ភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ឌៀវ យុនហ្វេង (Diao Yunfeng) អនុប្រធានក្រុមហ៊ុន Haier Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបនោះ លោកអនុប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន សម្តេចធិបតី ពីវឌ្ឍនភាពអាជីវកម្មរបស់ Haier Group ដែលជាក្រុមហ៊ុនឈានមុខគេលើសកលលោក ក្នុងការផលិតឧបករណ៍សម្រាប់ការរស់នៅឆ្លាតវៃ និងបរិវត្តកម្មឌីជីថល ដោយបច្ចុប្បន្នមានប្រតិបត្តិការជាង ៦០ប្រទេស និងមានអ្នកប្រើប្រាស់ប្រមាណ ៤៤លាននាក់។ ជាមួយគ្នានេះ លោកបានប្រកាសពីផែនការវិនិយោគថ្មី ដោយក្រុមហ៊ុនបានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា ក្នុងគោលបំណងផ្តល់នូវឧបករណ៍អេឡិចត្រូនិកដែលមានតម្លៃសមរម្យ ជូនដល់សិស្ស-និស្សិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រីកការប្រើប្រាស់សម្ភារៈឌីជីថល និងការសិក្សាពីចម្ងាយ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការអបអរសាទរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន និងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងផ្តល់គោលនយោបាយលើកទឹកចិត្តជាច្រើន ដើម្បីគាំទ្រដល់ក្រុមហ៊ុនវិវិយោគ។ សម្តេចធិបតី បានវាយតម្លៃខ្ពស់ និងសម្តែងការស្វាគមន៍យ៉ាងខ្លាំងចំពោះគម្រោងផលិតថេប្លេតតម្លៃសមរម្យនេះ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ បន្ថែមលើនេះ សម្តេចបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយដៃគូក្នុងស្រុក និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាប់យកអត្ថប្រយោជន៍ពីគោលនយោបាយលើកទឹកចិត្តនានា ក្នុងការជំរុញ និងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា៕