សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញលែងកូនត្រី និងវារីសត្វ ១.៥លានក្បាល ក្នុងទិវាមច្ឆជាតិ នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង

ស្វាយរៀង៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំមមីស អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការប្រារព្ធ «ទិវាមច្ឆជាតិ ១កក្កដា» ព្រមទាំងលែងកូនត្រី និងវារីសត្វជាង ១.៥ លានក្បាល ចូលទៅក្នុងអាងទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ចាប់តាំងពីឆ្នាំ២០០៣ មក ទិវាមច្ឆជាតិ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអភរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ ធានាសន្តិសុខស្បៀង ឆ្លើយតបនឹងតម្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ និងជួយទ្រទ្រង់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ជាមធ្យមរៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិនានា។

សម្រាប់ទិវាមច្ឆជាតិដែលប្រារព្ធឡើងនៅអាងទន្លេវ៉ៃគោនាព្រឹកនេះ ត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ប្រមាណ ១,៥លានក្បាល ត្រូវបានលែងរួមគ្នា ដែលក្នុងនោះមានដូចជា បង្កង, ត្រីគល់រាំង, ត្រីរាជ, ត្រីខ្ជឹង, ត្រីដំរី, ត្រីគ្រំ, ត្រីត្រសក់, ត្រីកាហែ, ត្រីឆ្ពិន, ត្រីប្រា, ត្រីពោ, ត្រីក្រាញ់, ត្រីអណ្តែងទន់, ត្រីព្រលូង, ត្រីកន្ធរ និងត្រីសណ្តាយជាដើម។ ដោយឡែក វារីសត្វសំខាន់ៗផ្សេងទៀតរួមមាន៖ អណ្តើក ២០ក្បាល, កន្ធាយ ១០គីឡូក្រាម, អន្ទង់ ២០គីឡូក្រាម, ខ្យង ១៥គីឡូក្រាម និងគ្រំ ២០គីឡូក្រាម។

សូមបញ្ជាក់ថា អាងទន្លេវ៉ៃគោ មានទំហំ ១,៦៨៦ ហិកតានៅរដូវវស្សា ដោយអាចស្តុកទឹកបានរហូតដល់ ៣០លានម៉ែត្រគូប និងមានផ្ទៃដី ១,៣៥០ ហិកតានៅរដូវប្រាំង ដែលអាចស្តុកទឹកបាន ១៥លានម៉ែត្រគូប។ អាងទឹកធម្មជាតិនេះ នៅតែបន្តដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ទាំងលើការប្រកបរបរនេសាទលក្ខណៈគ្រួសារ និងការបង្កបង្កើនផលកសិកម្ម។

ការរៀបចំទិវាមច្ឆជាតិនៅអាងទន្លេវ៉ៃគោ នាពេលនេះ គឺជាលើកទី២ ហើយ ដោយលើកទី១ ត្រូវបានប្រារព្ធឡើងកាលពីឆ្នាំ២០១១ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជានាពេលបច្ចុប្បន្ន៕

Share this: Help us reach 1,000 shares!
Scroll to Top