សហរដ្ឋអាមេរិកផ្តល់ជំនួយ ២៥ម៉ឺនដុល្លារ ជួសជុលប្រាសាទភ្នំបាខែង

ភ្នំពេញ ៖ សហរដ្ឋអាមេរិក តាមរយៈស្ថានទូតប្រចាំកម្ពុជា បានប្រកាសផ្តល់ជំនួយចំនួន ២៥០,០០០ ដុល្លារ ដើម្បីបន្តគម្រោងជួសជុលប្រាសាទភ្នំបាខែង នៅឆ្នាំ២០២៧។ ការប្រកាសនេះធ្វើឡើងក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤២ របស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក (ICC-Angkor/Sambor Prei Kuk) នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

លោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ជំនួយនេះមានលក្ខណៈពិសេស ដោយស្របពេលជាមួយខួប២៥០ឆ្នាំនៃបុណ្យឯករាជ្យជាតិអាមេរិក។ លោកជំទាវបន្ថែមថា ជំនួយនេះជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជា-អាមេរិករយៈពេល៧៥ឆ្នាំ ព្រមទាំងជាកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងបេតិកភណ្ឌរយៈពេល២៥ឆ្នាំ។

អ្នកស្រី Katherine M. Diop អនុប្រធានស្តីទីស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានថ្លែងថា ជំនួយនេះឆ្លុះបញ្ចាំងពីភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ។ លោកស្រីបានកត់សម្គាល់ថា អស់រយៈពេល២៥ឆ្នាំមកនេះ កម្មវិធីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំភ្នំពេញ សម្រាប់ការអភិរក្ស (AFCP) បានរួមចំណែកការពារទ្រព្យសម្បត្តិវប្បធម៌កម្ពុជា។ លោកស្រីបន្ថែមថា តាមរយៈការរួមបញ្ចូលនវានុវត្តន៍របស់អាមេរិក និងជំនាញបច្ចេកទេសក្នុងស្រុក ប្រាសាទភ្នំបាខែងនឹងត្រូវថែរក្សាគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។

អ្នកស្រី Katherine M. Diop អនុប្រធានស្តីទីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា

គួរជម្រាបថា អង្គការមូលនិធិប្រាសាទពិភពលោក (WMF) បានបំពេញការងារនៅអង្គរតាំងពីឆ្នាំ១៩៨៩។ ចាប់តាំងពីឆ្នាំ២០០១ រដ្ឋាភិបាលអាមេរិកបានឧបត្ថម្ភកម្ពុជាសរុបជាង ៦ លានដុល្លារ សម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌។ ក្នុងចំណោមនោះ ជិត ៤ លានដុល្លារ ត្រូវបានប្រើប្រាស់សម្រាប់ជួសជុល និងអភិរក្សប្រាសាទភ្នំបាខែង និងប្រមាណជាង ៨០ ម៉ឺនដុល្លារ សម្រាប់ប្រាសាទព្រះវិហារ៕

Share this: Help us reach 1,000 shares!
Scroll to Top