បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថាសហភាពអ៊ឺរ៉ុបឬហៅកាត់ថា EUបានសម្រេចចិត្តក្នុងការដាក់ពាក្យបណ្តឹងប្រឆាំងទៅនឹងក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca បន្ទាប់ពីការពន្យាពេលនៃការផ្គត់ផ្គង់បានកើតឡើងជាបន្តបន្ទាប់។
មន្ត្រីជាន់ខ្ពស់នៃសភាអ៊ឺរ៉ុបបានបញ្ជាក់ថាពាក្យបណ្តឹងធ្វើឡើងដោយសារតែក្រុមហ៊ុននេះមិនបានគោរពទៅតាមកុងត្រានៃការផ្គត់ផ្គង់វ៉ាក់សាំងនិងក៏ដូចជាមិនអាចផ្តល់ទំនុកចិត្តក្នុងការផ្តល់វ៉ាក់សាំងទៅតាមពេលវេលាដែលបានកំណត់ផងដែរ។

ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca បានចេញមកឆ្លើយតបនិងបដិសេធចំពោះការចោទប្រកាន់នេះហើយបញ្ជាក់ថានឹងធ្វើការការពារខ្លួនតាមផ្លូវច្បាប់ដូចគ្នានៅក្នុងប្រព័ន្ធតុលាការ។
គួរឲ្យដឹងដែរថាកន្លងមកបណ្តាប្រទេសមួយចំនួននៅក្នុងប្លុករបស់អ៊ឺរ៉ុបបានធ្វើការអះអាងថា AstraZeneca បានបង្ហាញទំនោររបស់ខ្លួនតែទៅលើកិច្ចការងារចែកចាយឲ្យអង់គ្លេសប៉ុណ្ណោះ៕
#អរគុណសន្តិភាព