វៀតណាម ចរចា Pfizer បាន​វ៉ាក់សាំង​កូ​វីដ ៣១លាន​ដូ​ស ក្នុងឆ្នាំនេះ

បរទេស៖ ក្រសួងសុខាភិបាល​នៃ​ប្រទេស​វៀតណាម បានឱ្យដឹង​នៅ​ថ្ងៃទី១៤ ឧសភា ថា ប្រទេស​វៀតណាម​នឹង​បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-19 ដែល​អភិវឌ្ឍ​រួមគ្នា ដោយ​ក្រុមហ៊ុន ហ្វ៉ៃ​ហ្ស៊ើ​រ និង​បៃ​អូ​អេ​ន​ថេ​ក ចំនួន ៣១លាន​ដូ​ស ក្នុង​ឆ្នាំ២០២១ នេះ ក្នុង​កិច្ច​ព្យាយាម​របស់​ប្រទេស លើ​ការចាត់ចែង​ស្វែងរក​វ៉ាក់សាំង​យកមក​ត្រៀម​បម្រុង ក្រោម​ការប្រកួតប្រជែង និង​ភាពមិនច្បាស់លាស់​របស់​ការផ្គត់ផ្គង់។

ក្នុង​ដំណាច់ឆ្នាំ២០២១ ប្រទេស​វៀតណាម​រំពឹង​ថា នឹង​បានទទួល​វ៉ា​ក់សាង​ការពារ​កូ​វីដ-19 រួមទាំង​អស់ ១១០លាន​ដូ​ស ដែល​ប្រកបដោយ វ៉ាក់សាំង​របស់​ហ្វ៉ៃ​ហ្ស៊ើ​រ-បៃ​អូ​អេ​ន​ថេ​ក, វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ៣០លាន​ដូ​ស និង​វ៉ាក់សាំង​តាមរយៈ​គ្រោងការ កូ​វ៉ា​ក់ស៍ ៣៨,៩លាន​ដូ​ស។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្ដីថ្លែងការណ៍។

សេចក្ដីថ្លែងការណ៍ ថែមទាំង​បញ្ជា​ក់ទៀ​ផងដែរ​ថា វៀតណាម​បាន​ដា​ក្យ​ស្នើសុំ​ទិញ​វ៉ាក់សាំង​បន្ថែម ទៀត ក្រោម​គ្រោងការ​កូ​វ៉ា​ក់ស៍ ១០លាន​ដូ​ស​ទៀតផង។

ប្រទេស​ស្ថិតក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​មួយ​នេះ កំពុង​ព្យាយាម​ជំរុញ​កម្មវិធី​ការចាក់​វ៉ាក់សាំង​ក្នុងប្រទេស ដើម្បី​ទប់ទល់​នឹង​ការឆ្លង​រាលដាល​រលក​ថ្មី ដែល​រកឃើញ​នៅក្នុង ២៦ខេត្ត ពី​ខេត្ត​ទាំងអស់​ចំនួន៦។

យ៉ាងណាក្ដី ទោះជា​ចាប់ផ្ដើម រាង​យឺត​ក៏ដោយ តែ​ចំនួន​អ្នក​ឆ្លង​ក្នុងប្រទេស ហាក់ដូចជា​នៅ​តិច​នៅឡើយ ដោយមាន​អ្នក​ឆ្លង​មេរោគ​ត្រឹមតែ ៣ ៧៥៦នាក់ និង​មាន​អ្នកស្លាប់ ៣៥នាក់​ប៉ុណ្ណោះ ដែល​ភាគច្រើន នេះ​ជា​លទ្ធផល ពី​វិធានការ​បង្ខាំង​ជំងឺ​យ៉ាង​តឹងរ៉ឹង។

ក្រៅពីនេះ ក្រសួងសុខាភិបាល នៅបាន​បញ្ជាក់ទៀតថា ក្រសួង​កំពុង​ស្ថិតក្នុង​កិច្ចចរចា​រក​ទិញ​វ៉ាក់សាំង​កូ​វីដ-19 របស់​ក្រុមហ៊ុន CureVac របស់​អាល្លឺម៉ង់​ទៀតផង។

ទីភ្នាក់ងារ​ព័ត៌មាន​Reuters បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ ទី១២ ឧសភា​ថា អង្គការ​សុខភាព​ពិភពលោក កំពុង​ពិនិត្យមើល​សំណើ​របស់​អ្នក​ផលិត​វ៉ាក់សាំង ដែល​មិន​បញ្ជាក់​ឈ្មោះ​នៅក្នុង​ប្រទេស​វៀតណាម ដែល​ត្រូវ​ការធ្វើជា​មជ្ឈមណ្ឌល​កណ្ដាល​តិច​ណូ​ឡូ​ជី​វ៉ាក់សាំង​កូ​វីដ-19 ប្រភេទ mRNA ក្នុងប្រទេស​អាស៊ី​ភាគ​អាគ្នេយ៍។

សម្រាប់​វ៉ាក់សាំង​ដែល​វៀតណាម​ផលិតឡើង​ដោយ​ខ្លួនឯង​នៅក្នុង​ប្រទេស ដូចជា Covivac ត្រូវបាន​គេ​រំពឹងថា នឹង​អាច​ប្រើការ​បាន​ក្នុង​ឆ្នាំ២០២២ ខាងមុខ។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋបាល៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *