ចិន​ស្រែកថា “គំរាម​សន្តិភាព” ក្រោយ​អាមេរិក បញ្ជូន​នាវា​ពិឃាត ឆ្លងកាត់​ឈូង​សមុទ្រ​តៃវ៉ាន់ ម្ដងទៀត

បរទេស៖ ចិន​បាន​ចេញមក​ចោទ​សហរដ្ឋអាមេរិក​ថា គំរាម​ដល់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​នៅ​ថ្ងៃទី១៩ ឧសភា ក្រោយពី​សហរដ្ឋអាមេរិក បញ្ជូន​នាវា​ពិឃាត ឆ្លងកាត់​ដែនទឹក​ដែល​បែងចែក​ព្រំដែន​រវាង​ក្រុង​តៃប៉ិ ជាមួយ​ប្រទេស​ចិនដីគោក​ជាថ្មី​ម្ដងទៀត។

កង​នា​វាទី៧ នៃ​កងទ័ពជើងទឹក​សហរ​ដ្ឋ​អាមេរិក បាន​ថ្លែងថា នាវា​ពិឃាត​បំពាក់អាវុធ​កាំជ្រួច​តម្រង់​គោលដៅ Arleeh-Berk USS Curtis Wilbur បានចេញ​ប្រតិបត្តិ​ភារកិច្ច​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ តាម​វេន​ល្បាត​ប្រក្រតី កាលពី​ថ្ងៃ​អង្គារ ទី១៧ឧសភា ដោយ​ដំណើរការ​ទៅតាម​គោលការណ៍​ច្បាប់​សកល។

សេចក្ដីថ្លែងការណ៍​នោះ​បញ្ជាក់ថា “ការបញ្ជូន​នាវា​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ គឺ​ដើម្បី​បង្ហាញ​អំពី​ចេតនារម្មណ៍​របស់​សហ​រដ្ឋ​អាមេរិក ក្នុង​ការជំរុញឱ្យ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្លាយជា​ភូមិភាគ​ដែល​សេរី និង​បើកទូលាយ។ កងទ័ព​សហរដ្ឋអាមេរិក នឹង​នៅតែ​ធ្វើការ​ហោះហើរ បញ្ជូន​នាវា និង​ចេញ​ប្រតិបត្តិការ​នៅក្នុង​ទីតាំង​ណាមួយ​ក៏ដោយ ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត”

ចំណែក​អ្នកនាំពាក្យ​ទីបញ្ជាការ​ភាគ​ខាងកើត​របស់​ប្រទេស​ចិន (China’s Eastern Theatre Command) បាន​ចេញមក​ជំទាស់ និង​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​សហរដ្ឋអាមេរិក ដែល​កើតឡើង​ក្រោម​ស្ថានការណ៍​តានតឹង​រវាង​ប្រទេស​មហាអំណាច​ទាំង។

“ទង្វើ​របស់​សហរដ្ឋអាមេរិក កំពុងតែ​បញ្ជូន​សញ្ញាខុសៗ ទៅកាន់​ក្រុម​ទាមទារ​ឯករាជ្យ​តៃវ៉ាន់ និង​មើលឃើញ​បាន​ច្បាស់​ថា មាន​ចេតនា​ជ្រៀតជ្រែក​ស្ថានការណ៍​ក្នុង​តំបន់ រួមទាំង​កាត់បន្ថយ​សន្តិភាព និង​ស្ថិរភាព​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់” អ្នកនាំពាក្យ​កងទ័ព​ចិន បាន​ថ្លែង​បែបនេះ ព្រមទាំង​បញ្ជាក់ថា កងទ័ព​រំដោះប្រជាជន​ចិន បាន​តាម​សង្កេតមើល​គ្រប់​សកម្មភាព​របស់​នា​វា​ពិឃាត​សហរដ្ឋអាមេរិក ១គ្រឿង​នេះ​ជាប់​រហូត។

ក្រុង​ប៉េកាំង​ជឿថា រដ្ឋបាល​តៃវ៉ាន់ ដែល​ចេញ​មកពី​ការបោះឆ្នោត​តាម​របប​ប្រជាធិបតេយ្យ មាន​គោលបំណង​ក្នុងការ​ប្រកាស​ឯករាជ្យ ដែល​នេះ គឺជា​ការ “ឈាន​រំលង​ខ្សែបន្ទាត់” ក្នុង​ខ្សែ​ភ្នែក​របស់​ប្រទេស​ចិន ខណៈដែល​លោកស្រី​ប្រធានាធិបតី ឆៃ អ៊ិ​ង​វឹ​ន អះអាងថា តៃវ៉ាន់ ជា “រដ្ឋ​ឥស្សរៈ” ស្រាប់​ហើយ ដោយមាន​ឈ្មោះ​ជា​ផ្លូវការ​ថា សាធារណរដ្ឋ​ចិន ឬ Republic of China។

ក្រសួង​ការពារ​ប្រទេស​តៃវ៉ាន់ បាន​បញ្ជាក់ថា នាវា​ពិឃាត​សហរដ្ឋអាមេរិក បានធ្វើ​ដំណើរ​តម្រង់​ទៅ​ទិស​ខាងត្បូង និង​ស្ថានការណ៍​គ្រប់យ៉ាង “ស្ថិតក្នុង​ភាពប្រក្រតី។

ក្នុង​រយៈពេលក្រោយៗនេះ កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក មានការ​បញ្ជូន​នាវាចម្បាំងធំៗ ចូលមក​ប្រតិបត្តិ​ភារកិច្ច​ក្នុង​បរិវេណ​ច្រក​សមុទ្រ​តៃវ៉ាន់ ជាប្រចាំ សឹងតែ​រាល់​ខែ។

សហរដ្ឋអាមេរិក ក៏​ដូច​ប្រទេស​ជាច្រើន​ទៀត​ដែរ ដែល​មិនមាន​សម្ព័ន្ធភាព​ខាង​ការទូត​ជា​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ឡើយ តែ​ក៏​ផ្ដល់​ការគាំទ្រ​ដល់​តៃវ៉ាន់ លើ​វេទិកា​អន្តរជាតិ និង​ថែមទាំង​លក់​អាវុធយុទ្ធភណ្ឌ​ឱ្យ​ទៀតផង។

ការប៉ះទង្គិច​គ្នា​ខាង​យោធា​រវាង​ចិន និង​តៃវ៉ាន់ ចាប់ផ្ដើម​ខ្លាំងក្លា​ទ្វេ​ឡើង​កាលពី​ឆ្នាំទៅ ដោយ​តៃវ៉ាន់ បាន​ប្ដឹងផ្ដល់​ថា យន្តហោះ​របស់​ចិន បាន​ឈ្លានពាន​ចូលមកក្នុង​តំបន់​បង្ហាញខ្លួន​ដើម្បី​ការការពារ​ខាង​ផ្លូវអាកាស(ADIZ)ជា​ញឹកញាប់ និង​ពេលខ្លះ ក៏មាន​យន្តហោះ​ប្រដេញ និង​យន្តហោះ​ទម្លាក់​គ្រប់​បែក​ទៀតផង។

ក្នុងខណៈដែល​ចិន បាន​អះអាងថា កិច្ចការងារ​ជុំវិញ​កោះ​តៃវ៉ាន់​នោះ គឺធ្វើឡើង ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ តែ​តៃវ៉ាន់​មើលឃើញថា ជាការ​ព្យាយាម​គំរាម​ច្រើនជាង៕

ប្រភព៖ Reuters

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *