ភ្នំពេញ៖នៅថ្ងៃសៅរ៍នេះប្រទេសអ៊ុយក្រែនបានប្រកាសថាមនុស្ស ២៥ នាក់បានស្លាប់នៅក្នុងហេតុការធ្លាក់យន្ដហោះយោធាមួយក្បែរ តំបន់ Kharkiv ភាគឥសានរបស់ប្រទេសហើយក្នុងនោះមានមនុស្សពីរនាក់ដែលរស់ជីវិតនិងកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។

យោងតាមមន្ត្រីជំនាញដែលបានធ្វើដំណើរទៅដល់ទីតាំងកើតហេតុគឺលោក Oleksiy Kucher បានឱ្យដឹងថាមុនពេលដែលយន្តហោះធ្លាក់អ្នកបើកបរយន្តហោះបានរាយការណ៍ថាបានគាំងនៅក្នុងម៉ាស៊ីនខាងឆ្វេងប៉ុន្តែអះអាងថានេះមិនមែនជាបញ្ហាខ្លាំងសម្រាប់អ្នកបើកយន្តហោះដែលពោរពេញទៅដោយបទពិសោធឡើយហើយបញ្ជាក់ថា ការស៊ើបអង្កេតនឹងបន្តធ្វើបន្ថែមទៀត។
របាយការណ៍ដដែលបានបញ្ជាក់ថាយន្តហោះយោធាប្រភេទ An-26 នៃកងកម្លាំងទ័ពអាកាសអ៊ុយក្រែនបានប៉ះទង្គិចនៅពេលដែលព្យាយាមចុះចតនៅឯអាកាសយានដ្ឋាននៃទីក្រុង Chuguev ខណៈដែលមានមនុស្សសរុប២៨នាក់បានរួមដំណើរដែលភាគច្រើនសុទ្ធតែជានិស្សិតនៃសកលវិទ្យាល័យយោធាជាតិ Kharkov៕