មីយ៉ាន់ម៉ា៖ ទីភ្នាក់ងារព័ត៌មាន CNN រាយការណ៍ ពីផលប៉ះពាល់ក្រោយហេតុការណ៍រដ្ឋប្រហារមីយ៉ាន់ម៉ា ១កុម្ភៈ ទៅលើប្រព័ន្ធផ្សព្វផ្សាយ និងជីវិតវាសនាកម្មរបស់អ្នកយកព័ត៌មានមីយ៉ាន់ម៉ាបេះដូងដែកជាច្រើននាក់។
លោក ឆន គ្រីសពីន អ្នកតំណាងជាន់ខ្ពស់គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធព័ត៌មាន បានឆ្លុះបញ្ចាំងពីភាពលំបាកលំបិនក្នុងការរាយការណ៍ព័ត៌មានរបស់អ្នកយកព័ត៌មាន ដោយបានថ្លែងថា «អ្វីដែលកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាវិបត្តិផ្នែកមនុស្សធម៌សម្រាប់អ្នកយកព័ត៌មាន»
មិនត្រឹមតែអ្នកយកព័ត៌មាន ត្រូវបានកម្រិតសេរីភាពក្នុងការធ្វើការប៉ុណ្ណោះទេ តែនៅត្រូវយោធា និងប៉ូលិសដេញតាមប្រមាញ់ចាប់ខ្លួនទៀតផង។
លោកគ្រីសពីន ថ្លែងថា អ្នកយកព័ត៌មានជាច្រើននាក់ បានបាត់ខ្លួននៅក្នុងគុក ដោយមិនបានទទួលសិទ្ធិឱ្យទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមេធាវីឡើយ។ ចំណែកសាមីស្ថាប័នព័ត៌មាន ក៏មិនបានទទួលការអនុញ្ញាតឱ្យទាក់ទងអ្នកយកព័ត៌មានទាំងនោះដែរ ដូច្នេះហើយ ទើបគុក ប្រៀបដូចជាប្រអប់ខ្មៅមួយដ៏គួរឱ្យភ័យខ្លាច។
ច្រើនឆ្នាំកន្លងមក ប្រព័ន្ធសារព័ត៌មានមីយ៉ាន់ម៉ា មានសេរីភាពច្រើនឡើងក្នុងសម័យរដ្ឋាភិបាលស៊ីវិល តែទោះជាយ៉ាងនោះក្ដី សន្ទស្សន៍សេរីភាពសារព័ត៌មានក្នុងឆ្នាំនេះ ដែលធ្វើឡើងដោយអង្គការសារព័ត៌មានគ្មានព្រំដែន បានដាក់លំដាប់ថ្នាក់ឱ្យមីយ៉ាន់ម៉ា ស្ថិតលើលេខរៀងទី១៤០ ពីប្រទេសទាំងអស់ចំនួន១៨០ ទូទាំងពិភពលោក។
លោក យេ វីនធូ អ្នកយកព័ត៌មាន អាយុ ៣០ឆ្នាំជាង ធ្វើការឱ្យទីភ្នាក់ងារព័ត៌មាន សំឡេងប្រជាធិបតេយ្យនៃប្រទេសមីយ៉ាន់ម៉ា ឬ DVB ដែលតាមដានរាយការណ៍ស្ថានការណ៍ ការប្រឆាំងតវ៉ារបស់បាតុករ តាំងពីថ្ងៃដំបូងនោះ ពេលនេះ ត្រូវគេចខ្លួនពួនសម្ងំជាមួយភរិយា ដោយបាននាំកុំព្យូទ័រលែបថប់ គ្រោងការធ្វើការងារ និងឯកសារសំខាន់ទៅជាមួយដែរ។
