ធនាគារជាតិ ជំរុញ​ឲ្យ​ប្រើប្រាស់​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​បង្ការ​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ នៅ​កម្ពុជា

ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​លើកឡើងថា «ការប្រើប្រាស់​សេវា​ធនាគារ​ឌីជីថល អាចជួយ​កាត់បន្ថយ​ការចម្លង​ជំងឺ​កូ​វីដ១៩ តាមរយៈ​ការកាត់បន្ថយ​តម្រូវការ​នៃ ការប្រើប្រាស់​ក្រដាសប្រាក់ ដោយផ្ទាល់​រវាង​បុគ្គល​ម្នាក់ ទៅ​បុគ្គល​ម្នាក់ទៀត»។

ទន្ទឹម​នោះ​ធនាគារជាតិ​នៃ​កម្ពុជា ក៏បាន​ជំរុញ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​នានា​ក្នុងប្រទេស​កម្ពុជា ផ្តល់​ការលើកទឹកចិត្ត​ដល់​អតិថិជន និង​ក្រុមហ៊ុន​សហគ្រាស ដែល​ជ្រើស​រើសយក​ប្រតិបត្តិ​ការទូទាត់​ជា​អេឡិចត្រូនិក​ជំនួស ឱ្យ​ប្រតិបត្តិ​ការទូទាត់ ដែល​ប្រើប្រាស់​ក្រដាសប្រាក់។

លោកស្រី ជា សី​រី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស​ធ​នាគារ​ជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹងថា «ក្នុងនាម​ជា​អាជ្ញាធរ​ត្រួតពិនិត្យ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា កិច្ចសហការ​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ជា​ផ្នែក​មួយ​ដ៏​មាន​សារសំខាន់​នៃ ការខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​រោគរាតត្បាត​ជំងឺ​កូ​វីដ-១។ នេះ​ជា​មូលហេតុ​ដែល​យើង​កំពុង​លើកទឹកចិត្ត​ប្រជាជន​កម្ពុជា​ទាំងអស់ ឱ្យប្រើ​ប្រាស់​កាបូប​អេឡិចត្រូនិក (E-Wallet) និង​កម្មវិធី​ទូទាត់ ដូចជា​កម្មវិធី​បាគង សម្រាប់​ជំនួស​ឱ្យ​ការទូទាត់​ជា​ក្រដាសប្រាក់ ដើម្បី​ចូលរួម​កាត់បន្ថយ​ការប៉ះពាល់ និង​ហានិភ័យ​រាតត្បាត»។

លោកស្រី​បន្ថែមថា អង្គការ​សុខភាព​ពិភពលោក ជំរុញឱ្យមាន​ការប្រុងប្រយ័ត្ន នៅពេល​កាន់​ក្រដាសប្រាក់ និង​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​លាងដៃ​ឱ្យបាន​ស្អាត បន្ទាប់ពី​កាន់​ក្រដាសប្រាក់ ជាពិសេស​នៅពេល​ប៉ះពាល់ ឬ​ញ៉ាំ​អាហារ។

លោកស្រី ជា សិរី បន្ថែមថា «បើទោះជា​ធនាគារជាតិ​នៃ​កម្ពុជា ពិនិត្យឃើញថា​ពលរដ្ឋ​ភាគច្រើន និយម​ធ្វើ​ប្រតិបត្តិ​ការទូទាត់ ដោយ​ប្រើប្រាស់​ក្រដាសប្រាក់​ក្តី ក៏​ធនាគារជាតិ​នៅតែ​ជំរុញ​ពាណិជ្ជករ និង​អតិថិជន​ឱ្យ​ងាក​មកប្រើប្រាស់ ការទូទាត់​ជា​អេឡិចត្រូនិក ដោយសារ​ការអនុវត្ត​នេះ នឹង​អាច​ពង្រឹង​ចំណេះដឹង​នៃ ការប្រើប្រាស់​ការទូទាត់​ឌីជីថល និង​ទាក់ទាញ​ប្រជាពលរដ្ឋ ឱ្យប្រើ​ប្រាស់​ការទូទាត់​នេះ​បាន​កាន់តែ​ទូលំទូលាយ តាមរយៈ​កម្មវិធី​ទូទាត់​ទាំងនោះ»។

លោកស្រី​បាន​បញ្ជាក់ថា កាលពី​ឆ្នាំ២០២០ ធនាគារជាតិ​នៃ​កម្ពុជា បានដាក់​ដំណើរការ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់​រួមមួយ ដែល​អនុញ្ញាតឱ្យ​អតិថិជន ធ្វើ​ប្រតិបត្តិការ​បាន​ច្រើន​មុខងារ​ដូចជា កាបូប​អេឡិចត្រូនិក (E-Wallet) ការទូទាត់​ចល័ត និង​កម្មវិធី​ធនាគារ​អន​ឡាញ ដែល​មុខងារ​ទាំងអស់នេះ​ស្ថិតក្នុង​កម្មវិធី​តែមួយ។

ប្រព័ន្ធ​បាគង (Bakong) របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​ត​ភ្ជាប់​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​នៅ​កម្ពុជា​ជាច្រើន  ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​មានលទ្ធភាព ក្នុង​ការធ្វើ​ប្រតិបត្តិ​ការទូទាត់​ជា​ឌីជីថល បាន​ទូលំទូលាយ និង​មាន​ប្រសិទ្ធភាព។

លោកស្រី ជា សិរី បន្ថែមថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ ដែលជា​សមាជិក​របស់​ប្រព័ន្ធ​បាគង​រួមមាន៖ ធនាគារ អភិវឌ្ឍ​អាស៊ី ធនាគារ​អេស៊ីលីដា ធនាគារ​វិនិយោគ​និង​អភិវឌ្ឍន៍​កម្ពុជា ធនាគារ​ប្រៃសណីយ៍​កម្ពុជា ធនាគារ​កាណាឌីយ៉ា ធនាគារ​វឌ្ឍនៈ ធនាគារពាណិជ្ជ​ឈី​ហ្វ (ខេ​ម​បូ​ឌា) ធនាគារ​ជីបម៉ុង ខម​មើ​សល​ប៊ែ​ង ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា ធនាគារ​ហត្ថា ម.ក ធនាគារ​កម្ពុជា​សាធារណៈ ធនាគារ​ព្រី​នស៍ ម.ក ធនាគារ​ហ្វី​លី​ព ភីអិលស៊ី ធនាគារ​ភ្នំពេញ​ពាណិជ្ជ ធនាគារ​ស្ថាបនា ធនាគារ​វី​ង (ខេ​ម​បូ​ឌា) ម.ក គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​អេ​អឹម​ខេ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​អិ​ល​អូ​អិ​ល​ស៊ី (ខេ​ម​បូ​ឌា) ភីអិលស៊ី គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ប្រា​សាក់ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ដាប់​ប៊ែ​ល​យូ​ប៊ី​ហ្វា​យ​នែ​ន  គ្រឹះស្ថាន​ផ្ដល់​សេវា​ទូទាត់​សង​ប្រាក់​ស្ពី​ត​ផេ ម.ក គ្រឹះស្ថាន​ផ្ដល់​សេវា​ទូទាត់​សង​ប្រាក់​ទ្រូ​ម៉ាន់​នី  និង​គ្រឹះស្ថាន​ផ្ដល់​សេវា​ទូទាត់​សង​ប្រាក់​អ៊ី​ម៉ាន់​នី។

លោក​បញ្ជាក់ថា ជាមួយនឹង​កិច្ចការងារ​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា ស្ថិតនៅ​កម្រិត​ឈានមុខ (forefront) នៃ​ការលើកកម្ពស់​សេវា​ទូទាត់​ឌីជីថល។ យោងតាម​ប្រភពពី​ធនាគារជាតិ​នៃ​កម្ពុជា បច្ចុប្បន្ន​មាន​ប្រជាជន​កម្ពុជា​ច្រើនជាង៥៩% បានធ្វើ​ប្រតិបត្តិ​ការទូទាត់ របស់ខ្លួន​តាម​ប្រព័ន្ធ​អន​ឡាញ។

លោក ជា សិរី បាន​ថ្លែង​បន្ថែមថា «កម្មវិធី​ទូទាត់​ឌីជីថល ជា​ឧបករណ៍​មួយ​ដែលមាន​ប្រសិទ្ធភាព ក្នុង​ការធានា និង​ផ្តល់​លទ្ធភាព​ឱ្យ​គ្រប់ផ្នែក​ទាំងអស់ នៅក្នុង​សង្គម​ទទួលបាន​ការចូល​ប្រើប្រាស់​សេវា​ធនាគារ។ បច្ចុប្បន្ន​ដើម្បី​សុវត្ថិភាព​របស់​ប្រជាជន​កម្ពុជា ដែល​កំពុង​ប្រឈម​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩ បាន​ជំរុញ​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា និង​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​យកចិត្តទុកដាក់​លើ​ការឈានទៅរក​សង្គម​ដែល​មិន​ប្រើប្រាស់​ក្រដាស់ប្រាក់»៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *