្នុង​ប្រទេស​អឺរ៉ុប ឱ្យទៅ ១៧ប្រទេស ដែលមាន​ចំនួន​ដូ​ស​សរុប​ទាំងអស់ ១លាន​ដូ​ស។

សម្រាប់​ប្រទេស​ដា​ណឺ​ម៉ាក បាន​បញ្ជា​បញ្ឈប់​ការប្រើប្រាស់​វ៉ា​ក់សាង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា​ទាំងអស់​របស់ខ្លួន ដោយសារ​ព័ត៌មាន ដឹ ហ្គា​រដៀន បាន​រាយការណ៍​បន្ថែម​ថា ជាការ​បញ្ជា​ផ្អាក​ប្រើ​រយៈពេល ២សប្ដាហ៍ ក្នុងអំឡុងពេល​ត្រួតពិនិត្យ។

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *