ឡុងដ៍៖ លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស បានសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ចទៅកាន់ ប្រទេសឥណ្ឌា ដែលគ្រោងនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយនេះ ដោយសារបារម្ភពីស្ថានការណ៍ COVID-19 ដែលកំពុងរីករាលដាលខ្លាំងនៅក្នុងប្រទេសឥណ្ឌា។
«ដោយសារបារម្ភពីស្ថានការណ៍ COVID-19 បច្ចុប្បន្ន លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន នឹងមិនអាចបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌានៅសប្ដាហ៍ក្រោយឡើយ»។ នេះជាសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសឥណ្ឌា និងអង់គ្លេស។

នៅក្នុងសេចក្តីថ្លែងការណ៍រួមក៏បានបញ្ជាក់ផងដែរថា ប្រមុខដឹកនាំនៃប្រទេសទាំងពីរនឹងបើកកិច្ចពិភាក្សាមួយពីចម្ងាយតាមវីដេអូនៅក្នុងខែមេសានេះ លើការឯកភាពគ្នា និងប្រកាសដាក់ចេញផែនការដ៏មានមហិច្ឆិតារបស់អ្នកទាំង២ សម្រាប់អនាគតនៃភាពជាដៃគូរវាងចក្រភពអង់គ្លេស និងឥណ្ឌា»។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ ឥណ្ឌា បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ ២៧៣,៨១០នាក់បន្ថែមទៀត ក្នុងរយៈពេលតែ២៤ម៉ោង កន្លងទៅនេះប៉ុណ្ណោះ ដែលនាំឲ្យចំនួនករណីឆ្លងទូទាំងប្រទេសកើនឡើងដល់ ១៥,០៥៧,០០០ករណី ក្នុងនោះមានអ្នកស្លាប់សរុប ១៧៨,៧៦៩នាក់ និងជាសះស្បើយឡើងវិញជិត ១៣,០០០,០០០នាក់៕
#អរគុណសន្តិភាព