ដំណឹង​ល្អ! ទិន្នន័យ​ពិត ចក្រភព​អង់គ្លេស រកឃើញ៖ ចាក់ AstraZeneca គ្រប់ ២ដូ​ស ការពារ​ការឆ្លង​កូ​វីដ បាន​ខ្ពស់ស្មើៗនឹង Pfizer

បរទេស៖ ចាក់​វ៉ាក់សាំង​កូ​វីដ-19 របស់ អ៊ែ​ស្ត្រា​ហ្សេ​នេ​កា គ្រប់ ២ដូ​ស អាចមាន​ប្រសិទ្ធភាព​ការពារ​ការឆ្លង​មេរោគ​បែប​មិន​បញ្ចេញ​អាការ បាន​ដល់​ទៅ ៨៥% ទៅ ៩០%។ នេះ​បើតាម​ការ​ឱ្យដឹងពី​ក្រសួងសុខាភិបាល​អង់គ្លេស (PHE) កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២០ ឧសភា តែ​បានបញ្ជាក់​ដោយ​ក្ដី​ប្រយ័ត្នប្រយែង​ថា ទិន្នន័យ​នេះ មិនទាន់​ច្រើន​គ្រប់គ្រាន់​សម្រាប់ធ្វើ​ជា​បទ​សរុប​បាន​នៅឡើយ។

ចក្រភព​អង់គ្លេស គឺជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ដែលមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ ច្រើន​បំផុត ក្នុង​ពិភពលោក  តែ​ក្នុង​ជ្រុង ១ទៀត ពួកគេ ក៏​ជា​ប្រទេសមួយ ដែល​ចែកចាយ​វ៉ាក់សាំង​បាន​លឿន​បំផុត​ផងដែរ  ដែល​វា​បាន​បង្កើតឱ្យមាន​ទិន្នន័យ​ជាច្រើន ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព​ពី​ការប្រើ​ការពិត​ប្រាកដ។

ប្រទេសមួយ​នេះ ជា​ប្រទេស​ដំបូង​គេ ដែល​ចាក់​វ៉ាក់សាំង​របស់ អ៊ែ​ស្ត្រា​ហ្សេ​នេ​កា និង​ដែល​បាន​ប្រឈម​នឹង​សំណួរផ្សេងៗជាច្រើន ពាក់ព័ន្ធ​នឹង​គ្រោង​សាង​ការសាកល្បង​ខាង​គ្លីនិក(ការព្យាបាល) ប្រសិទ្ធភាព​របស់​វាក់​សាំង និង​រយៈពេល​ឆ្ងាយ​ពីគ្នា ដែល​ស័ក្តិសម​របស់​ការចាក់​ដូ​សនីមួយ។

ក្រសួងសុខាភិបាល​អង់​គ្លេ​ស បាន​បញ្ជាក់ថា លទ្ធផល​នៃ​ការរកឃើញ​ដំណាក់កាល​ដំបូង ជា​លទ្ធផល​ការស្រាវជ្រាវ​លើកដំបូង ដែល​ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ពិតៗ ក្រោយ​ចាក់​គ្រប់ ២ដូ​ស  តែ​បាន​ដាស់តឿន​ថា ពួកគេ​មាន​ភាពជឿជាក់​លើ​លទ្ធផល​ការរកឃើញ ក្នុង​កម្រិត​ទាប និង​លទ្ធផល​នេះ នឹងមិន​មានការ​សរុប​នៅឡើយ រហូត​ទាល់តែ​បាន​រួបរួម​ភ័ស្តុតាង​បន្ថែម។

ក្នុង​របាយការណ៍​សង្កេត​ការណ៍​ប្រចាំ​សប្ដាហ៍ សុខាភិបាល​អង់គ្លេស បាន​បញ្ជាក់ថា ប្រសិទ្ធភាព​របស់​វ៉ាក់សាំង អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ដែល​អភិវឌ្ឍ​រួមគ្នា​ជាមួយ​មហាវិទ្យាល័យ​អុក​ស្វ៉​ដ ស្ថិតក្នុង​អត្រា ៨៩% ជា​មធ្យម អាច​ការពារ​ការឆ្លង​មេរោគ​បែប​មិន​បង្ហាញ​អាការ​បាន ៩០%។

លោក ហ៊ីម សាហា​វី រដ្ឋមន្ត្រីក្រសួង​វ៉ាក់សាំង ថ្លែងថា “ទិន្នន័យ​ថ្មី​នេះ បានបញ្ជាក់​ពី​លទ្ធផល​ដ៏​គួរឱ្យ​កោតសរសើរ របស់​ការចាក់​វ៉ាក់សាំង​គ្រប់ ២ដូ​ស ដោយ​ដូ​ស​ទី២ របស់​វ៉ាក់សាំង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា បានផ្ដល់​ការការពារ​ខ្ពស់បំផុត​ដល់​ទៅ ៩០%”

អ៊ែ​ស្ត្រា​ហ្សេ​នេ​កា បាន​សម្ដែង​ការរីករាយ​ស្វាគមន៍​ចំពោះ​លទ្ធផល​នៃ​ការរកឃើញ​រយៈ​បឋម​នេះ​ថា “ទិន្នន័យ​ពិត​ពី PHE បាន​បន្ថែម​ទម្ងន់​ពីលើ​ភ័ស្តុតាង​កាន់តែខ្លាំង​ឡើង ដែល​ពិសោធ​ឱ្យឃើញ​អំពី​ប្រសិទ្ធភាព​វ៉ាក់សាំង​របស់​យើង ចំពោះ​កូ​វីដ-19” អ្នកនាំពាក្យ​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា បានបញ្ជាក់​បែបនេះ។

កាលពី​សប្ដាហ៍​កន្លងទៅ ចក្រភព​អង់គ្លេស បាន​បន្ថយ​រយៈពេល​ការចាក់​វ៉ាក់សាំង​រវាង​ដូ​សនីមួយៗឱ្យនៅ​សល់ ៨សប្ដាហ៍ ចំពោះ​ប្រជាជន​អាយុ​លើស ៥០ឆ្នាំ​ឡើង ដោយមាន​គោលដៅ ក្នុងការ​ផ្ដល់​ការការពារ​ខ្ពស់បំផុត​ចំពោះ​មនុស្ស​ទន់ខ្សោយ​បន្ថែមទៀត ដោយសារតែ​ក្ដីកង្វល់​ពាក់ព័ន្ធ​នឹង​មេរោគ​ក្លាយ​ពូជ B.1.617.2 ដែល​រកឃើញ​លើកដំបូង​នៅក្នុង​ប្រទេស​ឥណ្ឌា៕

ប្រភព៖ Reuters

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *