សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋានក្នុងខេត្តមណ្ឌលគិរី ក្នុងដំណើរឆ្ពោះទៅកាន់មូលដ្ឋាន

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានា ក្នុងខេត្តមណ្ឌលគិរី។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីមូលដ្ឋានប្រមាណ ៥០០នាក់។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នេះគឺជាផ្នែកមួយនៃ «ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន» ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។ រហូតមកដល់ពេលនេះ សម្តេចតេជោបានចុះជួបសំណេះសំណាលនៅរាជធានី-ខេត្តចំនួន ១៩ រួចមកហើយ ដើម្បីស្តាប់ពីបញ្ហាប្រឈម និងជំរុញប្រសិទ្ធភាពការងារនៅថ្នាក់មូលដ្ឋាន។

សម្តេចតេជោបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ឱ្យបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ព្រមទាំងការដោះស្រាយក្តីកង្វល់របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ លើសពីនេះ សម្តេចបានសង្កត់ធ្ងន់លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា ការការពារធនធានធម្មជាតិ និងការពង្រឹងការគ្រប់គ្រងរដ្ឋបាលនៅតាមមូលដ្ឋាន៕

Share this: Help us reach 1,000 shares!
Scroll to Top