ទាំង ២នាក់ ប្ដីប្រពន្ធ ត្រូវរស់នៅក្នុងផ្ទះមិត្តភក្តិ ផ្ទះសាច់ញាតិ និងផ្ទះមិត្តរួមការងារ ដោយត្រូវផ្លាស់ប្ដូរទីកន្លែងលាក់ខ្លួនរៀងរាល់រាត្រី ដើម្បីគេចពីការតាមប្រមាញ់របស់អាជ្ញាធរ ព្រោះតែ យេ វីនធូ គឺជាមនុស្សម្នាក់ ក្នុងបញ្ជីឈ្មោះ ដែលរដ្ឋការយោធា ត្រូវការចាប់ខ្លួន និងបានប្រកាសស្វែងរកចាប់ខ្លួនតាមស្ថានីយទូទស្សន៍ ដោយសំអាងថា បានធ្វើខុសនឹងច្បាប់អាជ្ញាសឹក មាត្រា៥០៥a ដោយសារតែបានផ្សព្វផ្សាយព័ត៌មានមិនពិត ឬសាងភាពភ័យខ្លាចដល់ប្រជាជន ដែលអាចត្រូវទទួលទោសខ្ពស់បំផុត ជាប់ពន្ធនាគារ ៣ឆ្នាំ។
ចំណែកស្ថានឯកអគ្គរដ្ឋទូតប្រទេសលោកខាងលិចជាច្រើនប្រទេសនៅក្នុងមីយ៉ាន់ម៉ា បានបញ្ជាក់ថា មានអ្នកសារព័ត៌មានជាង ៨០នាក់ ត្រូវបានចាប់ឃុំខ្លួន តាំងពីថ្ងៃទី១ កុម្ភៈ និងជាងពាក់កណ្ដាល មិនទាន់បានទទួលការដោះលែងនៅឡើយ។
លោក យេ វីនធូ បានថ្លែងថា ទីភ្នាក់ងារព័ត៌មាន DVB ត្រូវបានបិទ បន្ទាប់ពីថ្ងៃទី១កុម្ភៈ សេវាផ្សាយបន្តផ្ទាល់របស់ស្ថានីយទូរទស្សន៍ឯកជនគ្រប់ប៉ុស្ត ត្រូវបានកាត់ចោល ធ្វើឱ្យត្រូវផ្សាយបន្តផ្ទាល់តាមរយៈផ្កាយរណបជំនួសវិញ តែកងទ័ព ក៏បញ្ជាឱ្យប្រជាជនប្ដូរទៅមើលស្ថានីយទូរទស្សន៍របស់កងទ័ពមីយ៉ាន់ម៉ា តាមរយៈផ្កាយរណប PSI ដែលខណៈនេះ DVB កំពុងស្វែងរកសេវាផ្កាយរណបផ្សេងជំនួសវិញ និងកំពុងស្វែងរកដំណោះស្រាយផ្សេងៗ ទាំងតាមវេបសាយ យូធូប និងហ្វេសប៊ុក។
អ្នកយកព័ត៌មានភាគច្រើន កំពុងរត់គេចខ្លួន និងមិនអាចធ្វើការងារយ៉ាងសេរី និងប្រថុយប្រថាននឹងការស្លាប់នៅលើដងផ្លូវ ព្រោះក្លាយជាគោលដៅរបស់អាជ្ញាធរ។ អ្នកយកព័ត៌មាន ត្រូវប្រថុយប្រថានដោយការសម្ភាសតាមទូរស័ព្ទ និងពឹងអាស្រ័យរូបភាពពីប្រជាជនដែលថតបាន ឬឃ្លីប និងផូស្តនៅក្នុងប្រព័ន្ធសង្គមអនឡាញ ឬ ពួកគេផ្ញើមកឱ្យអ្នកសារព័ត៌មាន ដែលឃ្លីបភាគច្រើន ថតចេញពីខាងក្រោយបង្អួច ឬរបង ដែលបង្ហាញឱ្យឃើញពីទាហានកំពុងបាញ់ប្រជាជន វាយដំ ឬល្មើសសិទ្ធិមនុស្ស។
តែទោះជាយ៉ាងណាក្ដី ប្រព័ន្ធផ្សព្វផ្សាយ នៅតែបំពេញតួនាទីផ្សព្វផ្សាយព័ត៌មានក្រោមវិបត្តិសេរីភាព អ្នកយកព័ត៌មានជាច្រើននាក់ រួមទាំង លោកយេ វីនធូ ផង បានតាំងចិត្តប្រណិធានថា នឹងរាយការណ៍ព័ត៌មាន និងបំពេញតួនាទីនេះ ឱ្យបានល្អបំផុតតទៅទៀត៕



ប្រភព៖ សារព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព