ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ចាកចេញពីមាតុភូមិ ដើម្បីទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ភាគីចិន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងកំឡុងពេលនៃការបំពេញទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីកម្រិតកំពូលជាមួយ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន។
ក្រៅពីជំនួបកំពូលនេះ សម្តេចតេជោប្រធានព្រឹទ្ធសភា ក៏នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិនផ្សេងទៀត រួមមាន៖
- ឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សារដ្ឋចិន
- ឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
ទន្ទឹមនឹងនេះ ឱកាសស្នាក់នៅប្រទេសចិន សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលកំពុងគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំងផងដែរ។
សេចក្តីប្រកាសព័ត៌មានដដែលបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ គឺជាសក្ខីភាពមួយសបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់ «មិត្តភាពដែកថែប»។ បន្ថែមលើនេះ វានឹងជួយជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ឱ្យកាន់តែរឹងមាំ និងទទួលបានជោគជ័យកាន់តែខ្លាំងក្លាបន្ថែមទៀត។
សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់អមដំណើរសម្តេចតេជោ រួមមាន៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗមកពីស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត៕