វ៉ាក់សាំង ចាប់ផ្ដើម​បង្ហាញ​លទ្ធផល!!  ចក្រភព​អង់គ្លេស អ្នក​ឆ្លង​ថយចុះ ប្រចាំថ្ងៃ​នៅសល់ ២ពាន់ ស្លាប់​តែ ៧នាក់

អង់គ្លេស៖  ចក្រភព​អង់គ្លេស រកឃើញ​អ្នក​ឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ប្រចាំថ្ងៃ​ត្រឹមតែ ២ ០២៧នាក់​ប៉ុណ្ណោះ ចំណែក​គ្រោងការ​ព​ន្លឿ​ន​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ-19 ហុច​ផល​ឱ្យចំ​នួន​អ្នក​ឆ្លង​មេរោគ​សរុប​របស់​ប្រទេសមួយ​នេះ កើនឡើង ៤ ៤៤៨ ៨៥១នាក់ តាមរយៈ​តួលេខ​ផ្លូវការ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ទី១៥ ឧសភា។

ប្រទេសមួយ​នេះ នៅមាន​របាយការណ៍ រកឃើញ​អ្នកស្លាប់​ដោយសារ​កូ​វីដ-19 បន្ថែមទៀត ៧នាក់​ដោយ​ចំនួន​រួម​អ្នកស្លាប់ គឺ ១២៧ ៦៧៥នាក់។

ទោះជា​តួលេខ​ចេញមក​ក្នុងន័យ​វិជ្ជមាន​មែន តែ​ក្រុម​អ្នកជំនាញការ បាន​ដាស់តឿន​ថា ដំណាក់កាល​បន្តទៅទៀត របស់​ការបន្ធូរបន្ថយ​ការកម្រិត​បិទ​ខ្ទប់ ក្នុងប្រទេស​អង់គ្លេស ដែល​បានកំណត់​ទុក​នៅ​ថ្ងៃ​ចន្ទ​ស្អែក (ទី១៧) គួរតែ​ត្រូវធ្វើឡើង ក្នុង​ដំណើរ​ផ្លូវ​ដែល​ប្រយ័ត្នប្រយែង​បំផុត។

លោក​វេជ្ជបណ្ឌិត រិ​ឆាត ចាវីស មកពី​សមាគម​វេជ្ជសាស្ត្រ​នៃ​ចក្រភព​អង់គ្លេស បាន​ដាស់តឿន​ថា នៅមាន​ពលរដ្ឋ​ផ្នែកសំខាន់ៗជាច្រើន​ក្រុម​ទៀត មិនទាន់​បានទទួល​វ៉ាក់សាំង​នៅឡើយ «វា​គួរឱ្យ​បារម្ភ​ខ្លាំងណាស់ នៅពេល​មានការ​បញ្ឈប់​ការកម្រិត ឬ​បញ្ចប់​ការ​កំហិតផ្សេងៗ បន្ថែមទៀត​នៅ​ថ្ងៃទី១៧ ឧសភា​នោះ ព្រោះ​មនុស្ស​វ័យ​កំលោះ​ក្រមុំ​ជាច្រើន មិនទាន់​បានទទួល​វ៉ាក់សាំង​នៅឡើយ មនុស្ស​ក្រុម​នេះ ជា​ក្រុម​អាយុ ដែលមាន​សកម្មភាព​ក្នុងសង្គម​ច្រើន និង​អាចជា​ក្រុម​ប្រឈម​នឹង​ការឆ្លង​មេរោគ​ខ្លាំង​បំផុត» នេះ ជា​អ្វីដែល​លោក បាន​ប្រាប់​ទៅ​ទីភ្នាក់ងារ​ព័ត៌មាន BBC។

ចាប់តាំងពី​ថ្ងៃ​ចន្ទ (ទី១៧ ឧសភា) ទៅ  Pub, Bar និង​ភោជនីយដ្ឋាន​ក្នុងប្រទេស​អង់គ្លេស នឹង​បានទទួល​ការអនុញ្ញាត ឱ្យ​វិល​មក​បើក​បម្រើ​សេវាកម្ម​ឡើងវិញ ចំណែក​មណ្ឌល​កម្សាន្ត​ក្នុង​អគារ ក៏​នឹង​វិល​មក​ផ្ដល់​សេវាកម្ម​ដូចគ្នា​ដែរ ក្នុងនោះ​រួមមាន រោងភាពយន្ត សារមន្ទីរ និង​កន្លែង​កម្សាន្ត​រប​ស់​កុមារ​ជាដើម។

ប្រជាជន​ក្នុងប្រទេស​អង់គ្លេស នឹង​បានទទួល​ការអនុញ្ញាតឱ្យ​ជួបជុំគ្នា​នៅតាម​ទីវាល​សាធារណៈ​ជា​ក្រុម មិន​លើស ៣០នាក់ និង​នៅក្នុង​ទី​ម្លប់ ក្នុង​ហាងផ្សេងៗ មិន​លើស ៦នាក់ ឬ ២គ្រួសារ ខណៈដែល​ទីកន្លែង​ស្នាក់នៅផ្សេងៗ មិនថាតែ​សណ្ឋាគារ និង​ទីកន្លែង​ស្នាក់នៅ​ខ្នាតតូច B&B នឹង​អាច​វិល​មក​បើក​បម្រើ​សេវាកម្ម​ឡើងវិញ​បាន ចាប់ពី​ថ្ងៃ​ចន្ទ ទី១៧ ស្អែក​នេះ​តទៅ។ នេះ​បើតាម​ការប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រី បូរី​ស ច​ន​សុន៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters /Xinhua

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *