ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតថ្វាយ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាដូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋនៃប្រទេសប្រ៊ុយណេដារូស្សាឡាម ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨០ព្រះវស្សា របស់ព្រះអង្គ។
ក្នុងសារលិខិតនោះ សម្តេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត និងសូមថ្វាយព្រះពរជ័យអស់ពីដួងចិត្ត ព្រមទាំងបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រះរាជកិច្ចដឹកនាំដ៏ឈ្លាសវៃ និងការលះបង់ពេញមួយជីវិតរបស់ព្រះអង្គ ដើម្បីសុខុមាលភាព វិបុលភាព និងសុខដុមរមនារបស់ប្រទេស និងប្រជាជនប្រ៊ុយណេ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ព្រះរាជវិភាគទានដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ បានលើកកម្ពស់កិត្យានុភាពរបស់ប្រទេសប្រ៊ុយណេនៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ព្រះរាជសកម្មភាពខិតខំប្រឹងប្រែងរបស់ព្រះអង្គ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ប្រកបដោយផ្លែផ្ការវាងប្រទេស និងប្រជាជនទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយព្រះអង្គ ដើម្បីបន្តពង្រឹងមិត្តភាព និងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត សម្រាប់ផលប្រយោជន៍ទៅវិញទៅមក និងបានថ្វាយព្រះពរជ័យជូនព្រះចៅស៊ុលតង់ សូមមានព្រះសុខភាពល្អបរិបូរ ព្រះជន្មាយុយឺនយូរ និងទទួលបានជោគជ័យជានិរន្តរ៍ក្នុងការបំពេញព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម៕