បរទេស៖ទូរទស្សន៍ BBC នៅថ្ងៃពុធនេះបានសរសេរថាបុរសជាមន្ត្រីរបស់ប្រទេសកូរ៉េខាងត្បូងម្នាក់ត្រូវបានបាញ់សម្លាប់ព្រមទាំងដុតសពផងពីសំណាក់យោធានៃប្រទេសកូរ៉េខាងជើង។

ការអះអាងដែលត្រូវបានធ្វើឡើងដោយក្រសួងការពារជាតិនៃប្រទេសកូរ៉េខាងត្បូងហើយក៏បានធ្វើការថ្កោលទោសចំពោះសកម្មភាពដ៏ឃោរឃៅនេះផងដែរ។តាមការបញ្ជាក់បន្ថែមរបស់ក្រសួងបានឲ្យដឹងថាយោធាកូរ៉េខាងជើងបានបាញ់សម្លាប់បុរសរូបនោះហើយបន្ទាប់មកក៏ចាក់ប្រេងលើខ្លួនគាត់និងដុតសពគាត់ចោលតែម្តង។
គួរឲ្យដឹងដែរថារដ្ឋាភិបាលនៃទីក្រុងសេអ៊ូលបាននិយាយថាបុរសរូបនោះបានបាត់ខ្លួនពីទូកសម្រាប់បេសកកម្មឃ្លាំមើលមួយរបស់ខ្លួននៅក្បែរព្រំដែននៃប្រទេសទាំងពីរនិងក្រោយមកក៏បានប្រទះឃើញសាកសពនៅលើដែនសមុទ្រនៃប្រទេសកូរ៉េខាងជើង។មកដល់ពេលនេះនៅមិនទាន់ការថ្លែងការណ៍ណាមួយពីសំណាក់កូរ៉េខាងជើងអំពីការចោទប្រកាន់នេះនៅឡើយទេ៕